តំណាង​ពលរដ្ឋ​នៅ​បឹង​កក់​គ្រោង​ទៅ​តវ៉ា​ដល់​ផ្ទះ​នាយក​រដ្ឋមន្ត្រី

តំណាង​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​បឹង​កក់ បាន​ចូល​ទៅ​ចរចា​ជាមួយ​នឹង​តំណាង​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​តំណាង​ក្រុមហ៊ុន​ជា​ថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​ទី​៥ កញ្ញា​នេះ ប៉ុន្តែ​មិន​បាន​លទ្ធផល​អ្វី​ច្បាស់លាស់​នៅ​ឡើយ​ទេ ហើយ​ពួក​គាត់​គ្រោង​នឹង​ឡើង​ទៅ​ធ្វើការ​តវ៉ា​នៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

0:00 / 0:00

នៅ​ថ្ងៃ​ទី​៥ កញ្ញា​នេះ បន្ទាប់ពី​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​បាន​ទៅ​ជួប​ចរចា​ជាមួយនឹង​អភិបាល​ខណ្ឌ​ដូនពេញ តំណាង​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន តំណាង​សាលា​ក្រុង​ភ្នំពេញ នៅ​ទីស្នាក់ការ​នោះ អ្នកស្រី បេ ផារុំ បាន​ឲ្យ​ដឹង​ថា​អភិបាល​ខណ្ឌ​ដូនពេញ​បាន​យក​សំ​ណើ​របស់​ពួក​គាត់​ទៅ​ថ្នាក់​លើ​ដើម្បី​ដោះស្រាយ ហើយ​ពួក​គេ​នឹង​ទទួល​ខុស​ត្រូវ​ប្រសិនបើ​មាន​ការស្រុត​បាក់​ផ្ទះ​របស់​ពលរដ្ឋ​ក្នុង​អំឡុងពេល​ដែល​បូម​ខ្សាច់​នោះ។

អ្នកស្រី បេ ផារុំ បាន​ឲ្យ​ដឹង​ថា ៖ «ពួក​គេ​នឹង​យក​ពាក្យ​ហ្នឹង​ទៅ​ពិភាក្សា​ខាង​លើ អត់​ដោះស្រាយ​ខ្ញុំ​ទៅ​សម្ដេច ហ៊ុន សែន ទៀត»

តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​ដែល​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​គណៈកម្មាធិការ​អភិវឌ្ឍន៍​បឹង​កក់ បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​តវ៉ា​សុំ​ឲ្យ​បញ្ឈប់​ការបូម​ខ្សាច់​ដាក់​បឹង​ជា​បណ្តោះអាស្នន​សិន និង​សុំ​ឲ្យ​ក្រុមហ៊ុន​មក​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ តម្លៃ​១​ម៉ែត្រ​ការ៉េ ១៦០០​ដុល្លារ​សហរដ្ឋ​អាមេរិក។

តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ៖ «តវ៉ា​សុំ​ឲ្យ​បាន​ថ្លៃ ព្រោះ​កាលណា​ខ្ញុំ​ចេញ​ពី​នេះ​ទៅ​ខ្ញុំ​មិន​អាច​យក​លុយ ៨៥០០ (ដុល្លា) ទៅ​ទិញ​ផ្ទះ​បាន​នៅ។ ឥឡូវ​ផ្ទះ​ខ្ញុំ​រាន​បាយ​ចាប់ផ្ដើម​លិច​ម្ដង​បន្តិចៗ​ហើយ ពិបាក​ណាស់​ខ្លាច​កូន​ចៅ​លង់​ទឹក...»

នៅ​កន្លែង​តវ៉ា​នោះ​ដែរ​អ្នក​សារព័ត៌មាន​បាន​ព្យាយាម​ទៅ​ជួប​តំណាង​ក្រុមហ៊ុន និង​អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ សម្បត្តិ ប៉ុន្តែ​ត្រូវ​ក្រុម​ប៉េអឹម​រារាំ​មិន​ឲ្យ​ចូល​ជួប។

ប៉ុន្តែ​បើ​តាម​ចៅសង្កាត់​រង សង្កាត់​ស្រះចក អ្នកស្រី អ៊ិន សាផន បាន​ប្រាប់​ប្រជាពលរដ្ឋ​នៅ​កន្លែង​តវ៉ា​ថា នៅ​ទីស្នាក់ការ​នេះ​មិន​អាច​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​បាន​ទេ។

អ្នកស្រី អ៊ិន សាផន បាន​មាន​ប្រសាសន៍​ថា ៖ «កន្លែង​អត់​អ្នក​ដោះស្រាយ​អា​ហ្នឹង​ទេ ហើយ​បើ​មក​ទាំង​ទ័ព​អ៊ីចឹង​ដោះ​មិន​ចេញ​ទេ មុខ​ជា​ឈរ​ក្ដៅ​ងាប់​ហើយ...»

សូម​ជម្រាប​ថា​នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ប្រជាពលរដ្ឋ​នៅតំបន់​បឹង​កក់​ឡើង​តវ៉ា​ជាមួយ​នឹង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​និង​ក្រុមហ៊ុន ដើម្ប​ទាមទារ​ឲ្យ​បញ្ឈប់​ការបូម​ខ្សាច់​ដាក់​បឹង និង​បង់​សំណង​ដល់​ពួក​គាត់​ឲ្យ​បាន​សមរម្យ​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន។

សូម​ជម្រាប​ដែរ​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន ធ្វើការ​អភិវឌ្ឍន៍​បឹង​កក់​សម្រាប់​រយៈពេល​៩៩​ឆ្នាំ លើ​ផ្ទៃ​ដី​ចំនួន​១៣៣​ហិកតារ ក្នុង​ទឹក​ប្រាក់​ប្រមាណ​៧៩​លាន​ដុល្លារ ដែល​ការអនុញ្ញាត​នេះ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ថា បាន​រំលោភ​លើ​ច្បាប់​ភូមិ​បាល ឆ្នាំ​២០០១ ដែល​ថា​ការប្រគល់​បឹង​ដែល​ជា​កម្មសិទ្ធិ​រដ្ឋ​ទៅ​ឲ្យ​ឯកជន គឺ​មិន​ត្រូវ​ហួស​ពី​១៥​ឆ្នាំ​ឡើយ។

ក្រុម​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ការអភិវឌ្ឍ​នេះ​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​បរិស្ថាន និង​ប្រជាពលរដ្ឋ​ប្រមាណ​៤​ពាន់​គ្រួសារ​ដែល​រស់​នៅ​ជុំវិញ​បឹង​នេះ៕