របរ​ចិញ្ចឹម​ចង្រិត​នៅ​ខេត្ត​ព្រះសីហនុ

ក្រុង​ព្រះសីហនុ​គឺជា​តំបន់​ទេសចរណ៍​មួយ​យ៉ាង​សំខាន់។ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​មួយ​នេះ ភាគច្រើន​ប្រកបរបរ​លក់ដូរ បើក​សណ្ឋាគារ ផ្ទះសំណាក់ ឬ​ធ្វើ​អាជីវកម្ម​សេវា​ផ្សេងៗ​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍។
ដោយ វោហារ ជាតិ
2012.03.19
គុយផេង៣០៥ ១៨-មីនា-២០១២៖ លោក គុយ ផេង ឲ្យ​ចំ​ណី​ចង្រិត
RFA/Vohar Cheath

បើ​សិន​ជា​គេ​ធ្វើដំណើរ​ឆ្លងកាត់​ភូមិ​មួយ នៅ​លើ​ផ្លូវលំ​ត្រង់​ម្ដុំ​អូរ​សំអាត ឆ្ពោះ​ទៅកាន់​ពន្ធនាគារ ក្រុង​ព្រះសីហនុ គេ​នឹង​ឮ​សំឡេង​ចង្រិត​យំ​ទ្រហឹង​ចេញពី​រោង​មួយ​នៅ​ក្បែរ​ផ្លូវ។ នោះ​គឺជា​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​របស់​កសិករ គុយ ផេង។ លោក គុយ ផេង ដែល​កំពុង​ឲ្យ​ចំណី និង​ថែទាំ​ចង្រិត មាន​ប្រសាសន៍​ថា កាលពីមុន​លោក​ធ្លាប់​ចិញ្ចឹម​សត្វ ដូចជា មាន់ ទា តែ​មិន​កាក់កប​សោះ ព្រោះ​មាន់ទា​ឈឺ​ច្រើន ជួន​ងាប់​អស់​ធ្វើ​ឲ្យ​លោក​ខាតដើម​យ៉ាង​ច្រើន។ ក្រោយមក​លោក​បាន​សម្រេចចិត្ត​ងាក​មក​ចិញ្ចឹម​ចង្រិត​វិញ​ម្ដង។ លោក​ថា របរ​ចិញ្ចឹម​ចង្រិត​នេះ​ហាក់​ដូចជា ស្រួល​ជាង​ចិញ្ចឹម​មាន់ទា។

លោក គុយ ផេង៖ «ហើយ​ចង្រិត​បើ​ខ្ញុំ​មើល​ទៅ​អត់មាន​អី​ផ្ដាសាយ​បក្សី​ដូច​សត្វ​ផ្សេងៗ​ឆ្លង​ជំងឺ​ទេ។ មិន​ងាយ​ងាប់​ទេ។ អ៊ីចឹង​ក៏​ចាប់អារម្មណ៍​ថា ដាក់ចិត្ត​ចិញ្ចឹម​ចង្រិត​ទៅ»

អស់​រយៈពេល​កន្លះ​ឆ្នាំ​មក​ហើយ​ដែល លោក គុយ ផេង ចាប់ផ្ដើម​របរ​ចិញ្ចឹម​ចង្រិត​នេះ ដោយ​បាន​រៀន​ចិញ្ចឹម​តាម​មិត្តភ័ក្ដិ​ខ្លះ តាម​កសិករ​ផ្សេងទៀត​ដែល​ចិញ្ចឹម​ចង្រិត​នៅ​ខេត្ត​ដទៃ។

លោក​ថា លោក​ចង់​ប្រកបរបរ​ធំដុំ ដូចជា សង់​សណ្ឋាគារ ផ្ទះសំណាក់ ឬ​ក៏​បើកហាង​អាហារដ្ឋាន​ដែរ ព្រោះ​របរ​នេះ​រក​ប្រាក់ចំណូល​បាន​ច្រើន នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​តំបន់​ទេសចរណ៍​មួយ​ដ៏​ធំ​បន្ទាប់ពី​ខេត្ត​សៀមរាប។ ក៏ប៉ុន្តែ​លោក​មិន​មាន​ទុន​ទេ មុខរបរ​នេះ​គេ​ត្រូវការ​ដើមទុន​រាប់​ម៉ឺន លាន​ដុល្លារ​ទើប​ទៅ​រួច។

ចំពោះ​លោក​មាន​ប្រាក់​បន្តិចបន្តួច ដូច្នេះ​លោក​បាន​ជ្រើស​យក​របរ​ចិញ្ចឹម​ចង្រិត​នេះ ដោយ​រំពឹង​ថា ជា​មុខរបរ​មួយ​រក​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​ទៅ​អនាគត​បាន​ប្រសើរ។

