កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយកាលពីថ្ងៃសុក្របានដកស្រង់របាយការណ៍របស់កម្មវិធិបរិស្ថានសហប្រជាជាតិ (UN Environment Program) ដែលបានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា មានដុំពពកដ៏ធំដែលមានប្រវែងបីគីឡូម៉ែត្រផ្ទុកបំណែកតូចៗនៃលំអងផ្សែងពុលដែលបង្កឡើងដោយសកម្មភាពរបស់មនុស្សកំពុងហោះហើរនៅលើអាកាសពីឧបទ្វីបអារ៉ាប់ទៅប្រទេសចិននិងឆ្ពោះទៅបណ្តាប្រទេសជាប់នឹងសមុទ្រប៉ាស៊ីហ្វិកដែលក្នុងនោះមានកម្ពុជាផង។
ដុំពពកនោះនឹងប៉ះពាល់ដល់ដំណើរធម្មជាតិរបស់អាកាសធាតុធ្វើឲ្យអាកាសធាតុប្រែប្រួល ដូចជាការកាត់បន្ថយកាំរស្មីព្រះអាទិត្យបាញ់មកលើផែនដី ការកើនឡើងនូវជាតិឧស្ម័នពុលដែលបណ្តាលឲ្យខូចខាតដល់កសិផល។
របាយការណ៍ដែលបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបញ្ជាក់ថា ប្រទេសកម្ពុជានឹងរងការប៉ះពាល់យ៉ាងខ្លាំង ហើយលំហូរនៃទឹកទន្លេមេគង្គនិងទន្លេបាសាក់ក៏អាចទទួលប៉ះពាល់ដោយការប្រែប្រួលនៃកម្ដៅអាកាសធាតុនេះផងដែរ។
របាយការណ៍បានបញ្ជាក់ទៀតថា ការខូចខាតខាងសេដ្ឋកិច្ចដោយសារការប្រែប្រួលអាកាសធាតុបង្កឡើងដោយសកម្មភាពរបស់មនុស្សនេះ នៅប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិនអាចខាតបង់រហូតដល់៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ រីឯប្រទេសកម្ពុជា គេនៅមិនទាន់មានស្ថិតិច្បាស់លាស់នៅឡើយទេ។
ភាគច្រើននៃប្រជាពលរដ្ឋខ្មែរប្រកបរបរធ្វើស្រែចម្ការ ដូច្នេះកម្ពុជាអាចនឹងទទួលរងផលប៉ះពាល់ច្រើន ជាពិសេសនោះការសេសសល់ព្រៃឈើតិចតួចនោះអាចនឹងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ៕
