ការយល់ព្រមរបស់អាជ្ញាធរដោះលែងអ្នកភូមិទាំងនោះ បន្ទាប់ពីមានប្រធានសមាគមសិទ្ធិមនុស្សលីកាដូ (Licadho) អមដោយប្រធានអង្គការមួយចំនួនទៀត បានធ្វើអន្តរាគមន៍ និងដោយសារអ្នកភូមិទាំង ៨នាក់នោះយល់ព្រមចុះកិច្ចសន្យាបង្អាក់សកម្មភាពរបស់ខ្លួនជាបណ្ដោះអាសន្ន រហូតកិច្ចប្រជុំអាស៊ាន ចប់សព្វគ្រប់។
ការចាប់ខ្លួនអ្នកភូមិទាំង ៨នាក់នោះ ជាប់ពាក់ព័ន្ធនឹងការគូររូបលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងសរសេរអក្សរជាភាសាអង់គ្លេសថាអេស.អូ.អេស (SOS) ដែលមានន័យថា "សូមជួយសង្គ្រោះខ្ញុំផង" នៅលើដំបូលផ្ទះ។ ទោះយ៉ាងណា ការចាប់ខ្លួននេះ ត្រូវអង្គការសង្គមស៊ីវិលរិះគន់ថា ជាអំពើរំលោភសិទ្ធិមនុស្ស។
ការដោះលែងប្រកបដោយលក្ខខណ្ឌ និងកិច្ចសន្យាមួយរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើឡើងបន្ទាប់ពីមានមន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សចូលសម្របសម្រួលសុំឲ្យមានការយោគយល់ដល់អ្នកភូមិទាំងនោះ។
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ អ្នកស្រី ពុង ឈីវកេក រួមជាមួយនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ បានចុះដល់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចរចាសុំកុំឲ្យមានការឃុំខ្លួនអ្នកភូមិទាំងនោះ។
អ្នកស្រី ពុង ឈីវកេក មានប្រសាសន៍ថា អាជ្ញាធរបានយល់ព្រមដោះលែងអ្នកភូមិទាំងនោះ បន្ទាប់ពីអ្នកស្រីបានព្យាយាមពន្យល់អាជ្ញាធរពីហេតុផលផ្សេងៗ និងផលវិបាកមួយចំនួន ដែលអាចកើតមានដល់ក្រុមគ្រួសារអ្នកភូមិទាំងនោះ ព្រោះអ្នកខ្លះមានកូនខ្ចីនៅក្នុងបន្ទុក។ រីឯអ្នកខ្លះទៀត ត្រូវត្រឡប់ទៅរកស៊ីចិញ្ចឹមកូន ៤ ឬ៥នាក់ ដែលនៅក្នុងបន្ទុកថែមទៀត។ អ្នកស្រីថ្លែងបន្ថែមថា ដំណឹងនៃការចាប់ខ្លួនពលរដ្ឋទាំង ៨នាក់ ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមសង្គមស៊ីវិល។ អ្នកស្រីបន្តថា សកម្មភាពរបស់អ្នកភូមិដែលបានប្រព្រឹត្តនោះ វាពុំមែនជាកំហុសធ្ងន់ធ្ងរនោះឡើយ។ ម្យ៉ាងទៀត អ្នកស្រីបញ្ជាក់ថា ការតុបតែងផ្ទះសម្បែងឲ្យមានបែបបទផ្សេងៗ វាជាសិទ្ធិរបស់ម្ចាស់ផ្ទះ ដែលពួកគាត់អាចរៀបចំផ្ទះរបស់ខ្លួនទៅតាមចំណង់រៀងៗខ្លួន។ តែទោះយ៉ាងណា អ្នកស្រីប្រាប់ថា អាជ្ញាធរក៏បានលើកឡើងនូវហេតុផលរបស់ខ្លួន ចំពោះការចាប់អ្នកភូមិទាំងនោះផងដែរ ដោយគេអះអាងថា គ្រប់សកម្មភាពមិនប្រក្រតីដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រជុំអាស៊ាន គេចាំបាច់ត្រូវចាត់វិធានការ ដើម្បីរៀបចំឲ្យមានសណ្ដាប់ធ្នាប់។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកស្រី ភួង សុភាព មានប្រសាសន៍ថា ការបិទរូបប្រធានាធិបតីសហរដ្ឋអាមេរិក និងសរសេរអក្សរជាភាសាអង់គ្លេស SOS នេះ គឺចង់បង្ហាញដល់មេដឹកនាំលើពិភពលោកដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដឹងឮពីទុក្ខសោកនៃបញ្ហាដីធ្លី និងលំនៅឋានរបស់ពួកគាត់ ដែលអាជ្ញាធរប៉ុនប៉ងរុះរើផ្ទះរបស់ពួកគាត់ដោយឥតផ្ដល់សំណង។
