តំណាងសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចឃុំជើងគ្រាវ លោក សៅ ស៊ាន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី៦ កក្កដា ថានៅពេលដែលលោក កឹម សុខា ធ្វើដំណើរមកកាន់ឃុំជើងគ្រាវនោះ ពួកគាត់បានទៅចូលរួមមែនតែមិនមែនទៅចុះចូលដូចលោក ញ៉េប ឡេង ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសិទ្ធិមនុស្សឃុំជើងគ្រាវ ប្រកាសកាលពីថ្ងៃទី២៥ មិថុនានោះទេ តែពួកគាត់មានបំណងមកស្តាប់ពីបញ្ហាដំណោះស្រាយដីធ្លីដែលពួកគាត់ត្រូវអ្នកមានអំណាចនៅទីនោះរំលោភយក ។
លោក សៅ ស៊ាន បានឲ្យដឹងថា ៖ «ខ្ញុំជាសមាជិករបស់គណបក្សហ៊្វុនស៊ិនប៉ិច ហើយកាលពីលើកមុន កាលពីគណបក្សសិទ្ធិមនុស្សគេមកឃោសនាហ្នឹង ខ្ញុំស្មានថាគេមកដោះស្រាយវិវាទដីធ្លីរបស់ប្រជាជន ដល់ពេលអ៊ីចឹងទៅខ្ញុំអត់ដឹងដែរ ហើយខ្ញុំទៅចូលរួមនឹងគេដែរ ដល់ពេលនេះគេថាប្រជាពលរដ្ឋនៅឃុំជើងគ្រាវហ្នឹងបានចុះចូលទៅគណបក្សសិទ្ធិមនុស្ស ប៉ុន្តែប្រជាពលរដ្ឋដែលទៅហ្នឹងគេអត់ដឹងផង ហើយក៏អត់បានចុះចូលគណបក្សសិទ្ធិមនុស្សដែរ» ។
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងជាអភិបាលរងស្រុករលាប្អៀរ លោក ជ័យ សុភ័ណ អះអាងបន្ថែមថា ៖ «ការពិតមិនមែនការចុះចូលដូចខាងគណបក្សសិទ្ធិមនុស្សលោកអះអាងទេ ព្រោះអីខ្ញុំបានទាក់ទងជាមួយខាងលោកជំទប់ខ្ញុំហ្នឹងដែរ គាត់ថាអត់មានការចុះចូលអីទេ ហើយខ្ញុំបានទៅធ្វើការតាមអាស៊ីសេរីផ្សាយហ្នឹងដែរ ប៉ុន្តែអត់មានបញ្ហាអីទេកម្លាំងខ្ញុំគ្មានងាករេទៅណាទេនៅក្នុងស្រុករលាប្អៀរ មានតែគេសុំចុះចូលថែម ប៉ុន្តែខ្ញុំមិនបានរាយការណ៍ជូន» ។
ឆ្លើយតបចំពោះបញ្ហាខាងលើប្រធានគណៈកម្មការប្រតិបត្តិគណបក្សសិទ្ធិមនុស្ស ខេត្តកំពង់ឆ្នាំង លោក ម៉ក់ ជាលី មានប្រសាសន៍ថាគណបក្សសិទ្ធិមនុស្សគឺជាគណបក្សដែលទើបបង្កើតថ្មីមានសមាជិកគណបក្សផ្សេងជាច្រើនបានមកចុះចូល ហេតុនេះការចូលរួមរបស់សមាជិកគណបក្សហ៊្វុនស៊ិនប៉ិចគឺជាការពិតពុំមែនជាការប្រឌិតនោះឡើយ ។
លោក ម៉ក់ ជាលី បានមានប្រសាសន៍ថា ៖ «លោក ញ៉េប ឡេង អតីតសកម្មជនរបស់គណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែបច្ចុប្បន្ននេះគាត់ជាគណៈកម្មការប្រតិបត្តិប្រចាំឃុំជើងគ្រាវ បានន័យថាគាត់បានឡើងធ្វើសេចក្ដីថ្លែងការណ៍នោះ គាត់ចង់បញ្ជាក់ថាពីមុនគាត់ជាអតីតរបស់គណបក្សហ៊្វុនស៊ិនប៉ិច បច្ចុប្បន្ននេះគាត់បានចូលរួមជាមួយគណបក្សសិទ្ធិមនុស្សហើយ ហើយគាត់ចង់បញ្ជាក់បន្ថែមទៀតថាការចូលរួមនេះមិនមែនមានតែគាត់ម្នាក់ឯងទេ គឺមានការចូលរួមយ៉ាងច្រើនកុះករទៀតផង ជាពិសេសពីគ្រប់និន្នាការគណបក្ស ក្នុងនោះមានហ៊្វុនស៊ិនប៉ិចមួយចំនួនដែរ បើតាមសម្ដីរបស់លោក ញ៉េប ឡេង ដែលគាត់បានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៥ហ្នឹង» ។
ទោះបីជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលនិងអង្កេតអង្គការអាដហុកខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មានប្រសាសន៍ថានេះគ្រាន់តែជារូបភាពមួយដើម្បីបង្ហាញពីឥទ្ធិពលរបស់គណបក្សនីមួយៗប៉ុណ្ណោះ ឯលទ្ធផលបោះឆ្នោតថ្ងៃទី២៧ កក្កដា ទើបអាចបញ្ជាក់ពីការពិតបាន ៕
