ជាមួយគ្នានេះកម្ពុជាក៏នៅជាប់ជំពាក់ប្រាក់ជាកម្ចីឥណទានពីស្ថាប័នអង្គការអន្តរជាតិជាច្រើនរយលានដុល្លារសហរដ្ឋអាមេរិកទៀតផងដែរ។ នេះបើតាមការថ្លែងឲ្យដឹងពីតំណាងរាស្ត្រមកពីគណបក្សជំទាស់និងគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ជាម យៀប ជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាថ្លែងគូសបញ្ជាក់អំពីចំនួនប្រាក់ដែលកម្ពុជាបានជំពាក់បរទេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ នាសម័យសាធារណរដ្ឋខ្មែររហូតមកទល់បច្ចុប្បន្នយ៉ាងដូច្នេះថា ៖ «ខ្ញុំសូមជម្រាបអ៊ីចេះ បំណុលហ្នឹងវាចេះតែបន្តគ្នានៅពេលដែលរាជរដ្ឋាភិបាលឬរដ្ឋាភិបាលនីមួយៗបានបន្តនិរន្តរភាព...។ អ៊ីចឹងគឺថាវាមានបន្តៗមក យើងមិនអាចដឹងថា ក្នុងរបបណាប៉ុន្មានៗទេ ប៉ុន្តែគ្រាន់តែថាមកទល់ពេលដែលយើងបានដឹងចុងក្រោយនេះគឺថា យើងនៅសល់ជំពាក់សហរដ្ឋអាមេរិកជាង៣០០លានដុល្លារសហរដ្ឋអាមេរិក ហើយជំពាក់អតីតសហភាពសូវៀតជាសហព័ន្ធរុស្ស៊ីបច្ចុប្បន្ននេះ ១៥០០ ហើយជំពាក់ចិនជាប់ជិត ៥០០ ប៉ុន្តែចិនឥឡូវនេះគេថាគេមិនទារយើង»។
ជាមួយគ្នានេះ លោកបណ្ឌិត ជាម យៀប បានគូសបញ្ជាក់អំពីចំនួនថវិកាដែលកម្ពុជាបានជំពាក់ស្ថានប័នអង្គការអន្តរជាតិយ៉ាងដូច្នេះទៀតថា ៖ «ហើយ IMF ៨២លានដុល្លារ ក៏គេលុបចោលដែរ ប៉ុន្តែការលុបចោលគេគ្រាន់តែបង្វែរយើងសងគេឲ្យធ្វើធារាសាស្រ្ដឲ្យកសិករយើងតាមមូលដ្ឋាន។ ហើយចាប់តាំងពីឆ្នាំ៩៣-៩៤មក យើងបានខ្ចីគេ ខ្ចីរបៀប Concession Debt Loan។ ក្នុងហ្នឹងមាន Long Term មាន Medium Term និង Short Term បីហ្នឹង។ ប៉ុន្តែយើងឃើញថា យើងបានសងគេបណ្ដើរៗហើយចាប់តាំងពី២០០៤ឯណោះ»។
យោងតាមប្រសាសន៍របស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺលោក អួន ព័ន្ធមុន្នីរ័ត្ន បានឲ្យដឹងដែរថា កម្ពុជាជំពាក់ធនាគារពិភពលោកចំនួន៨០០លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកឯប្រទេសនៅមជ្ឈិមបូព៌ា គឺកាតានិងគុយវ៉ែតក៏បានសន្យាឲ្យកម្ពុជាខ្ចីប្រាក់ប្រមាណ៧០០លានដុល្លារសហរដ្ឋអាមេរិកផងដែរ។
