មេធាវីការពារក្ដីឲ្យកុមាររងគ្រោះកម្ពុជា ចំនួន១៩នាក់ ដែលរងការជួញដូរផ្លូវភេទ និងអំពើអាស ដោយមហាសេដ្ឋីជនជាតិរុស្សីម្នាក់ ឈ្មោះលោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ (Alexander Trofimov) បានឲ្យដឹងថា លោកស្រីគ្រោងនឹងប្ដឹងសាទុក្ខទៅតុលាការកំពូលទៀត នៅពាក់កណ្ដាលខែកញ្ញា ដើម្បីជំទាស់នឹងសាលដីការបស់សាលាឧទ្ធរណ៍ ដែលបានសម្រេចបន្ធូរបន្ថយទោសជនជាប់ចោទពីទោស ១៧ឆ្នាំ ឲ្យមកទទួលទោសត្រឹមតែ ៨ឆ្នាំវិញ។
សាលាឧទ្ធរណ៍បានសម្រេចបន្ថយទោសនេះ កាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅថ្មីៗនេះ។ តុលាការក្រុងភ្នំពេញ កាលពីខែមីនា ឆ្នាំ២០០៨ កន្លងទៅ បានកាត់ទោសឲ្យលោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ ជាប់គុក១៧ឆ្នាំ ក្រោមបទចោទថា លោកបានប្រព្រឹត្តិខុសចំនួន ៣ករណី ទី១ អំពើអាស បៀតបៀនកេរខ្មាស ទី២ ទិញពេស្យាចារលើកុមារ និងទី៣ រួមភេទជាមួយកុមារក្រោមអាយុ១៨ឆ្នាំ។
មេធាវីការពារក្តីឲ្យកុមាររងគ្រោះ ចំនួន១៩នាក់ គឺលោកស្រី ប៉េង ម៉ាណែត ជាមេធាវីរបស់អង្គការឈ្មោះសកម្មភាពដើម្បីកុមារ (Action Pour Les Enfant) បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែកញ្ញាថា គ្រួសាររបស់កុមាររងគ្រោះ មិនពេញចិត្តនឹងការសម្រេចបន្ថយទោសដូច្នេះទេ ៖ «ជួបជាមួយជនរងគ្រោះមួយចំនួន គាត់អត់សូវពេញចិត្តជាមួយនឹងការដាក់ទណ្ឌកម្មហ្នឹង ក៏ដូចជាសំណង គឺក្នុងកម្រិតមួយទាបខ្លាំងពេក។ ម្នាក់ៗ (ជនរងគ្រោះ ១៩នាក់ ទទួលបាន៥លានរៀល) ប៉ុន្តែគឺការសងរួមគ្នា មានន័យថា ជនជាប់ចោទ ដែលពាក់ព័ន្ធផ្សេងទៀត គឺរួមគ្នាសង»។
មហាសេដ្ឋីជនជាតិរុស្ស៊ី លោក អាទ្បិចសិនឌឺ ត្រូវហ្វីម៉ូវ អាយុ៤៣ឆ្នាំ កំពុងតែជាប់ឃុំខ្លួននៅក្នុងគុក ខេត្តព្រះសីហនុ។
មេធាវីការពារក្ដីឲ្យលោក អាទ្បិចសិនឌឺ ត្រូវហ្វីម៉ូវ គឺលោក ជា ហៃ បានមានប្រសាសន៍ថា ការបន្ធូរបន្ថយទោសតាមសំណើរបស់លោកខាងលើនេះ គឺយុត្តិធម៌សម្រាប់កូនក្តីរបស់លោក។
លោកបានបន្តថា លោកនឹងប្ដឹងសាទុក្ខផងដែរ ទៅតុលាការកំពូល នៅពាក់កណ្តាលខែកញ្ញានេះ ដើម្បីជំទាស់នឹងការទាមទារប្រាក់សំណងជំងឺចិត្តពីកូនក្តីរបស់លោកច្រើនពេក ៖ «ចំពោះបញ្ហាសំណង មានន័យថា បើសិនណាយើងប្ដឹងសារទុក្ខទៅលើសំណង គឺវាច្រើនហើយ។ បើវាតិច មានន័យថា យើងមិនអាចប្តឹងសារទុក្ខបានទេ»។
លោក អាទ្បិចសិនឌឺ ត្រូវហ្វីម៉ូវ ត្រូវចាប់ខ្លួនកាលពីឆ្នាំ២០០៨ កន្លងទៅ ដោយសមត្ថកិច្ចនគរបាលកម្ពុជា នៅក្នុងខេត្តព្រះសីហនុ ដោយមានភស្តុតាង និងជនរងគ្រោះជាសាក្សី។
លោកបានចុះហត្ថលេខាលើគម្រោងវិនិយោគទុនធំមួយនៅកម្ពុជា មានទឹកប្រាក់ចំនួន ៣០០លានដុល្លារអាមេរិក កាលពីឆ្នាំ២០០៦ កន្លងទៅ ដើម្បីធ្វើការអភិវឌ្ឍនៅលើកោះពស់ នៅក្នុងខេត្តព្រះសីហនុ៕
