សហជីព​សេរី​កម្មករ​គ្រោង​តវ៉ា​នឹង​ការ​លើក​លែង​ការ​ចោទ​ប្រកាន់ លោក ឈូក បណ្ឌិត

បន្ទាប់​ពី​តុលាការ​ខេត្ត​ស្វាយរៀង បាន​ចេញ​ដីកា​កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២ លើក​លែង​ការ​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិត គឺ​លោក ឈូក បណ្ឌិត ឲ្យ​រួច​ពី​ការ​ចោទ​ប្រកាន់​លើ​ករណី​បាញ់​រះ​លើ​កម្មការិនី​បី​នាក់​អោយ​រង​របួស​មក មាន​មតិ​ជាតិ និង​អន្តរជាតិ​ជាច្រើន រិះគន់​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា មិន​ឯករាជ និង​គ្មាន​យុត្តិធម៌។
ដោយ ទេព សុរ៉ាវី
2012-12-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជា​ មុនី
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។
RFA file photo

ទន្ទឹម​គ្នា​នោះ ក្រុម​សហជីព​គ្រោង​នឹង​ធ្វើ​ការ​តវ៉ា​បាតុកម្ម​អហិង្សា​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង នោះ។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រៀម​ដឹកនាំ​កម្មករ​កម្មការិនី​ប្រមាណ ១​ពាន់​នាក់ ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​២០១៣ ខាង​មុខ ដើម្បី​តវ៉ា​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង។

ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១២ លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ បាន​គូស​បញ្ជាក់​ថា ដើម្បី​ចូល​រួម​ចំណែក​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រឹង​នីតិរដ្ឋ​ពិត​ប្រាកដ​នៅ​កម្ពុជា។ សហជីព​សេរី​កម្មករ នឹង​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង។

លោក ជា មុន្នី ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​មិន​ចង់​បាន​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ​នោះ​ទេ ហើយ​ការ​ធ្វើ​បាតុកម្ម​អហិង្សា​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ពលរដ្ឋ​គ្រប់​រូប ចំពោះ​វប្បធម៌​គ្មាន​ទោស​ពៃរ៍​លើ​ជន​ប្រព្រឹត្ត​បទ​ល្មើស៖ «ដើម​ហេតុ គឺ​យើង​ចង់​បង្ហាញ​ថា​ជន​ដៃ​ដល់ ជន​ល្មើស​មិន​ត្រូវ​បាន​គេ​កាត់​ទោស ប៉ុន្តែ​អ្នក​ដែល​គ្មាន​ទោស​ពៃរ៍ ត្រូវ​បាន​គេ​ដាក់​ពន្ធនាគារ​ដាក់​ទោស។ កម្មការិនី និង​ពលរដ្ឋ​ទាំង​អស់​អត់​ចង់​ឃើញ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ជួប​នឹង​ឧបសគ្គ​ដោយ​មិន​មាន​លក្ខណៈ​ឯករាជ»

លិខិត​ស្នើសុំ​របស់​សហជីព​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ​ទេ​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ។

ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក ហ៊ីង ប៊ុនជា ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១២ ថា លោក ឈូក បណ្ឌិត ដែល​ជា​ជន​សង្ស័យ​ក្នុង​ការ​ប្រើ​អាវុធ​បាញ់​រះ​លើ​កម្មករ​ឲ្យ​របួស​កាល​ពី​ថ្ងៃ​ទី២០ កុម្ភៈ គឺ​តុលាការ​រក​មិន​ឃើញ​កំហុស​ទេ ទើប​ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់។ ប៉ុន្តែ​ព្រះរាជ​អាជ្ញា​ដដែល​នេះ ធ្លាប់​បាន​ចោទ​លោក ឈូក បណ្ឌិត ថា​បាន​ប្រើ​អាវុធ​បាញ់​រះ​ទៅ​លើ​កម្មករ។ តែ​ទោះ​ជា​យ៉ាង​ណា លោក ហ៊ីង ប៊ុនជា បន្ត​ថា​ជន​រងគ្រោះ​អាច​ប្ដឹង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍ ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង បាន។

អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ត្រូវ​គេ​ដឹង​ថា​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។ លោក ឈូក បណ្ឌិត ដែល​ជាប់​ចោទ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ក្នុង​ករណី​ប្រព្រឹត្ត​អំពើ​ហិង្សា​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែក​ជើង​កៅវ៉េ ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ បណ្ដាល​ឲ្យ​កម្មការិនី​ចំនួន ៣នាក់ រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ធ្វើ​ការ​លើក​លែង​ចោទ​ប្រកាន់​ឲ្យ​រួច​ផុត​ពី​បទ​ចោទ​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហជីព បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ រិះគន់​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង បង្ហាញ​ថា​ប្រព័ន្ធ​តុលាការ​កម្ពុជា ជា​អាយ៉ង​របស់​អ្នក​មាន​លុយ និង​មាន​អំណាច។ ជាមួយ​គ្នា​នោះ​ដែរ ខាង​សហជីព​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ទាំង​អស់ ជាពិសេស​ក្រុមហ៊ុន​ភូម៉ា (Puma) ឲ្យ​បញ្ឈប់​ការ​ទិញ​ផលិត​ផល​ពី​ក្រុមហ៊ុន​រោងចក្រ​កៅវ៉េ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល និង​តុលាការ ឲ្យ​គោរព និង​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (8)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ទស្សនះពិត

ពី ក្រចេះ

កុំឆ្ងល់អី ស្រុកយើងបច្ចុប្បន្នបើមាន​ ហុន សែន គឺមានអំពើអយុត្តិធ័មនិ​ងការស្រែកយំព្រោះអីរូបមន្តបានកំណត់ថា តុលាការតំបូងខេត្ត+ តុលាការតំបូងរាជធានី+ តុលា​ឧទណ៏+ តុលាការកំពូល+ បក្សពួកគណបក្សប្រជាជាន់ ក្រោមអំណាច= ហុន សែនទាំងអស់

Dec 28, 2012 10:07 PM

អ្នក​អាន​អនាមិក

This is a time we are all should help ourselves, do not wait Cambodian Court help us. So please come to join this event to so our expression.

Dec 28, 2012 06:34 PM

អ្នក​អាន​អនាមិក

ខ្ញុំហាក់ចង់ស្ទះម្តងៗកាលបើមើលអត្ថបទពត៏មានដែលទាក់ទង
នឹងឈូក បណ្ឌឹត និងសេចក្តីសំរេចចុងក្រោយមួយចំនួន
របស់តុលាកា។សូមអោយការតស៊ូនតិរបស់កម្មករទាំងអស់
ដើម្បីយុត្តិធម៏បានជោគជ័យ។

Dec 28, 2012 04:39 AM

អ្នក​អាន​អនាមិក

ក្រុមហ៊ុនបញ្ជាទិញផលិតផលPUMA គួរតែលុបចោលការបញ្ជាទិញទាំងអស់បើពួកគេពិតជាស្រឡាញ់យុត្តិធម៌ និងគិតគូពីស្ថានភាពសិទ្ឋិរបស់កម្មករ។

Dec 28, 2012 02:43 AM

អ្នក​អាន​អនាមិក

អញត្រូវការពារកៅអីអញអោយបាន កម្មករចង់ឯងស្រែកទាល់
តែធ្លាយបំពង់ក៏ងាប់ទៀតក៏ស្រែកទៅ ព្រោះថាបើអោយ
អាមួយនេះខុសអញពិតជាអស់់តំណែងហើយ នេះហើយ
ដែលចោទថាពុករលួយ បក្សពួកជាប្រព័ន្ធនោះនៅឆ្ងល់ដល់ណាទៀត
ហត្ថលេខា
តុលាកា ខ ស រ

Dec 28, 2012 02:24 AM

មើល​មតិ​ទាំង​អស់.