សកម្មភាពនេះបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកចំពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ ។
លោក អ៊ុច សេរីយុទ្ធ បានមានប្រសាសន៍ថាក្រុមការងារគណបក្សប្រជាជនក្នុងឃុំស្រម៉ បានដើរឡើងគ្រប់ផ្ទះធ្វើសកម្មភាពឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតនោះដោយស្ងប់ស្ងាត់ និងគំរាមប្រជាពលរដ្ឋត្រូវតែគូសឲ្យបានដូចគ្នានៅថ្ងៃបោះឆ្នោត ។
លោក អ៊ុច សេរីយុទ្ធ បានឲ្យដឹងថា ៖ «...ដែលដឹកនាំដោយក្រុមការងារគណបក្សប្រជាជនបានធ្វើការគំរាមកំហែងឲ្យប្រជាពលរដ្ឋគូស...» ។
ប្រជាពលរដ្ឋឈ្មោះ រិទ្ធ បានមានប្រសាសន៍ថាសកម្មជនគណបក្សប្រជាជនក្នុងភូមិរបស់លោកបានដើរបង្ខំប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ កុំបោះឆ្នោតឲ្យគណបក្សផ្សេង ។
លោក រិទ្ធ បានបញ្ជាក់ថា ៖ «គេគំរាមកំហែងថាប្រជាពលរដ្ឋត្រូវតែបោះឆ្នោតឲ្យគណបក្សគេ ។ រួចគេជេរថាសុទ្ធតែអាឆ្កួតឯណាឯណី មិនដឹងអី មិនដឹងថារស់ដោយសារអ្នកណា ? រស់ដោយសារយួនហើយទៅបោះឆ្នោតឲ្យអ្នកណាទៀត» ។
ប្រជាពលរដ្ឋនៅឃុំស្រម៉ដែរនោះ ឈ្មោះ គង់ ណែង បានបញ្ជាក់ថាសកម្មជនគណបក្សប្រជាជនបានដាក់កំណត់ក្នុងផ្ទះនីមួយៗត្រូវតែគូសនូវសន្លឹកឆ្នោតនោះ ៖ «គណបក្សប្រជាជនគេហៅប្រជាពលរដ្ឋក្នុងមួយផ្ទះមាន៥នាក់ ឲ្យគូសចំៗអាលេខ៤ហ្នឹង» ។
លោកមេឃុំស្រម៉ស្តីទី ឈ្មោះ អ៊ួង ផេង បានបដិសេធនូវការចោទប្រកាន់ខាងលើថាករណីនោះពុំកើតមាននៅក្នុងឃុំរបស់លោកនោះទេ ។
អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានមានប្រសាសន៍ថា ចំពោះករណីឲ្យគូសសាកល្បងលើសន្លឹកឆ្នោតដែលរៀបចំឡើងដោយគណបក្សនយោបាយនោះ លោកបានដឹងដែរប៉ុន្តែមិនមែនមានតែគណបក្សប្រជាជននោះទេ គឺគណបក្សផ្សេងៗទៀតក៏ធ្វើទង្វើដូច្នោះដែរ ។
មន្រ្តីសម្របសម្រួលអង្គការខុមហ្វ្រែល លោក នាង សូវ៉ាត បានមានប្រសាសន៍ថាប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសគណបក្សណាមួយដែលខ្លួនពេញចិត្ត ហើយយោងតាមច្បាប់បោះឆ្នោតមិនអាចបុគ្គលណាមួយទៅបង្ខំប្រជាពលរដ្ឋឲ្យបោះឆ្នោតជូនគណបក្សខ្លួនបាននោះទេ ។
លោក នាង សូវ៉ាត បានមានប្រសាសន៍ថា ៖ «ព្រោះយើងដឹងហើយថាការបោះឆ្នោតដោយសេរីមានន័យថាវាជាសេរីភាពរបស់ប្រជាពលរដ្ឋថាគេចង់បោះឲ្យអ្នកណាគេចង់គូសគេមិនចង់គូសគេចង់និយាយគេមិនចង់និយាយ ហើយបើគេនិយាយមិនត្រូវហាមឃាត់គេ អាហ្នឹងវាជាសេរីភាពដែលច្បាប់បានអនុញ្ញាត» ។
សូមបញ្ជាក់ថានេះជាការចោទប្រកាន់លើកទីពីរហើយរបស់គណបក្សសមរង្ស៊ីចំពោះសកម្មជនគណបក្សប្រជាជនកម្ពុជា អំពីទង្វើដើរតាមផ្ទះឲ្យប្រជាពលរដ្ឋគូសលើសន្លឹកឆ្នោតសាកល្បងដែលរៀបចំដោយគណបក្សប្រជាជននោះ ដោយលើកទី១កាលពីខែមិថុនានៅក្នុងស្រុកត្បូងឃ្មុំ ៕
