មន្ទិល​សង្ស័យ​អំពើ​ពុករលួយ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​ជម្រះ

2008-04-26

ភាព​មន្ទិល​សង្ស័យ​និង​ការ​ចោទ​ប្រកាន់​លើ​រឿងរ៉ាវ​នៃ​អំពើ​ពុករលួយ និង​ភាព​មិន​ប្រក្រតី​ក្នុង​ សាលាក្តី​ខ្មែរ​ក្រហម ត្រូវ​បាន​ជម្រះ​តាម​រយៈ​ការ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​មួយ ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ជំនាញ ។

Pool Photo/Vanara

អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​ពុធ ទី​២៣ មេសា​ ឆ្នាំ២០០៨ ។

ភាព​មន្ទិល​សង្ស័យ​និង​ការ​ចោទ​ប្រកាន់​ទៅ​លើ​រឿងរ៉ាវ​នៃ​អំពើ​ពុករលួយ និង​ភាព​មិន​ប្រក្រតី​នៅក្នុង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ត្រូវ​បាន​ជម្រះ​តាម​រយៈ​ការ​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ក្នុង​សវនកម្ម​មួយ ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ជំនាញ​ប្រឹក្សា​អន្តរជាតិ​ពីរ ដែល​មួយ​មកពី​ក្រុមហ៊ុន ឌឺឡយ ប្រចាំ​ប្រទេស​ឥណ្ឌា និង​មួយ​ទៀត​មាន​មូលដ្ឋាន​នៅ​កម្ពុជា ។

ការ​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ត្រី​ភាគី​មួយ​រវាង​សាលាក្តី​ខ្មែរក្រហម កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ UNDP និង​ប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា នៅក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មេសា ឆ្នាំ​២០០៨​នេះ ។

នៅក្នុង​បទ​បង្ហាញ​អំពី​លទ្ធផល​ត្រួតពិត្យ នៃ​សវនកម្ម​ចំពោះ​សាលាក្តី​ខ្មែរក្រហម លោក Jo Scheuer នាយក​ប្រចាំ​កម្ពុជា​នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ UNDPបាន​មាន​ប្រសាសន៍​ថា ការ​ត្រួតពិនិត្យ​បាន​ផ្តួចផ្តើម​ដោយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជា​ជាតិ ដើម្បី​ឲ្យ​មាន​សវនាការ​ផ្ទៃក្នុង​មួយ ទៅ​លើ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​របស់​សាលាក្តី​ខ្មែរ​ក្រហម បន្ទាប់​ពី​មាន​ការ​ចោទ​ថា មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ឆ្នាំ​កន្លងទៅ​នោះ ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា យោង​តាម​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​របស់​ក្រុមជំនាញ​ប្រឹក្សា​ទាំង​ពីរ​ពុំបាន​រកឃើញ​បញ្ហា​មិន​ប្រក្រតី​ដូច​បាន​ចោទ​ឡើង​នោះឡើយ ៖ «ក្រុម​អ្នកពិនិត្យ​ទាំងអស់​នេះ​បាន​រាយការណ៍ ដោយ​ខ្ញុំ​សូម​ដកស្រង់​មក​ថា ចំពោះ​ការ​ចោទ​ប្រកាន់​ថ្មីៗ​កន្លងមក​នេះ គឺ​មិន​មាន​ឃើញ​មាន​ការ​គ្រប់គ្រង​ខុស​ណា​មួយ​នៅ​ក្នុង​អង្គជំនុំជម្រះវិ​សាមញ្ញ​ឡើយ»

លោក Rafael Dochao Moreno ភារធារី​នៃ​ប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែង​គាំទ្រ​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​នោះ ហើយ​បាន​បញ្ជាក់​បន្ថែម​ថា សហគមន៍​អឺរ៉ុប​នៅតែ​មាន​ជំហរ​ជួយ​សាលាក្តី​ខ្មែរក្រហម​នេះ ទាំង​នយោបាយ​និង​ហិរញ្ញវត្ថុ ។

