សាលាក្តី​ខ្មែរ​ក្រហម​សម្រេច​បន្ត​ឃុំ​ខ្លួន នួន ជា ១​ឆ្នាំ​ទៀត

មេធាវី​របស់ នួន ជា អតីត​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា កូនក្តី​របស់​លោក​ត្រូវ​សាលាក្តី​ខ្មែរ​ក្រហម​សម្រេច​ឃុំ​ខ្លួន​បន្ត​មួយ​ឆ្នាំ​ទៀត។

លោក សុន អារុណ ជា​មេធាវី​របស់ នួន ជា ថ្លែង​គូស​បញ្ជាក់​ថា ការសម្រេច​ឃុំ​ខ្លួន​បន្ត​នេះ​គឺ​ដោយ​ក្រុម​ចៅក្រម​យក​សំអាង​លើ​វិធាន​ផ្ទៃក្នុង និង​អះអាង​ថា ការស៊ើបអង្កេត​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ។

លោក​មេធាវី សុន អារុណ បន្ត​ថា សាលាក្តី​មាន​សិទ្ធិ​ឃុំ​កូន​ក្តី​របស់​លោក​រយៈ​ពេល​៣​ឆ្នាំ ក៏ប៉ុន្តែ​លោក​ថ្លែង​ថា​លោក​នឹង​ដាក់​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការសម្រេច​ឃុំ​នេះ ដោយ​លោក​សំអាង​ថា​អំពើ​នេះ​គឺ​ជា​ការរំលោភ​លើ​សិទ្ធិ​កូនក្តី​របស់​លោក។

លោក សុន អារុណ បាន​ឲ្យ​ដឹង​ថា ៖ «តាម​បទបញ្ជា​ផ្ទៃក្នុង​របស់ ECCC អា​ហ្នឹង​អត់​ខុស​ទេ គេ​មាន​សិទ្ធិ​ផ្ដល់​ក្នុង​មួយ​ឆ្នាំ​ម្ដង បើ​គេ​យល់ឃើញ​ថា​ការអង្កេត​មិន​ទាន់​សព្វ​គ្រប់។ ហើយ​មួយ​ឆ្នាំ​ម្ដង​បាន​ពីរ​ដង​បន្ត មាន​ន័យ​ថា​ដាក់​ឆ្នាំ​ទី​១ ហើយ​និង​បន្ទាប់ពី​ហ្នឹង​បាន​បី​ឆ្នាំ​ម្ដង ប៉ុន្តែ​ម្ដង​មួយ​ឆ្នាំៗ។ ប៉ុន្តែ​យើង​ប្ដឹង​យើង​ឲ្យ​មាន​ហេតុ​មាន​ផល​ប្រាប់​គេ​ថា​កូន​ក្ដី​យើង​វា​ប៉ះពាល់​ដល់​សិទ្ធិ​ដល់​អី​របស់​កូន​ក្ដី​យើង»

សូម​ជម្រាប​ជូន​ថា នួន ជា ដែល​ជា​អតីត​ប្រធាន​រដ្ឋសភា​របប​ខ្មែរក្រហម​ផង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​អតីត​តំបន់​ខ្មែរ​ក្រហម​ប៉ៃលិន កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៧​កន្លង​ទៅ។

គិត​មក​ទល់​ថ្ងៃ​ទី​១៩ កញ្ញា​ម្សិលមិញ លោក នួន ជា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​រយៈ​ពេល​មួយ​ឆ្នាំ​គត់ ជាប់​ចោទ​ពី​បទល្មើស​ចំនួន​២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម៕