មន្ត្រីគណបក្សសមរង្ស៊ីបានបញ្ជាក់ថាពាក្យគំរាមនោះគឺការនិយាយថា "អ្ហែងមកពីណាបានមកធ្វើការឃោសនានៅទីនេះ ?" ។
មន្ត្រីគណបក្សប្រជាជនកម្ពុជាម្នាក់នៅក្នុងខេត្តកំពតត្រូវខាតប្រាក់បង់ជំងឺចិត្តចំនួន៥សែនរៀល ដោយសារតែការនិយាយប្រមាណ១០ពាក្យដែលគេបានចោទថាជាពាក្យគំរាមនៅក្នុងពេលឃោសនាបោះឆ្នោត ។
មន្ត្រីគណបក្សសមរង្ស៊ី លោក ធន វុទ្ធី ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលំដាប់ទី១១ ខេត្តកំពត បានថ្លែងថារឿងហេតុនោះបានកើតឡើងកាលពីថ្ងៃទី២៧ មិថុនា ឆ្នាំ២០០៨ នៅគ្រាដែលក្រុមអ្នកគាំទ្រគណបក្សសមរង្ស៊ី កំពុងតែធ្វើការឃោសនានៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ។
មន្ត្រីគណបក្សសមរង្ស៊ីដដែលបាននិយាយថា លោកជំទប់ ណុប គង់ នៃឃុំស្រែក្នុង ស្រាប់តែជិះម៉ូតូមកដល់ទីកន្លែងកំពុងឃោសនានៅវេលាម៉ោងជិត៦ល្ងាច ហើយស្រែកជាពាក្យសម្តីប្រមាណ១០ម៉ាត់ ដែលគេបានចោទថាជាសម្តីគំរាមដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានហាមឃាត់ ។
លោក ធន វុទ្ធី បានឲ្យដឹងថា ៖ «នៅពេលដែលគណបក្សកំពុងធ្វើការឃោសនានៅតាមកម្មវិធីដែល CEC (គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត) បានដាក់កំណត់នោះ លោក ណុប គង់ គាត់ជិះម៉ូតូពីសាលាឃុំ ទៅដល់ស្រែកសំដៅទៅក្រុមឃោសនាខាងគណបក្សសមរង្ស៊ីថា "ម៉េចអ្ហែងមកពីណាមកឃោសនានៅទីនេះ ?" ។ គាត់ស្រែកគំរាមដោយពាក្យសម្ដីតែប៉ុណ្ណឹង ហើយគាត់បានជិះម៉ូតូពីកន្លែងកើតហេតុហ្នឹងទៅតែម្ដងទៅ ។ ...ពួកយើងខ្ញុំកើតទុក្ខមិនសុខចិត្តនឹងការគំរាមកំហែងនេះបានសរសេរលិខិតជាផ្លូវការមក CEC» ។
បើយោងទៅតាមសេចក្តីរាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសេចក្តីរាយការណ៍បាននិយាយថា ករណីកើតឡើងនៅក្នុងភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគិរី គឺទាក់ទងនឹងការចាក់មេក្រូឮពេក ។
តាមគោលការណ៍កំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ភាសាគំរាមត្រូវគេហាមឃាត់មិនឲ្យនិយាយ ហើយបើជនណាត្រូវគេរកឃើញថា បានប្រើភាសាគំរាមនឹងត្រូវទទួលការផាកពិន័យ ។
មន្ត្រីគណបក្សសមរង្ស៊ីបាននិយាយថា មុននេះគេបានប្តឹងទារជំងឺចិត្តចំនួន២លានរៀល ប៉ុន្តែដោយសារតែជំទប់ឃុំអង្វរថា គាត់មានលុយតែ៥សែនរៀលទេ ។ នៅក្នុងការផ្សះផ្សាកាលពីម្សិលមិញដោយគណៈកម្មការរៀបចំការបោះឆ្នោតត្រឹមថ្នាក់ឃុំ មន្ត្រីគណបក្សសមរង្ស៊ីបានយល់ព្រមទទួលយកពាក្យសារភាពសុំទោសនិងប្រាក់ត្រឹម៥សែនរៀល ។
លោក ធន វុទ្ធី បានមានប្រសាសន៍ថា ៖ «ច្បាប់បោះឆ្នោតពី៥លានទៅ២៥លាន ដោយសារការអង្វរករទន់ជង្គង់របស់លោក ណុប គង់ ធ្វើឲ្យខ្ញុំមានការទន់ចិត្ត» ។
មន្ត្រីគណបក្សសមរង្ស៊ីបានថ្លែងថា តាមកិច្ចសន្យារបស់ជំទប់គណបក្សប្រជាជនកម្ពុជា ការបង់ប្រាក់៥សែនដល់មន្ត្រីគណបក្សសមរង្ស៊ីនឹងត្រូវធ្វើនៅថ្ងៃទី៦ កក្កដា ៕
