សហគមន៍​អឺរ៉ុប​ជួប​ប្រជុំ​ជាមួយ​សង្គមស៊ីវិល​និង​មន្ត្រី​រដ្ឋាភិបាល

មនុស្ស​ប្រមាណ​១៣០​នាក់​ដែល​ជា​មន្រ្តី​រដ្ឋាភិបាល​និង​តំណាង​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៧០​បាន​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រុង​ភ្នំពេញ ដើម្បី​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​ការប្រើប្រាស់​ជំនួយ​របស់​សហគមន៍​អឺរ៉ុប​នៅ​ប្រទេស​កម្ពុជា។

លោក Rafael Dochao Moreno តំណាង​ប្រទេស​សហគមន៍​អឺរ៉ុប​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នៅ​ប្រទេស​កម្ពុជា​ប្រទេស​សហគមន៍​អឺរ៉ុប​បាន​ផ្តល់​ថវិកា​សម្រាប់​សកម្មភាព​នានា​ប្រមាណ​ពី​១៥​ពាន់​អឺរ៉ូ​ទៅ​ដល់​២៥​លាន​អឺរ៉ូ យោង​ទៅ​តាម​កម្មវិធី​អភិវឌ្ឍន៍​នានា​តូច​ឬ​ធំ​ដែល​ទាក់ទង​ជាមួយ​ការអភិវឌ្ឍ​នៅ​ជនបទ​និង​ផ្នែក​នានា។

លោក Rafael Dochao Moreno តំណាង​ប្រទេស​សហគមន៍​អឺរ៉ុប​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ទៀត​ថា ការជួបជុំ​គ្នា​នៅ​ថ្ងៃ​នេះ​ជា​ឱកាស​មួយ​ដែរ​ដើម្បី​បាន​ស្តាប់​ផ្ទាល់​ពី​អ្នក​អនុវត្ត​គម្រោង​ផ្ទាល់​និង​ការលើកស្នើ​ពី​តម្រូវការ​នានា​ដែល​ត្រូវ​បំពេញ​បន្ថែម​ក្នុង​ការអនុវត្ត​គម្រោង​ដែល​ចាយ​លុយ​របស់​ប្រទេស​សហគមន៍​អឺរ៉ុប។

លោកស្រី ពន ប៉ុក មន្រ្តី​ព័ត៌មាន​របស់​ការិយាល័យ​សហគមន៍​អឺរ៉ុប​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា​សហគមន៍​អឺរ៉ុប​បាន​ផ្តល់​លុយ​ប្រមាណ​ពី​២៥​ទៅ​៣០​លាន​អឺរ៉ូ​ជួយ​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​ដោយ​មាន​អ្នក​អនុវត្ត​គម្រោង​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ជា​ដៃគូ​ទ្វេ​ភាគី​ផង និង​ជា​អ្នក​អនុវត្ត​គម្រោង​ជា​ក្រសួង​នានា​របស់​រដ្ឋាភិបាល​ដែល​ជា​ដៃគូ​ពហុភាគី​ផង។

លោកស្រី ពន ប៉ុក បាន​ឲ្យ​ដឹង​ថា ៖ «យើង​ធ្វើ​ក្នុង​មួយ​ឆ្នាំ បើ​តែ EC អត់​និយាយ EU ទេ​ណា៎ ចំពោះ​តែ EC ក្នុង​មួយ​ឆ្នាំ វា ២៥ ទៅ ៣០​លាន​យូរ៉ូ...»

តាម​លោកស្រី ពន ប៉ុក បាន​ឲ្យ​ដឹង​ដែរ​ថា តាំងពី​ឆ្នាំ​១៩៩៣​មក សហគមន៍​អឺរ៉ុប​បាន​ផ្តល់​លុយ​ប្រមាណ​៥០០​លាន​ដុល្លារ​ហើយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​អនុវត្ត​គម្រោង​នានា ហើយ​នៅ​ក្នុង​ឆ្នាំ​២០០៧​កន្លង​មក​នេះ លុយ​ចំនួន​ប្រមាណ​២៨​លាន​ដុល្លារ​អាមេរិក​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា និង​ក្នុង​ឆ្នាំ​២០០៨​នេះ​មាន​លុយ​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក​បាន​ផ្តល់​ដល់​ប្រទេស​កម្ពុជា​ផងដែរ​ដើម្បី​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍។

តាម​មន្រ្តី​សហគមន៍​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា គម្រោង​នានា​ដែល​សហគមន៍​អឺរ៉ុប​បាន​ផ្តល់​លុយ​ជួយ​មាន​ទាក់ទង​ជាមួយ​ការការពារ​សិទ្ធិ​មនុស្ស កម្មវិធី​សន្តិសុខ​ស្បៀង ការអភិវឌ្ឍ​ជនបទ ការរក្សា​សុខភាព ការគាំទ្រ​សកម្មភាព​សង្គម​ស៊ីវិល​ជាដើម។ល។។

តាម​មន្រ្តី​សហគមន៍​អឺរ៉ុប​បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ​មាន​គម្រោង​ធំៗ​ចំនួន​បី​ដែល​សហគមន៍​អឺរ៉ុប​កំពុង​អនុវត្ត​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​គម្រោង​ស្ដារ​ឡើង​វិញ​លើ​វិស័យ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​នៅ​បណ្តា​ខែត្រ​តំបន់​ពាយព្យ​ប្រទេស​ដែល​ចំណាយ​ប្រាក់​ចំនួន​២៥​លាន​អឺរ៉ូ គម្រោង​ជួយ​លើ​វិសយ័​អប់រំ​ចំណាយ​ប្រាក់​ប្រមាណ​២០​លាន​អឺរ៉ូ និង​គម្រោង​ពង្រឹង​ប្រជាធិបតេយ្យ​និង​វិមជ្ឈការ​អភិបាលកិច្ច​មូលដ្ឋាន​ដោយ​ចំណាយ​ប្រាក់​ប្រមាណ​១០​លាន​អឺរ៉ូ។

សូម​ជម្រាប​ថា ជំនួយ​សហគមន៍​អឺរ៉ុប​បាន​ផ្តល់​ដល់​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៧៩ ហើយ​ជំនួយ​ទ្វេ​ភាគី​នេះ​បាន​កើន​ជា​លំដាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក៕