ប្រទេស​កម្ពុជា​រង​ការ​ខូតខាត​ពី​ខ្យល់​ព្យុះ​តិចតួច

2008-04-27

ប្រជាជន​និងអាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​ត្រៀម​ការពារ​ខ្យល់ព្យុះ ដែល​បណ្តាល​មកពី សម្ពាធ​ទាប​រំកិល​មកពី​ឈូងសមុទ្ទ​ថៃ ដែល​នាំឲ្យ​ប្រទេស​កម្ពុជា ​ទទួល​រង​នូវ​ការ​ខូចខាត​សម្ភារៈ​បន្តិចបន្តួច ។

អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ក្រសួង​ធនធាន​ទឹក ឲ្យ​ដឹង​ថា​គ្រោះ​មហន្តរាយ​ធម្មជាតិ បាន​ថយ​ចុះ​វិញ​ហើយ តាម​ខេត្ត​ភាគ​និរតី បស្ចិម និង​ពាយ័ព្យ ដែល​បាន​រង​នូវ​សម្ពាធ​ខ្យល់​ព្យុះ ភ្លៀងផ្គរ និង​រន្ទះ ។

អនុ​ប្រធាន​ទី​១ នៃ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា មាន​ប្រសាសន៍​ថា គ្រោះ​មហន្តរាយ​ធម្មជាតិ​បង្ក​ឡើង​ដូច​រាល់ឆ្នាំ ប៉ុន្តែ​ឆ្នាំ​នេះ​គ្រាប់​ព្រិល​បាន​ធ្លាក់​មក​ជាមួយ​ទឹកភ្លៀង និង​ខ្យល់ព្យុះ ។

លោក ញឹម វណ្ណដា បាន​ឲ្យ​ដឹង​ថា ៖ «ព្យុះ​នេះ​គេ​ហៅ​ថា​ព្យុះ​សង្ឃរា មិន​មែន​ព្យុះ​ធម្មតា​ទេ ដោយ​វា​មក​ម្ដង​ៗ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទ្រព្យសម្បត្តិ​ប្រជាជន បើ​និយាយ​ផ្ទះ​វិញ មួយ​កន្លែងៗ ដូច​នៅ​សៀមរាប​អ៊ីចឹង ជិត​២០០​ខ្នង​អ៊ីចឹងទៅ នៅ​ប៉ោយប៉ែត ៩០​ខ្នង នៅ​កំពង់ស្ពឺ​ហើយ​នៅ​តំបន់​ផ្សេងៗ ។ បញ្ហា​ដែល​ប្លែក​ត្រង់​ថា ព្យុះ​សង្ឃរា​មក​នេះ​វា​នាំ​មក​នូវ​ព្រិល​មក​ផង»

លោក ញឹម វណ្ណដា បន្តថា ៖ «តាម​ក្រសួង​ធនធាន​ទឹក​ប្រកាស​ពី​យប់​មិញ​នេះ ខ្ញុំ​ឯកភាព​ហើយ​ថា បញ្ហា​នេះ វា​អាកាសធាតុ​ប្រែប្រួល ដោយ​ធាតុអាកាស​វា​ប្រែប្រួល​ខុស​ពី​ធម្មតា ក្នុង​តំបន់​ក៏​មាន​អ៊ីចឹង​ដែរ​មិន​មាន​ត្រឹម​កម្ពុជា​ទេ ។ អ៊ីចឹង​ហើយ​ស្នើ​ថា​ប្រជាជន​រដូវ​នេះ​រដូវ​បង្កបង្កើន​ផល​ហើយ ប៉ុន្តែ​សូម​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន មាន​ការ​តាម​ដាន មាន​ការ​ម្ចាស់ការ​ខ្លួន​ឯង ជាបញ្ហា​ជោគជ័យ​មួយ​ជំហាន​មុន»

អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក ប៉ុក សាលុយ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ខ្យល់​ខ្លាំង​នៅ​បន្ត​បោក​កួច​នាំ​ឲ្យ​មាន​ការ​ខូចខាត​តិចតួច ។ លោក​ថា គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត បាន​ចុះ​ជួយ​សង្រ្គោះ​ប្រជាជន​បាន​មួយ​ចំនួន នៅសល់​មួយ​ចំនួន​ទៀត​កំពុង​ស្រង់​យក​តួលេខ​ខូច​ខាត ។

លោក ប៉ុក សាលុយ បាន​មាន​ប្រសាសន៍​ថា ៖ «ប្រមាណ​ថ្ងៃ​នេះ​វា​គ្រាន់​តែ​ប៉ះ​ដោយ​កន្លែង​ៗ ប៉ុន្តែ​ទ្រង់ទ្រាយ​ធំ ធ្វើ​ឲ្យ​បាក់ ២០​-​៣០​ខ្នង​មិន​ទាន់​មាន​ទេ ប៉ះ​មួយ​ជ្រុង​បន្តិចៗ មិន​មាន​អា​ធំ​ដូច​ថ្ងៃ​មុន​ទេ ។ ប៉ោយប៉ែត​ពេល​ខ្ញុំ​ចែក​ហើយ ភ្លៀង​ធំ​ព្យុះ​ទៀត ប៉ុន្តែ​វា​ប៉ះ​តូចតាច ។ ខ្ញុំ​កំពុងតែ​ឲ្យ​បង​ប្អូន​សិក្សា​មើល តើ​ចំណុច​តូចតាច​ប៉ុន្មាន​គ្រួសារ»