លោក Rafael Dochao Moreno បាន​មាន​ប្រសាសន៍​ថា ៖ «និយាយ​ជំនួស​ឲ្យ​សហគមន៍​អឺរ៉ុប អំពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ខ្ពង់ខ្ពស់​របស់​យើង នៅ​ក្នុង​ការ​បន្ត​ជួយ​ដល់​ជំនុំជម្រះ​វិសាមញ្ញ​នេះ ទាំង​ផ្នែក​នយោបាយ​ក៏​ដូច​ជា​ការ​គាំទ្រ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ» ។

លោក ស៊ាន វិសុទ្ធ ប្រធាន​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​ចំពោះ​អំពើ​ពុករលួយ និង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​នៃ​សាលាក្តី​នេះ​ថា ជា​ការ​ចោទប្រកាន់​ទូលំ​ទូលាយ​គ្មាន​ប្រភព​និង​មូលដ្ឋាន​ច្បាស់លាស់ ។

លោក​មាន​ប្រសាសន៍​ជា​ចុងក្រោយ​ថា សេចក្តី​ថ្លែងការណ៍​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប​នៅក្នុង​ថ្ងៃនេះ គឺ​ជា​ការ​បិទ​ទំព័រ​ខ្មៅ​ចំពោះ​គុណវិបត្តិ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម ។

លោក ស៊ាន វិសុទ្ធ បាន​បញ្ជាក់​ថា ៖ «គឺ​យើង​អាច​បិទ​នូវ​ទំព័រ​នេះ​បាន ដោយសារ​ឆ្លុះ​បញ្ចាំង​នូវ​សេចក្តី​ថ្លែងការណ៍​របស់​សហគមន៍​អឺរ៉ុប ក៏ដូច​ជា​ខាង UNDP ដែល​គាត់ មាន​ការ​ប្តេជ្ញា​ចិត្ត​សម្តែង​ការ​គាំទ្រ​ទាំង​ផ្នែក​នយោបាយ ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សាលាក្តី​នេះ​ត​ទៅ​ទៀត» ៕

អត្ថបទ​ដែល​ទាក់ទង

សាលាក្ដី​ខ្មែរ​ក្រហម​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​ផ្នែក​ថវិកា?

សង្គមស៊ីវិល​ជំរុញ​ឲ្យ​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ទាមទារ​សំណង​ជា​រួម

កម្ពុជា​ស្នើ​ឲ្យ​ដាក់​បញ្ចូល​អតីត​គុក​ទួលស្លែង​ជា​សារមន្ទីរ​ចងចាំ​របស់​ពិភពលោក

មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​ចង់​ឲ្យ​អាមេរិក​បញ្ជាក់​ច្បាស់​អំពី​ការផ្ដល់​ជំនួយ

សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ជំនួយ​ថវិកា​ដល់​សាលាក្ដី​ខ្មែរ​ក្រហម

សាក្សី​ក្នុង​សំណុំរឿង ឌុច សុំ​ឲ្យ​មាន​ការការពារ​សន្តិសុខ​និង​អត្តសញ្ញាណ​ក្នុង​សវនាការ

ចៅក្រម​ស៊ើបអង្កេត​និយាយពី​បញ្ហា​បណ្ដឹង​ឧទ្ធរណ៍​តវ៉ា​ចំពោះ​ដីកា​បញ្ជូន​សំណុំរឿង​ឌុច

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ឯកសារ​សម្ងាត់​របស់​គុក​ទួលស្លែង

ព្រះរាជ​អាជ្ញា​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ប្ដឹង​ឧទ្ធរណ៍​ករណី ឌុច

លទ្ធផល​កោសល្យ​វិច័យ បង្ហាញ​ថា ឌុច គ្មាន​បញ្ហា​ផ្លូវ​ចិត្ត​ទេ