ផ្អែកតាមប្រភពបានឲ្យដឹងថា ប្រទេសនានាដែលនឹងមានការផ្លាស់ប្តូរឯកអគ្គរាជទូតកម្ពុជាថ្មីដើម្បីទៅជំនួសឯកអគ្គរាជទូតចាស់ដែលត្រូវចេញពីតំណែងនោះ មានដូចជាប្រទេសអាមេរិក ជប៉ុន អូស្រ្តាលី ភូមា ប៊្រុយណេ ម៉ាទ្បេស៊ី និងគូវ៉េត។
ភាគច្រើននៃឯកអគ្គរាជទូតកម្ពុជាដែលត្រូវចេញពីតំណែងនោះគឺជាឯកអគ្គរាជទូតខាងកូតាគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានស្ថិតក្នុងរដ្ឋាភិបាលចម្រុះ កាលពីអាណត្តិទី៣កន្លងទៅនេះ។
លោក ស៊ិន ប៊ុនធឿន មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «មន្ត្រីខ្លះ ទូតខ្លះ គាត់នៅខាងហ៊្វុនស៊ិនប៉ិច ប៉ុន្តែគាត់ត្រូវចប់អាណត្តិ»។
ផ្អែកតាមប្រភពបានឲ្យដឹងថា ឯកសារសម្រាប់ផ្លាស់ប្តូរឯកអគ្គរាជទូតកម្ពុជាចំនួន៧រូបខាងលើនេះ ត្រូវបានរៀបចំរួចរាល់អស់ហើយ រង់ចាំតែថ្វាយព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ទ្បាយព្រះហស្តលេខាជាចុងក្រោយតែប៉ុណ្ណោះ។
លោក លឺ ទ្បាយស្រេង អនុប្រធានទីមួយនៃគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ប្រតិកម្មថា សម្រាប់រដ្ឋាភិបាលថ្មីដែលគេនឹងបង្កើតនាពេលខាងមុខនេះ គឺអ្វីៗគឺជាកម្មសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់។ គណបក្សហ៊្វុនស៊ិនប៉ិចគ្មានកូតាឬភាគហ៊ុនអ្វីទេនៅក្នុងរដ្ឋាភិបាលនោះ។
លោក លឺ ទ្បាយស្រេង បានមានប្រសាសន៍ថា ៖ «វាអត់មានកូតាទៀតទេ យើងនិយាយពីរឿងកូតា ទាល់តែយើងទៅចរចាគ្នា ដូចថារកស៊ីចែកចំណេញគ្នា។ កូតាមានន័យថាឲ្យភាគរយ ហ៊្វុនស៊ិនប៉ិចប៉ុន្មានភាគរយ គណបក្សប្រជាជនប៉ុន្មានភាគរយ។ ឥឡូវគណបក្សប្រជាជនគេមិនត្រូវការភាគរយផង ពីព្រោះគេ Ownership ១០០% ទៅហើយ គេជាម្ចាស់ក្រុមហ៊ុន១០០%ហើយ។ ដូច្នេះកូតាអត់មានសុពលភាពទេឥឡូវនេះ»។
លោកបានឲ្យដឹងថា តាមរយៈការយោគយល់គ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចក្នុងការចងសម្ព័ន្ធភាពនៅក្នុងរដ្ឋាភិបាលចម្រុះកន្លងមកនោះ គណបក្សហ៊្វុនស៊ិនប៉ិចនឹងត្រូវបានទទួលតំណែងក្នុងរដ្ឋាភិបាលថ្មីខាងមុខនេះ គឺឧបនាយករដ្ឋមន្រ្តីមួយរូបគឺលោក ញឹក ប៊ុនឆៃ និងទេសរដ្ឋមន្រ្តីចំនួន៥រូបទៀតដែលតំណែងទាំងនោះគ្មានអំណាចអ្វីទាំងអស់។
ផែ្អកតាមគេហទំព័រ (Website) របស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ប្រទេសកម្ពុជាមានស្ថានទូតនិងស្ថានកុងស៊ុលនៅក្នុងប្រទេសចំនួន២៤ នៅក្នុងបណ្តាប្រទេសនានានៅលើពិភពលោកដែលភាគច្រើនឯកអគ្គរាជទូតកម្ពុជានោះ គឺមកពីខាងកូតាគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច៕
