នៅមុនពេលប្រកាសឲ្យកងសន្តិសុខនាំលោកស្រី អៀង ធីរិទ្ធ យកទៅឃុំខ្លួនតទៅទៀតនោះ លោកចៅក្រម ប្រាក់ គឹមសាន ប្រធានអង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានថ្លែងការពារសាលដីកាយ៉ាងដូច្នេះថា ៖ «ហេតុដូច្នេះអង្គបុរេជំនុំជម្រះសម្រេចជាឯកច្ឆន្ទ ១ បណ្ដឹងឧទ្ធរណ៍អាចទទួលយកបានតាមទម្រង់ ។ ២ សហចៅក្រមស៊ើបអង្កេតបានអនុវត្តនូវឆន្ទានុសិទ្ធិរបស់ខ្លួនត្រឹមត្រូវក្នុងការចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្ន ។ ៣ ការឃុំខ្លួនបណ្ដោះអាសន្ននៅតែជាវិធានការចាំបាច់មួយដោយផ្អែកលើមូលដ្ឋានដែលបានរៀបរាប់ខាងលើ» ។
សូមជម្រាបថាសំណុំរឿងបណ្តឹងឧទ្ធរណ៍សុំនៅក្រៅឃុំរបស់លោកស្រី អៀង ធីរិទ្ធ ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបើកសវនាការជាសាធារណៈរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២១ ខែឧសភាកន្លងទៅ ។
លោកស្រី អៀង ធីរិទ្ធ បានជាប់ឃុំជាមួយប្តីរបស់លោកស្រីគឺ លោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៧មក ដោយលោកស្រីរងការចោទជាពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៕