ទាក់ទិនសំណួរអំពីការខ្ចីប្រាក់ប្រទេសជិតខាងដូចជាប្រទេសវៀតណាមនិងប្រទេសថៃនោះវិញ លោកបណ្ឌិត ជាម យៀប ថ្លែងគូសបញ្ជាក់ថា រដ្ឋាភិបាលខ្មែរមិនជំពាក់បំណុលប្រទេសទាំងពីរនោះឡើយ។
លោក ជាម យៀប បានបញ្ជាក់ថា ៖ «អត់មានទេ មានត្រង់វិនិយោគទុនបរទេស ឬវិនិយោគទុនក្នុងស្រុកខ្ចីគេ ត្រង់រដ្ឋយើងអត់មានទេ។ យើងមានតែជំនួយជួយធ្វើផ្លូវអី ដូចជាផ្លូវប៉ោយប៉ែត ស៊ីសូផុន ផ្លូវទៅរតនគិរី ហើយពីផ្លូវបែកស្នួលទៅមណ្ឌលគិរី ។ល។ និង ។ល។»។
កន្លងមកក្រុមអ្នកនយោបាយខ្មែរខ្លះធ្លាប់បានអធិប្បាយថា ប្រាក់កម្ចីពីបរទេសក្នុងកាលៈទេសៈខ្លះគឺរដ្ឋាភិបាលកម្ពុជាបានយកទៅប្រើក្នុងការធ្វើសង្គ្រាមនិងវិស័យនយោបាយ។
ការលើកឡើងថ្មីមួយទៀត គឺតំណាងរាស្ត្រមកពីគណបក្សជំទាស់ គឺលោក សុន ឆៃ បានថ្លែងថា ប្រាក់កម្ចីពីបរទេសមួយចំនួនគឺរដ្ឋាភិបាលប្រើមិនចំគោលដៅនិងគ្មានតម្លាភាព ៖ «បញ្ហាគឺទី១ ការខ្ចីបុលយើងវាច្រើនលើសអំពីកម្រិតដែលយើងអាចសងគេវិញបាន ហើយការយកលុយមកចាយវាយហ្នឹង មិនបានធានាថា ការចាយវាយយើងនឹងជួយទ្រទ្រង់ទៅដល់សេដ្ឋកិច្ចរបស់ប្រទេសដើម្បីយើងអាចនឹងមានលទ្ធភាពដោះស្រាយលើជីវភាពរស់នៅរបស់ពលរដ្ឋ។ ដូចជាករណីយើងយកលុយទៅសង់ផ្លូវដែលមានតម្លៃថ្លៃសឹងតែជាងប្រទេសអាមេរិក គេសង់ផ្លូវប្រវែងប៉ុនគ្នា ហើយផ្លូវយើងប្រើប្រាស់បានតែមួយឆ្នាំឬក៏ពីរឆ្នាំ ហើយយើងត្រូវបាត់បង់ថ្នល់នោះទៅវិញ។ នេះជាបញ្ហាដែលធ្វើឲ្យទិដ្ឋភាពនៃការប្រើប្រាស់ថវិកាជាតិក្នុងការជួយដល់វិស័យសំខាន់របស់ប្រទេស មានដូចជាវិស័យអប់រំ វិស័យសុខាភិបាល គឺថាមិនអាចធ្វើបាន»។
លោកតំណាងរាស្ត្រ សុន ឆៃ ថ្លែងកត់សម្គាល់ទៀតថា បន្ទុកដ៏ធំមួយនៅក្នុងការខ្ចីបុលប្រាក់ពីបរទេសនោះ គឺពលរដ្ឋខ្មែរគ្រប់រូបបានជាប់កាតព្វកិច្ចដោយដឹងខ្លួនឬដោយមិនដឹងខ្លួននៅក្នុងការសងទៅបរទេសវិញនោះ។
