ក្រសួង​ការបរទេស​កម្ពុជា​ឆ្លើយតប​ចំពោះ​ការតវ៉ា​របស់​ថៃ

ក្រសួង​ការបរទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា បាន​ធ្វើការ​ឆ្លើយ​តប​ជា​ផ្លូវការ​ចំពោះ​កំណត់​ទូត​ចំនួន​បី​របស់​ក្រសួង​ការបរទេស​ថៃ​ដែល​បាន​ផ្ញើ​មក​កម្ពុជា​ដោយ​បាន​ចោទ​ប្រកាន់​ថា កម្ពុជា​បាន​រំលោភ​លើ​បូរណភាព​ទឹក​ដី​របស់​ថៃ​នោះ។
ដោយ មណ្ឌលកែវ
2008.11.20
ទង់ជាតិ ទាហាន​ខ្មែរ​រៀបចំ​លើក​ទង់​បេតិកភណ្ឌ​ពិភពលោក នៅ​ឯ​ប្រាសាទ​ព្រះវិហារ​ក្នុង​ខែត្រ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ២០០៨។
AFP Photo

ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​បន្ទាប់​ពី​ការជួប​ជាមួយ​ឯកអគ្គរាជ​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​ថា ប្រទេស​ថៃ​ហាក់​កំពុង​បង្ក​បញ្ហា​ជាមួយ​កម្ពុជា​បន្ទា​ប់ពី​ការរារាំង​មិន​បាន​សម្រេច​នូវ​ការបញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

លោក ហោ ណាំហុង បន្ត​ថា រាល់​ការចោទ​ប្រកាន់​របស់​ប្រទេស​ថៃ​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ ៖ «យើង​ផ្អែក​លើ​ផែនទី​មួយ​ហាសិប​ពាន់​ដែល​ក្រុម​បច្ចេកទេស​កម្ពុជា​ថៃ​បាន​ប្រើប្រាស់​ដើម្បី​ទៅ​រក​បង្គោល​ព្រំដែន​ចំនួន​៧៣ នៅ​តាម​ព្រំដែន​កម្ពុជា យើង​ផ្អែក​លើ​ឯកសារ​ទាំងអស់​នេះ ហើយ​ប្រាប់​ថៃ​វិញ​ថា តំបន់​នោះ​គឺ​នៅ​ក្នុង​ទឹក​ដី​របស់​កម្ពុជា ហើយ​ក៏​យើង​បាន​ជម្រាប​ថៃ​ដែរ​ថា តំបន់​នេះ​គឺ​តាំងតែ​ពី​១៩០៧ ដែល​ពេល​ចាប់​ធ្វើ​ផែនទី​នោះ​មក​គឺ​យើង​បាន​គ្រប់គ្រង​តំបន់​នេះ​រហូត​មក... តាំងពី​ថ្ងៃ​១៥ កក្កដា ក្រោយ​ពេល​ប្រាសាទ​ព្រះវិហារ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក បាន​ថៃ​លើក​បញ្ហា​មួយ​ហើយ​មួយ​ទៀតៗ»

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ក្រសួង​ការបរទេស​ថៃ​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​មួយ​មក​ក្រសួង​ការបរទេស​កម្ពុជា​ដោយ​អះអាង​ថា សំណង់​មួយចំនួន​ដែល​សង់​នៅ​ប៉ោយប៉ែត​ក្បែរ​ព្រំដែន​កម្ពុជា​ថៃ​បាន​សង់​រំលោភ​ចូល​ទឹក​ដី​ថៃ។ ហើយ​នៅ​ថ្ងៃ​ទី​១២ និង ១៣ វិច្ឆិកា ថៃ​ក៏​បាន​ផ្ញើ​កំណត់​ទូត​ចំនួន​ពីរ​ទៀត​តវ៉ា​ចំពោះ​ការដោត​ទង់​ជាតិ​កម្ពុជា ទង់​សម្គាល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ទង់​យូណេស្កូ​នៅ​លើ​តំបន់​ប្រាសាទ​ព្រះវិហារ ព្រមទាំង​ការដង្ហែ​អង្គ​កឋិនទាន​ចូល​វត្ត​កែវសិក្ខាគិរីស្វៈរៈ​របស់​ពុទ្ធ​បរិស័ទ​ខ្មែរ។

លោក ហោ ណាំហុង បាន​ព្រមាន​ចំពោះ​ភាគី​ថៃ​ដែល​បាន​ធ្វើការ​តវ៉ា​ដោយ​គ្មាន​មូលដ្ឋាន​ដោយ​លោក​បាន​ចាត់ទុក​ទង្វើ​នេះ​ថា​ជា​សកម្មភាព​រំខាន​បរិយាកាស​ចរចា​នា​ពេល​ខាង​មុខ។

លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សូម​ជម្រាប ខ្ញុំ​មិន​យល់​ដែរ។ ថ្ងៃ​មិញ​នេះ​ខ្ញុំ​បាន​ប្រាប់​លោក​ឯកអគ្គរាជ​ទូត​ថៃ​ថា ក្រោយៗ​បើ​ថៃ​ចង់​ធ្វើ​លិខិត​មក​តវ៉ា​អ្វី​មួយ សូម​ថៃ​មើល​ឯកសារ​ផ្លូវ​ច្បាប់ មើល​ផែនទី​ឲ្យ​ច្បាស់លាស់ កុំ​ឲ្យ​យើង​ខាត​ពេល​នឹង​ឆ្លើយ​ទៅ​ថៃ ហ្នឹង​ទី​១។ ទី​២​ទៀត ដោយសារ​យើង​ប្ដេជ្ញា​ទាំង​សងខាង​ធ្វើការ​ចរចា​ដោយ​សន្តិវិធី​ដោយ​មិត្តភាព រក​ដំណោះស្រាយ​បញ្ហា​មិន​បាន យើង​ទុក​ឲ្យ​មាន​បរិយាកាស​ស្ងាត់ស្ងៀម​ស្រួល​ទៅ​ចរចា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី កុំ​ឲ្យ​តវ៉ា​ហើយ​តវ៉ា​ទៀត​ដោយ​អត់​មូលហេតុ មូលដ្ឋាន​អ្វី​ទាំងអស់»

យ៉ាង​ណា​ក៏​ដោយ​លោក​ឧប​នាយ​រដ្ឋមន្ត្រី ហោ ណាំហុង បាន​ចាត់ទុក​ជម្រើស​ប្តឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ​ថា​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​ថៃ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។