តំណាង​បក្ស​ប្រជាជន​នៅ​ក្រចេះ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ប្រធាន​បក្ស​ប្រឆាំង

តំណាង​គណបក្ស​ប្រជាជន​ខែត្រ​ក្រចេះ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខែត្រ (PEC) ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ថា មិន​គោរព​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ ។

តំណាង​គណបក្ស​ប្រជាជន​ឃុំ​ក្រចេះ ស្រុក​ក្រចេះ គឺ​លោក សៅ សារ៉ាត់ បាន​ប្ដឹង​ចោទ​ប្រកាន់​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ថា លោក​បាន​ឃោសនា​នៅ​សួន​កុមារ​ដោយ​ចោទ​ប្រកាន់​ថា មេ​ដឹកនាំ​សព្វថ្ងៃ​ជា​ចោរ​លួច​ជាតិ ដែល​បញ្ហា​នេះ​លោក សៅ សារ៉ាត់ បាន​ទាមទារ​ឲ្យ​រក​ភស្តុតាង ។

លោក សៅ សារ៉ាត់ បាន​ឲ្យ​ដឹង​ថា ៖ «ជា​ការប្រមាថ​មើលងាយ​គណបក្ស​ប្រជាជន សុទ្ធតែ​បាន​លួច​ជាតិ ម៉្លោះ​ហើយ​ឲ្យ​គាត់​រក​ភស្តុតាង​លួច​ជាតិ​ឯណា ? នៅ​កន្លែង​ណា ?»

ការប្ដឹង​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​លោក សម រង្ស៊ី ប្រតិកម្ម​តប​ថា​លោក​ឥត​មាន​ចោទ​ចំ​ឈ្មោះ​អ្នក​ណា​ឡើយ ៖ «ខ្ញុំ​អត់​បាន​ចេញ​ឈ្មោះ​បុគ្គល​ណា​ទាំងអស់ ។ ខ្ញុំ​គ្រាន់តែ​បាន​លើក​ពី​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ Global Witness គេ​បាន​ចោទ​ប្រកាន់​អ្នក​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​ថា​ជា​ចោរ​លួច​ជាតិ ចេញ​ទាំង​ឈ្មោះ​ចេញ​ទាំង​រូបថត ។ ហើយ​ចង់​ទៅ​រក​រឿង​អ្នក​ណា​ទៅ​រក​រឿង​អង្គការ​អន្តរជាតិ​ដ៏​ល្បីល្បាញ​មួយ​ទៅ​បាទ»

សូម​ជម្រាប​ថា​កាលពី​ថ្ងៃ​ទី​១ កក្កដា លោក សម រង្ស៊ី បាន​ឃោសនា​ប្រាប់​ប្រជាពលរដ្ឋ​និង​អ្នក​គាំទ្រ​គណបក្ស​សមរង្ស៊ី​ប្រមាណ​៣០០​នាក់​ដែល​បាន​ចូលរួម​ដោយ​បាន​លើក​ពី​របាយការណ៍​របស់ Global Witness ថា​ប្រជាពលរដ្ឋ​ខ្មែរ​ក្រ​ដោយសារ​មេ​ដឹកនាំ​ពុករលួយ​និង​លួច​ជាតិ ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​អន្តរជាតិ​មួយ​ដ៏​ល្បីល្បាញ ឈ្មោះ Global Witness គេ​សន្និដ្ឋាន​ថា​ប្រជាជន​ខ្មែរ​ភាគច្រើន​ក្រ​ដោយសារ​មេ​ដឹកនាំ​សព្វថ្ងៃ​ជា​ចោរ​លួច​ជាតិ មិន​មែន​ខ្ញុំ សម រង្ស៊ី អ្នក​ថា​ទេ​ណា៎ គឺ​អង្គការ​ឈ្មោះ Global Witness នេះ គេ​ចេញ​ឈ្មោះ​ចោរ​លួច​ជាតិ គេ​យក​រូបថត​ចោរ​លួច​ជាតិ សែ​ស្រឡាយ​ចោរ​លួច​ជាតិ​យក​មក​ចុះផ្សាយ ។ ប៉ុន្តែ​ខ្ញុំ​ឃើញ​ស្លាក​ធំៗ​គេ​លើក​តាម​ផ្លូវ​រូប​ប្រុស​៣​នាក់ ខ្ញុំ​ឃើញ​ថា ហ្នឹង​ហើយ​៣​នាក់​ហ្នឹង​ដូច​បេះបិទ​ក្នុង​របាយការណ៍​ចោរ​លួច​ជាតិ ហើយ​ក្នុង​ចំណោម​ប្រុស​៣​នាក់​ហ្នឹង​អា​នៅ​កណ្ដាល​អា​ហ្នឹង​ខូច​ជាងគេ ប៉ុន្តែ​វា​អស់​លក្ខណ៍​ហើយ​បង​ប្អូន ។ សូម​បង​ប្អូន​កុំ​បោះ​ឆ្នោត​ឲ្យ​ចោរ...»

ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខែត្រ គឺ​លោក អ៊ុង ស៊ីយឿន ថ្ងៃ​នេះ​លោក​កំពុង​ជាប់​នៅ​ភ្នំពេញ តែ​លោក​បាន​ជម្រាប​ពី​ច្បាប់​បោះ​ឆ្នោត​ថា មាន​ការហាម​ឃោសនា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល ។

លោក អ៊ុង ស៊ីយឿន បាន​បញ្ជាក់​ថា ៖ «នៅ​ក្នុង​មាត្រា​ហ្នឹង​អ្វី​ដែល​ជា​ការប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​គឺ​ហាមប្រាម ហើយ​នៅ​មាន​ចំណុច​ផ្សេងៗ​ទៀត»

លោក អ៊ុង ស៊ីយឿន បាន​បញ្ជាក់​បន្ថែម​ថា​បណ្ដឹង​តាម​នីតិ​វិធី PEC អត់​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ លុះណា​តែ​មាន​បណ្ដឹង​ជំទាស់​នឹង​ការសម្រេច​របស់​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ (CEC) សិន ។

មន្ត្រី​ខុមហ្វ្រែល​ខែត្រ​ដែល​តាម​ឃ្លាំមើល​ការបោះ​ឆ្នោត​បាន​អះអាង​ថា មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​បាន​នៅ​ឡើយ​ដែរ ៕