លោក គុយ ផេង បញ្ជាក់​ថា​ដំបូង​ឡើយ លោក​ចំណាយ​ប្រាក់​ប្រហែល ២​ទៅ ៣ រយ​ដុល្លារ ចិញ្ចឹម​ ចង្រិត​សាកល្បង។ ជា​បន្តបន្ទាប់​គាត់​ក៏បាន​បន្ថែម​ដើមទុន​បន្តិចម្ដងៗ រហូត​ដល់​សព្វថ្ងៃ ដើមទុន​សរុប​របស់​គាត់​ឡើង​ដល់​ប្រហែល ៣.០០០​ដុល្លារ គឺ​ស្មើ​ប្រហែល ១២​លាន​រៀល។ ទុន​នេះ​គិត​ទាំង​ប្រាក់ចំណាយ​សង់​រោង​ចិញ្ចឹម​ចង្រិត ដែល​មាន​ទទឹង​ប្រវែង ៦​ម៉ែត្រ បណ្ដោយ ២៥​ម៉ែត្រ មាន​ចំនួន​ចង្រិត​មាន​រាប់​លាន​ក្បាល។

លោក​ថា ក្នុង​ចំនួន​ទុន​សរុប​នោះ ក៏​បាន​ចំណាយ​លើ​ការសាងសង់​អាង​ចិញ្ចឹម​ចង្រិត ៤ ដែល​អាង​នីមួយៗ​មាន​ទទឹង​ប្រវែង​ពីរ​ម៉ែត្រ​កន្លះ បណ្ដោយ​ប្រហែល ១២​ម៉ែត្រ រួម​ទាំង​ទិញ​សម្ភារៈ​សម្រាប់​ឆ្នៃ​ធ្វើ​ជា​ជម្រក​ឲ្យ​ចង្រិត​នៅ ដូចជា​ទិញ​សំបក​ត្រឡោកដូង ទិញ​ស្នោ​សម្រាប់​ដាក់​ស៊ុត​មាន់ទា ធ្វើ​ជា​ជម្រក​ឲ្យ​ចង្រិត​នៅ​ជាដើម។

ការ​ចិញ្ចឹម​ចង្រិត​ងាយ​ហុច​ផល និង​ផ្ដល់​ប្រាក់ចំណេញ​បាន​ទាន់ចិត្ត​យ៉ាង​ឆាប់រហ័ស។ លោក គុយ ផេង បញ្ជាក់​ថា លោក​ចំណាយ​ពេល​ចិញ្ចឹម​ចង្រិត​តែ ៤០​ថ្ងៃ​ទេ​បាន​លក់​ហើយ។ គឺ​គិត​រយៈពេល​តាំងពី​ថ្ងៃ​កូន​ចង្រិត​ញាស់ មកដល់​ថ្ងៃ​ចង្រិត​ធំ​ល្មម​លក់។

លោក គុយ ផេង៖ «អស់​ប្រហែល​ជា ៣.០០០​ដុល្លារ​ទាំង​រោង​ទាំង​អី​នឹង​ណាស់។ តែ​ក្នុង ៣.០០០​ក្នុង  ៤០​ថ្ងៃ​យើង​រើស​បាន​លុយ​បាន​ហើយ បើ​ខ្ញុំ​រើស​អស់ ៤០​ថ្ងៃ​ក្នុង ៤​អាង​នឹង​បាន​ប្រហែល​ជា ២​លាន​ជាង​ចូល ៣​លាន​រៀល»

ចំពោះ​ចំណី​សម្រាប់​ដាក់​ឲ្យ​ចង្រិត​វិញ លោក​ថា​ជា​របស់​ងាយ​រក នៅ​ក្បែរ​ផ្ទះ ឬ​នៅ​ក្នុង​ភូមិ។ លោក​ថា​ចង្រិត​ស៊ី​ចំណី​រុក្ខជាតិ​ពណ៌ខៀវ ដូច​គោ​ដែរ​គឺ​ស៊ី​ស្មៅ ស្លឹក​ដំឡូង ដើម​ចេក កាក​ដូង កន្ទក់​ជាដើម។

លោក​ថា មុខរបរ​នេះ គឺ​ជា​ការងារ​មួយ​ដែល​ផ្ដល់​ឲ្យ​លោក​មាន​ការងារ​ធ្វើ​ដោយ​ខ្លួនឯង ហើយ​ផ្ដល់​ប្រាក់ចំណូល​ប្រចាំថ្ងៃ​បាន​ប្រសើរ​ជាង​ទៅ​ធ្វើ​ការងារ​ចំណាកស្រុក​ឆ្ងាយ​ពី​ផ្ទះ ហើយ​ជាង​នេះ​ទៅ​ទៀត ការងារ​នេះ​ប្រសើរ​ជាង​កម្មករ​សំណង់​ដែល​ធ្វើការ​ហាលថ្ងៃ​ហាលភ្លៀង ប្រឈម​គ្រោះថ្នាក់​ច្រើន។