កាលពីថ្ងៃទី១៥ វិច្ឆិកា នៅវេលាម៉ោងជាង ៨ព្រឹក កម្លាំងសមត្ថកិច្ចប្រមាណ ៥០នាក់ ប្រដាប់ដោយអាវុធ ឃាត់ខ្លួនម្ចាស់ផ្ទះ និងអ្នកជួលផ្ទះទាំងឡាយណាដែលគូររូបលោក បារ៉ាក់ អូបាម៉ា និងសរសេរអក្សរជាភាសាអង់គ្លេសថា SOS នៅលើដំបូលផ្ទះ បញ្ជូនទៅអធិការខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកភូមិអះអាងថា កម្លាំងសមត្ថកិច្ចបានចុះដល់ភូមិថ្មគោល ហើយមិនបានបង្ហាញដីកា ឬបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួនអ្នកភូមិនោះឡើយ។ កងកម្លាំងទាំងនោះគ្រាន់តែសួររកអ្នកណាជាអ្នកដឹកនាំឲ្យអ្នកភូមិសរសេរអក្សរ SOS និងបិទរូបលោក បារ៉ាក់ អូបាម៉ា លើដំបូលផ្ទះ។ បន្ទាប់ពីអ្នកភូមិបានប្រាប់ពីអត្តសញ្ញាណអ្នកសរសេរនោះរួចហើយ សមត្ថកិច្ចបានបញ្ជាឲ្យអ្នកភូមិទាំងនោះទៅអង្គុយមួយកន្លែង និងចាប់ខ្លួនអ្នកភូមិតែម្ដង។
ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនអ្នកភូមិមិនយូរប៉ុន្មាន ក្រុមអង្គការការពារសិទ្ធិមនុស្សជាតិសំខាន់ៗមួយចំនួន រួមមានអង្គការការពារសិទ្ធិមនុស្សលីកាដូ អាដហុក អង្គការសមធម៌កម្ពុជា ក្រុមការងារពិសេសសិទ្ធិលំនៅឋាន មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងសមាគមធាងត្នោត រួមទាំងការិយាល័យឧត្តមស្នងការការពារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក៏បានចុះដល់ភូមិថ្មគោល និងសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីតាមដាន ព្រមទាំងឃ្លាំមើលការចាប់ខ្លួននេះដែរ។
មន្ត្រីនៃក្រុមសិទ្ធិមនុស្ស បានអះអាងថា ចំណាត់ការរបស់អាជ្ញាធរទៅលើអ្នកភូមិនេះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
អ្នកភូមិថ្មគោល ១៨០គ្រួសារ ដែលស្ថិតនៅជាប់របងព្រលានយន្តហោះភ្នំពេញអន្តរជាតិ ជាភូមិមួយដែលអាជ្ញាធរបានជូនដំណឹងពីការរុះរើផ្ទះរបស់ពួកគាត់ ដោយមិនផ្ដល់សំណង ដើម្បីពង្រីកព្រលានយន្តហោះ ប៉ុន្តែនៅពេលអ្នកភូមិបានទទួលដំណឹងនោះ ពួកគាត់បានក្រោកឡើងដើម្បីតវ៉ាប្រឆាំងនឹងសេចក្ដីជូនដំណឹង តាមរយៈការដាក់ពាក្យបណ្ដឹងផ្សេងៗទៅអង្គការសង្គមស៊ីវិល ក្នុងបំណងជួយធ្វើអន្តរាគមន៍លើចំណាត់ការរបស់អាជ្ញាធរនេះ។ ដោយឡែក អ្នកភូមិអះអាងថា ការបិទរូបប្រធានាធិបតីសហរដ្ឋអាមេរិក និងសរសេរអក្សរ SOS គឺពួកគាត់ប្រាថ្នាឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក មើលឃើញ ហើយជួយសង្គ្រោះពួកគាត់ឲ្យគេចផុតពីការរងគ្រោះដោយសារបញ្ហាដីធ្លី។
អ្នកភូមិចំនួន ៨នាក់ ដែលត្រូវកងកម្លាំងសមត្ថកិច្ចចាប់ខ្លួន រួមមានអ្នកស្រី ភួង សុភាព អ្នកស្រី ច្រាយ នីម អ្នកស្រី យន់ សុវណ្ណ លោក អ៊ុន សុខនី អ្នកស្រី គីម លាង អ្នកស្រី ខៀវ សារី លោក ស៊ឹម ផលសុគុន្ធី អ្នកស្រី អ៊ុន ស្រីម៉ាច ហៅ ស៊ីណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។