បុគ្គលិកជាង ៣០០នាក់បានសម្រេចចិត្តបោះបង់ចោលការងារដែលពួកគាត់កំពុងធ្វើនៅក្រុមហ៊ុនកាស៊ីណូ ត្រូពិកហ្គាណា រីសត នៅក្រុងប៉ោយប៉ែត បន្ទាប់ភាគីនិយោជកបានគំរាមកំហែង បង្ខំឲ្យកម្មករទាំងនោះចុះហត្ថលេខាលើកិច្ចសន្យារយៈពេលខ្លី ដែលមានត្រឹមតែ ៦ខែ។ កិច្ចសន្យារយៈពេលខ្លី បានធ្វើឲ្យកម្មករទាំងនោះខាតផលប្រយោជន៍ទៅលើប្រាក់អតីតភាពការងារដែលពួកគាត់បានបម្រើការនៅក្រុមហ៊ុននោះអស់រយៈពេលជាច្រើនឆ្នាំ។
ប្រធានសហជីពសេរីកម្មករប្រចាំកាស៊ីណូ ត្រូពិកហ្គាណា រីសត លោក សាត សែប ដែលត្រូវបានក្រុមហ៊ុនបណ្ដេញចេញពីការងារ ដោយសារតែចេញមុខការពារប្រយោជន៍កម្មករនោះ បានថ្លែងថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ និយោជកក្រុមហ៊ុនកាស៊ីណូ បានផ្ដល់ជម្រើសពីរជូនកម្មករ។ ជម្រើសទី១ គឺការបង្ខំឲ្យកម្មករចុះកិច្ចសន្យាការងាររយៈពេលខ្លី ៦ខែ។ ជម្រើសទី២ ភាគីនិយោជកបានសុខចិត្តបើកប្រាក់អតីតភាពការងារឲ្យកម្មករជាង ៣០០នាក់ ដែលជាសមាជិករបស់សហជីព ប៉ុន្តែក្រុមហ៊ុនមិនទទួលពួកគាត់ឲ្យធ្វើការបន្តទៀតទេ។
លោក សាត សែប៖ «បើយើងធ្វើតាមក្រុមហ៊ុន យើងបាត់ផលប្រយោជន៍អតីតភាពការងារ បើយើងមិនចុះកិច្ចសន្យា គេគិតប្រាក់ទូទាត់ឲ្យយើងពីអតីតភាពការងារ។ អ៊ីចឹង កម្មករសុខចិត្តទទួលយកអតីតភាពការងារទូទាត់តាមផ្លូវច្បាប់ ប៉ុន្តែក្រោយពីយើងចុះ ក្រុមហ៊ុនអត់ឲ្យយើងចូលធ្វើការវិញទេ សូម្បីចុះកិច្ចសន្យាខ្លីជាមួយគេក៏ដោយ មិនចុះក៏ដោយ ក៏គេអត់ទទួលយកបុគ្គលិកសហជីពទៀតដែរ»។
លោកបន្តថា ចំណែកឯរូបលោក និងសកម្មជនសហជីពម្នាក់ទៀត ក្រុមហ៊ុនបានបដិសេធមិនបើកប្រាក់អតីតភាពការងារឲ្យទេ។ ភាគីក្រុមហ៊ុនគំរាមថា បើអ្នកទាំងពីរចង់បានប្រាក់អតីតភាពការងារ សុំឲ្យដោះស្រាយគ្នាតាមផ្លូវតុលាការ។
មន្ត្រីកម្មវិធីរបស់មជ្ឈមណ្ឌលអាម៉េរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ (American Center for the International Labor Solidarity) លោក ឃុន ថារ៉ូ បានថ្លែងថា កាលពីថ្ងៃសុក្រ ទី៤ មករា ភាគីនិយោជករបស់ក្រុមហ៊ុនបានគំរាមកំហែងលើកម្មករ បង្ខំឲ្យចុះហត្ថលេខាលើកិច្ចសន្យាមានរយៈពេលខ្លី បើមិនចុះទេ ក្រុមហ៊ុននឹងបញ្ឈប់ពីការងារ ហើយមិនបើកប្រាក់អតីតភាពឲ្យកម្មករនោះឡើយ។