លោក គុយ ផេង៖ «បើ​ថា​ប្រៀប​ដូច​ខ្ញុំ​ធ្វើ ៤​អាង​នឹង បើ​មាន​ខ្ញុំ​ម្នាក់ឯង​មើល​ចង្រិត​គិត​ប្រាក់ចំណូល​ ថា​គិត​ថា ខែ​ជា​ថ្ងៃ​វិញ​ក្នុង​មួយថ្ងៃ​ខ្ញុំ​ដើរ​ជិះ​ម៉ូតូ​បេះ​បន្លែ​កាប់​ដើម​ចេក​កំប៉ិកកំប៉ុក​នាយអាយ​ចំណូល​ខ្ញុំ​ប្រហែល ៥​ទៅ ៦​ម៉ឺន​ក្នុង​មួយថ្ងៃ សម្រាប់​ខ្ញុំ​ម្នាក់»

ក្រុង​ព្រះសីហនុ​ជា​ក្រុង​ទេសចរណ៍​មួយ សម្បូរ​ទៅ​សណ្ឋាគារ ភោជនីយដ្ឋាន និង​រង្គសាល។ គេ​សង្កេតឃើញ​ថា ក្រៅ​ពី​ម្ហូប​សមុទ្រ ភ្ញៀវ​និយម​ទទួលទាន​ចង្រិត ឬ​ជា​គ្រឿងក្លែម។ ភ្ញៀវ​ខ្លះ​បញ្ជាក់​ថា ពួកគេ​ចូលចិត្ត​ទទួលទាន​ចង្រិត ព្រោះ​ចង្រិត​មាន​តម្លៃ​ថោក​ជាង​ម្ហូប​សមុទ្រ ហើយ​ម្យ៉ាង​វិញ​ទៀត​ ចង្រិត​មិន​មាន​ផ្ទុក​សារ​ជាតិ​កូលេសតូរ៉ល (Cholesterol) ដូច​គ្រឿង​សមុទ្រ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទៅ​អនាគត​ទៀត​ផង។

ម្ចាស់​ភោជនីយដ្ឋាន​នានា រួម​ទាំង​អ្នកលក់​គ្រឿងក្លែម​ផ្សារ​រាត្រី​នៅ​តោ ២​ក្បែរ​អូរ​ឈើទាល ត្អូញត្អែរ​ថា សព្វថ្ងៃ​សេចក្ដី​ត្រូវការ​ទីផ្សារ​ចង្រិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​កំពុង​ត្រូវការ​ខ្លាំង ចំណែក​ការ​ផ្គត់ផ្គង់​ ចង្រិត​លើ​ទីផ្សារ​នៅ​មានកម្រិត។ ហើយ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ពួកគាត់​មិន​មាន​ចង្រិត​លក់​ទេ ៖ «ភ្ញៀវ​គេ​រក​ច្រើន​ដែរ​ម្ដុំ​នេះ​គេ​ចូលចិត្ត​ចង្រិត។ ចង្រិត​អត់​អត់​ផង អត់​មាន​បី​ថ្ងៃ​ហើយ។ វា​មិនមែន​ថា​អត់​ដាច់​ទេ ដូច​ថា​អត់មាន​ថា​បី​បួន​ថ្ងៃ​ទៀត​បាន​មាន»

ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ចង្រិត​នៅ​ក្រុង​ព្រះសីហនុ​នេះ លោក គុយ ផេង អះអាង​ថា  លោក​មាន​គម្រោង​ពង្រីក​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​របស់​លោក​ឲ្យបាន ២០​អាង​នៅ​ពេល​ឆាប់​ខាងមុខ​នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Mar 24, 2012 03:07 AM

ជាការគាប់ប្រសើរណាស់ដែលកសិករខ្មែរយើងចេះស្វែងរកអាជីពដោយខ្លួនឯង ខ្ញុំសូមគាំទ្រនិងកោតសរសើរដោយស្មោះ
ហើយខ្ញុំជឿជាក់ថាក្រៅអំពីការចិញ្ចឹមចង្រឹតក៏នៅមានមុខរបរចិញ្ចឹមផ្សេងៗទៀតដែលកសិករខ្មែរគួរយកចិត្តទុកដាក់ស្វែងយល់ចិញ្ចឹមដូចជា ខ្យង​ ក្តាមស្រែ ឫដាំបន្លែបង្កា ជៀសវាងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសគេនោះ។

Anonymous
Mar 19, 2012 05:21 PM

The Leader of Cambodia today (Mr. Hun Sen) is a Vietnamese marionette - He doesn't know how to run the Country - He only know how to suffering Khmer People by using Communist Vietnam's plan such as: mugging Khmer People's land, destroy their crop, burning their houses, destroye their houses, destroy their rights as citizens, killed them, feared them.
Khmer People suffer cycles of Self-delusion, sometimes too giddy and sometimes to glum.
The next recovery usually lies in the ruins of the last recession.
A Country in dire need of professional help.
Remember "Salot Saar" aka "Pol Pot" era too many Khmer people life was destroy and at the same time Communist Vietnam troop are also killed too many Khmeer People and lie to the world and put the blame on Khmer Rouge and yes indeed Communist China also take a huge part of that killing too.