លោក សុន ឆៃ បានឲ្យដឹងថា ៖ «អ្វីដែលការខ្ចីថ្មីៗនេះ យើងគិតមកដល់ត្រឹម២០០៥ ប្រទេសកម្ពុជាយើងជំពាក់គេជាង៣ពាន់លានដុល្លារហើយខ្ចីក្រោយនេះ។ ហើយយើងមើលសមិទ្ធផល ប្រៀបធៀបនឹងការខ្ចីបុលនេះ យើងឃើញថាវាមិនសមនឹងទឹកប្រាក់ ហើយបើយើងមើលដល់ឆ្នាំ២០០៨នេះ យើងជំពាក់គេរហូតដល់ជិត៥ពាន់លាន។ ទាំងអស់នេះគឺធ្វើឲ្យប្រជាពលរដ្ឋយើងមនុស្សពេញវ័យ១០លាននាក់ គឺម្នាក់ៗជំពាក់គេយ៉ាងតិចក៏៥០០ដុល្លារសហរដ្ឋអាមេរិក។ រឿងនេះគឺយើងត្រូវសងទៅវិញសូម្បីយើងត្រួតពិនិត្យថវិកាជាតិ២០០៤នេះ គ្រាន់តែយើងមើលទឹកប្រាក់ដែលយើងត្រូវសងគេវិញ គឺមានចំនួនរហូតដល់ទៅប្រមាណជា៦០លានដុល្លារម្ល៉ោះហើយ ការសងទៅគេវិញចេះតែកើនឡើងហើយ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។
ចាប់តាំងពីដើមឆ្នាំ២០០៨នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកនិងតំណាងសភារុស្ស៊ីធ្លាប់បានទាមទារឲ្យកម្ពុជាសងរំលោះនូវប្រាក់បំណុល បើទោះបីជាប្រទេសចិនសម្រេចលុបបំណុលខ្លះចោល ហើយស្ថាប័នអន្តរជាតិមួយចំនួនបានបង្វែរប្រាក់បំណុលឲ្យកម្ពុជាយកទៅអភិវឌ្ឍវិស័យកសិកម្មវិញនោះក៏ដោយ។
បើទោះបីជាមានការថ្លែងរិះគន់ចំពោះការប្រើប្រាស់ប្រាក់កម្ចីពីបរទេសនេះក៏ដោយ ក៏ប៉ុន្តែ លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស គឺលោក ហោ ណាំហុង បានថ្លែងការពារថា រដ្ឋាភិបាលខ្មែរគឺបានប្រើប្រាស់ទាំងថវិកាជំនួយនិងថវិកាកម្ចីសម្រាប់ជាប្រយោជន៍រួមរបស់កម្ពុជា។
បន្ទាប់ពីវិលត្រឡប់មកពីប្រទេសចិននៅចុងខែតុលា ឆ្នាំ២០០៨នេះ និងបន្ទាប់ពីចិនបានយល់ព្រមផ្តល់ប្រាក់កម្ចីដល់កម្ពុជាចំនួន២៨០លានដុល្លារបន្ថែមទៀតនោះ លោក ហោ ណាំហុង បានថ្លែងយ៉ាងដូច្នេះថា ៖ «បេសកកម្មរបស់សម្ដេចតេជោទៅបរទេសម្ដងៗ ទៅកន្លែងណាក៏ដោយ គឺតែងតែនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិយើងលើគ្រប់វិស័យទាំងអស់»។
ជាមួយគ្នានេះយោងតាមប្រសាសន៍ លោក ជាម យៀប កម្ពុជាក៏គ្រោងសុំថវិកាជំនួយជាង៥០០លានដុល្លារបន្ថែមទៀតពីសហគមន៍អន្តរជាតិសម្រាប់ការចំណាយឆ្នាំ២០០៩។
រដ្ឋមន្រ្តីសេដ្ឋកិច្ច គឺលោក គាត ឈន់ ធ្លាប់ថ្លែងក្រោយកិច្ចប្រជុំជាមួយប្រទេសអ្នកផ្ដល់ជំនួយកាលពីឆ្នាំកន្លងទៅថា កម្ពុជានៅមិនទាន់អាចកំណត់បានថា តើរហូតដល់ពេលណាទើបកម្ពុជាឈប់ពឹងជំនួយបន្ថែមពីបរទេសតទៅទៀតនោះនៅឡើយទេ៕