លោក ឃុន ថារ៉ូ៖ «កាលណាគាត់មានកិច្ចសន្យារយៈពេលខ្លី ៦ខែ ដែលក្រុមហ៊ុនផ្ដល់ឲ្យហ្នឹង នៅពេលពួកគាត់ដល់ថ្ងៃដែលត្រូវធ្វើកិច្ចសន្យាថ្មី បញ្ចប់ ៦ខែហ្នឹង និយោជកអាចបញ្ឈប់កម្មករដោយស្របច្បាប់ទៀតតាមរយៈការប្រើប្រាស់កិច្ចសន្យារយៈពេលខ្លីហ្នឹង។ កម្មករខ្លះគាត់ធ្វើការ ៧-៨ឆ្នាំអ៊ីចឹងទៅ បើសិនជាគាត់ចុះកិច្ចសន្យារយៈពេលខ្លី និយោជកត្រូវតែកិច្ចអតីតភាពការរបស់គាត់ ៥ទៅ ៦ឆ្នាំមុនបានអាចផ្ដល់កិច្ចសន្យាថ្មីឲ្យគាត់»។
លោកបន្តថា ភាគីនិយោជកក្រុមហ៊ុនបានរំលោភបំពានលើច្បាប់ការងារក្នុងប្រទេសកម្ពុជា។
សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត របស់គណបក្ស សម រង្ស៊ី លោក មាន សារិទ្ធិ យល់ឃើញថា ថៅកែកាស៊ីណូ មានចេតនាមិនទទួលយកកម្មករឲ្យធ្វើការបន្តទៀត ដោយសារតែកន្លងមកនេះពួកគេបានធ្វើការតវ៉ាទាមទារសិទ្ធិស្របច្បាប់ជាច្រើនលើកច្រើនសារ។ ចំណែកឯអាជ្ញាធរក្រុងប៉ោយប៉ែត និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត បានឃុបឃិតជាមួយថៅកែកាស៊ីណូ។ កន្លងមក ពួកគេចេញមុខដោះស្រាយដែរ ប៉ុន្តែការដោះស្រាយនោះពុំមានតម្លាភាព ធ្វើឲ្យខូចប្រយោជន៍កម្មករ។
ប្រធានសហជីពសេរីកម្មករប្រចាំកាស៊ីណូ ត្រូពិកហ្គាណា រីសត នៅក្រុងប៉ោយប៉ែត លោក សាត សែប បានបញ្ជាក់ថា បញ្ហានេះវាអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការចេញមុខជួយអន្តរាគមន៍សម្របសម្រួលឲ្យកម្មករបានធ្វើការនៅក្រុមហ៊ុនវិញ។ កម្មករកាស៊ីណូ ទាំងនោះ សុទ្ធតែជាអ្នកមានជំនាញ។ លោកបញ្ជាក់ថា សហជីពដើម្បីផលប្រយោជន៍កម្មករ ពួកគេសុខចិត្តលាឈប់ពីការងារ ហើយទទួលយកប្រាក់អតីតភាពការងារ។
ភាគីក្រុមហ៊ុនឥឡូវនេះ កំពុងគិតគូរទូទាត់ប្រាក់អតីតភាពជូនកម្មករនៅឡើយ។ ក្នុងចំណោមកម្មករជាង ៣០០នាក់ អ្នកដែលមានអតីតភាពការងារចាប់ពី ១០ឆ្នាំឡើងទៅ មានជាង ៣០%។ អ្នកមានអតីតភាពការងារ ៧ឆ្នាំមាន ៤០% និងអ្នកមានអតីតភាពការងារ បីឆ្នាំមាន ៣០%។ តាមការទូទាត់របស់សហជីព អ្នកបម្រើការងារបាន ១០ឆ្នាំ ភាគីក្រុមហ៊ុនត្រូវបើកប្រាក់អតីតភាពការងារបានពី ៥ពាន់ទៅ ៦ពាន់ដុល្លារសម្រាប់មនុស្សម្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។