ពាកព័ន្ធ​នឹង​បញ្ហា​នេះ អាជ្ញាធរ​និង​ក្រសួង​ធនធាន​ទឹក បាន​ចេញ​ប្រកាស​កាលពី​សប្តាហ៍​នេះ ឲ្យ​សាធារណជន​ប្រុង​ប្រយ័ត្ន ចំពោះ​អាកាសធាតុ​ដែល​មាន​ខ្យល់ព្យុះ ភ្លៀងផ្គរ និង​រន្ទះបាញ់ បង្ក​ឲ្យ​មាន​មហន្តរាយ ។

នៅ​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មេសា ប្រធាន​នាយកដ្ឋាន​ឧត្តុនិយម នៃ​ក្រសួង​ធនធាន​ទឹក លោក ឡុង សារ៉ាវុធ មាន​ប្រសាសន៍​ថា ៖ «អាហ្នឹង​វា​ថយ​ហើយ ព្រោះ​បើ​យើង​សង្កេត​ទៅ​ថ្ងៃ​ហ្នឹង​យើង​ទទួល​ទៅ ខេត្ត​ដែល​យើង​ប្រចាំ​យើង​បាន​ទទួល​ទឹក​ភ្លៀង​គ្រាប់​ខេត្ត​ភ្លៀង​មក ហើយ​មាន​ខ្យល់​ខ្លាំង ប៉ុន្តែ​មិន​ធ្វើ​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​អី​ទេ ។ បាន​ន័យ​ថា​ឥឡូវ​ហ្នឹង​តាម​យើង​សិក្សា​ស្រាវជ្រាវ​ទៅ រដូវ​វស្សា​នឹង​ចាប់​ផ្ដើម​ពេល​ឆាប់ៗ​នេះ​ហើយ ព្រោះ​ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​យើង​កើត​ឡើង​រហូត​ចាប់​ពី​ម៉ាឡេស៊ី រហូត​ទៅ​ដល់ ឥណ្ឌូណេស៊ី ដូច្នេះ​ចាប់​ពី​ថ្ងៃ​ហ្នឹង​ទៅ គឺ​អាច​មាន​ភ្លៀង​ផ្គរ​ជាប់​រហូត​ហើយ»

មន្រ្តី​អាជ្ញាធរ​ទាំងអស់​បាន​អះអាង​ថា គ្រោះ​មហន្តរាយ​ធម្មជាតិ​ឆ្នាំ​នេះ មិន​នាំ​ឲ្យ​មាន​ភាព​ហិន​ហោច ទ្រព្យ​សម្បត្តិ និង​អាយុ​ជីវិត​មនុស្ស​ច្រើន​ទេ ៕

អត្ថបទ​ដែល​ទាក់ទង

បំរាម​ផ្អាក​ការរៀបការ​រវាង​ស្ត្រី​ខ្មែរ​និង​ជន​បរទេស​មិន​ទាន់​ក្លាយ​ជា​អចិន្ត្រៃយ៍​ទេ

ប៉េអឹម​ខេត្ត​កំពង់ធំ​៣​រូប​រង​ការចោទ​ថា​គំរាម​ប្រជា​សហគមន៍

មាន​ជន​មួយ​ចំនួន​ឃុបឃិត​នឹង​គ្រូពេទ្យ​យក​ឈាម​សប្បុរសជន​ទៅ​លក់

ខុមហ្វ្រែល​រៀបចំ​វេទិកា​សាធារណៈ​លើក​ទី​៣​នៅ​កំពង់ចាម

ពលរដ្ឋ​៥០០​នាក់​នៅ​ស្រុក​អង្គស្នួល​ទាមទារ​ឲ្យ​ត​បណ្ដាញ​អគ្គិសនី​រដ្ឋ

ក្រុង​ភ្នំពេញ​អាច​នឹង​មាន​អគ្គិសនី​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០០៩

ភរិយា​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក ចន ម៉ាកខេន មក​កម្ពុជា

គ្រឿង​ញៀន​ជាង​២០០​គីឡូក្រាម​ត្រូវ​បាន​ដុត​បំផ្លាញ

ទូត​អាល្លឺម៉ង់​ផ្ដល់​ឧបករណ៍​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​ដល់​មណ្ឌល​កុមារ​កំព្រា​នៅ​កំពង់ធំ

យុវជន​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​គប់​សម្បក​ដូង​ទៅ​លើ​ព្រះឆាយា​ល័ក្ខណ៍​សម្ដេច​យាយ