សាលា​ក្រុង​បដិសេធ​សំណើ​សហជីព​ជួប​ជុំ​ស្នើ​ដំឡើង​ប្រាក់​ខែ​កម្មករ​នៅ​ថ្ងៃ​ទី​៣០

សាលា​រាជធានី​ភ្នំពេញ បដិសេធ​មិន​ឲ្យ​មេ​ដឹកនាំ​សហជីព​មិន​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​សួន​ច្បារ​មុខ​តុលាការ​កំពូល​ទេ នៅ​ថ្ងៃ​ទី៣០ ខែ​ធ្នូ។
ដោយ ដែន អយុធ្យា
2012-12-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យ៉ា សុភ័ណ្ឌ ៣០៥
ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១២។
RFA/Den Ayuthyea

ប៉ុន្តែ​មេ​ដឹកនាំ​សហជីព បាន​អះអាង​ថា ពួក​គេ​នឹង​រក្សា​ជំហរ​ដឹកនាំ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​អហិង្សា ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ការងារ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ពី ៦១​ដុល្លារ​ដល់ ១៥០​ដុល្លារ​ក្នុង​១ខែ។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ ថា អ្នកស្រី​ខក​ចិត្ត​ចំពោះ​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​កម្មករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​កំពូល ឬ​អតីត​មន្ទីរ​រដ្ឋសភា។

អ្នកស្រី​ឲ្យ​ដឹង​ថា គោល​បំណង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​ធ្នូ ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ការងារ ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ពី ៦១​ដុល្លារ​ក្នុង​១ខែ ដល់ ១៥០​ដុល្លារ​ក្នុង​១ខែ៖ «យើង​ក្រឡេក​ទៅ​មើល​ប្រាក់​របស់​កម្មករ​កម្មការិនី​យើង​សព្វថ្ងៃ​នេះ គឺ​អាច​ឲ្យ​គាត់​រស់​នៅ​មាន​ជីវភាព​ថ្លៃថ្នូរ នៅ​ក្នុង​សង្គម​បាន​ទេ។ ដូច្នេះ​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ការងារ​ពិចារណា​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​កម្មការិនី​នៅ​ចុង​ឆ្នាំ​២០១២ នេះ»

សម្ព័ន្ធ​សហជីព​កម្ពុជា បាន​អះអាង​ថា ខ្លួន​នៅ​រក្សា​ជំហរ​ដឹកនាំ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម ទៅ​តាម​ការ​គ្រោង​ទុក ទោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ក្តី។

បញ្ហា​នេះ លោក ថោង សុភ័ណ្ឌ តំណាង​កម្មករ​បម្រើ​ការ​នៅ​រោងចក្រ​ហែនសាំមួយ (Hand Some1) មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ មាន​អារម្មណ៍​ខក​ចិត្ត​ដែល​អាជ្ញាធរ​មិន​សហការ​ជាមួយ​ពួក​គេ។ លោក​ថា សំណើ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ ជា​រឿង​សម​ហេតុផល ស្រប​ពេល​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់៖ «ជួយ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ បើ​មិន​បាន ១៥០​ដុល្លារ ក៏​បាន​ត្រឹម ១៤០​ដុល្លារ​ដែរ​ក្នុង​១ខែ ក៏​អាច​សមរម្យ និង​អាច​រស់​នៅ​បាន។ ព្រោះ​អី​សព្វថ្ងៃ​នេះ​ប្រាក់​ខែ ៦១​ដុល្លារ​ក្នុង​១ខែ អត់​គ្រប់គ្រាន់​ទេ»

ដូច​គ្នា​ដែរ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ចាត់​ទុក​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ ថា​ជា​ការ​រឹត​ត្បៀត​សេរីភាព​សម្ដែង​មតិ ការពារ​ដោយ​រដ្ឋធម្មនុញ្ញ៖ «អាជ្ញាធរ​ក្រុង​ភ្នំពេញ មាន​ចិត្ត​ចង្អៀត​ចង្អល់ និង​ជា​ការ​រឹត​បន្តឹង​ដល់​សិទ្ធិ​សេរីភាព​របស់​បង​ប្អូន​កម្មករ​កម្មការិនី ក្នុង​ការ​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​នេះ»

លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ​ផង​នោះ បាន​អំពាវនាវ​ឲ្យ​សហជីព​នានា​ចូល​រួម​ឲ្យ​បាន​ច្រើន នៅ​ថ្ងៃ​ទី៣០ ខែ​ធ្នូ ព្រោះ​ជំហរ​សហជីព​មិន​ផ្លាស់​ប្ដូរ​ទេ។

ទាក់​ទិន​បញ្ហា​នេះ លោក កើត ឆែ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ក្នុង​កំណត់​ហេតុ​ប្រជុំ​ថ្ងៃ​ទី២៥ ខែ​ធ្នូ ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​សហជីព​កម្មករ​យក​សួន​ច្បារ​មុខ​តុលាការ​កំពូល​ជួប​ជុំ​គ្នា​ទេ។ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​កម្មករ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ចាត់​តំណាង​ចំនួន ២០​នាក់ យក​ញត្តិ​ដាក់​ជូន​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ជំនួស​វិញ។ ហើយ​ថា​ការ​រៀបចំ​ពិធី​នេះ សហជីព​ត្រូវ​ធានា​សន្តិសុខ​ខ្លួន​ឯង មិន​ត្រូវ​យក​កម្មវិធី​នេះ​បម្រើ​ឲ្យ​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ណា​មួយ ឬ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ព្រះមហាក្សត្រ រាជ​រដ្ឋាភិបាល ប្រទេស​ជិត​ខាង និង​ឥស្សរជន​ណា​ម្នាក់​ទេ។

មន្ត្រី​ក្រសួង​ការងារ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​គម្រោង​ធ្វើ​កូដកម្ម​ស្នើ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ និង​សហជីព​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី១១ ខែ​ធ្នូ សម្ព័ន្ធ​សហជីព​កម្ពុជា បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​ការងារ ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​កម្មការិនី ឲ្យ​បាន​ពី ៦១​ដុល្លារ ដល់ ១៥០​ដុល្លារ​ក្នុង​១​ខែ ប៉ុន្តែ​សំណើ​នេះ​មិន​មាន​ការ​ឆ្លើយ​តប​ទេ ទើប​រៀបចំ​គម្រោង​ដឹកនាំ​ធ្វើ​បាតុកម្ម​អហិង្សា​នេះ​ឡើង។

អ្នកស្រី យ៉ាង សុភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​កម្រិត​ស្ថានភាព​ជីវភាព​រស់នៅ​របស់​កម្មករ​កម្មការិនី ចំពោះ​ប្រាក់​ឈ្នួល​អប្បបរមា ៦១​ដុល្លារ​ក្នុង​១​ខែ បាន​ធ្វើ​ឲ្យ​ជីវភាព​កម្មករ​កម្មការិនី​មាន​គម្លាត​ឆ្ងាយ​ពី​តម្លៃ​ទំនិញ​លើ​ទីផ្សារ​បច្ចុប្បន្ន។ អ្នកស្រី​ឲ្យ​ដឹង​ថា តម្លៃ​ទំនិញ​លើ​ទីផ្សារ​បច្ចុប្បន្ន បាន​កើន​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នាំ​ឲ្យ​កម្មករ​និយោជិត​ខ្វះ​ថវិកា​សម្រាប់​ចំណាយ​ទៅ​លើ​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ថ្លៃ​រថយន្ត​ឈ្នួល ថ្លៃ​ឈ្នួល​ផ្ទះ ថ្លៃ​ម្ហូប​អាហារ និង​ការ​ចំណាយ​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សុំសសើរដល់អ្នកដឹកនាំសហជីព ដែលមានភាពក្លាហានធ្វើសកម្មភាព នាបេលលដែលប្រទសយើងកំពុងស្ថិតក្នុងរបបបែបកំរោល។

Dec 26, 2012 10:23 PM