សិទ្ធិ​មនុស្ស​សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់ ទឹម សាខន

2008-07-03

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ឲ្យ​អាជ្ញាធរ​វៀតណាម​ផ្តល់​សិទ្ធិ​ពេញលេញ​ទៅ​ឲ្យ​អតីត​ព្រះសង្ឃ ទឹម សាខន ដែល​អាជ្ញាធរ​វៀតណាម​អះអាង​ថា​បាន​ដោះលែង​កាលពី​ពេល​ថ្មីៗ​នេះ ។

នៅក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ Human Rights Watch បាន​បញ្ជាក់​ថា​អាជ្ញាធរ​វៀតណាម​គួរតែ​ផ្តល់​សេរីភាព​ឲ្យ​លោក ទឹម សាខន ក្នុង​ការធ្វើ​ដំណើរ​និង​ជួបជុំ​សាច់ញាតិ​ដោយ​ឯកជន ។ ចំណែក​ឯ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ប្រកាស​ជា​សាធារណៈ​ថា លោក ទឹម សាខន មាន​សេរីភាព​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ ។

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ថា មាន​ការដោះលែង​និង​សូម​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ប្រកាស​ជា​សារធារណៈ​អំពី​លោក ទឹម សាខន​នោះ ត្រូវ​បាន​មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បដិសេធ​ថា​លោក​មិន​ដឹង​រឿង​នោះ​ទេ​ព្រោះ​លោក ទឹម សាខន នៅ​ប្រទេស​វៀតណាម ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​គ្រាន់តែ​ឃើញ​មាន​ការអំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ប្រកាស​ថា ឲ្យ​លោក ទឹម សាខន មាន​សិទ្ធិ​ចូល​កម្ពុជា​បាន​ព្រោះ​ខ្ញុំ​បាន​ប្រាប់​ថា​រាល់​ដង​រដ្ឋាភិបាល​មាន​ដែល​ឃាត់ ទឹម សាខន មិន​ឲ្យ​ចូល​កម្ពុជា​ឯណា ហើយ​អ៊ីចឹង​ចាំបាច់​រដ្ឋាភិបាល​ប្រកាស​ធ្វើ​អី ?»

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា លោក ទ្រីង បាកាំ បាន​អះអាង​ថា​លោក​គ្រាន់តែ​ដឹង​ថា លោក ទឹម សាខន ត្រូវ​តុលាការ​វៀតណាម​បាន​កាត់ទោស​សម្រេច​ឲ្យ​ចេញ​ពី​គុក​ហើយ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា លោក ទឹមសាខន នៅ​ទី​ណា​ទេ​នៅ​ពេល​នេះ ។

បើ​តាម​នាយក​ប្រតិបត្តិ​អង្គការ​ខ្មែរ​ក្រោម​ការពារ​សិទ្ធិ​មនុស្ស លោក អាង ច័ន្ទរិទ្ធ បាន​ឲ្យ​ដឹង​ថា​ព័ត៌មាន​ដែល​ថា​អាជ្ញាធរ​វៀតណាម​ដោះលែង លោក ទឹម សាខន​នោះ មិន​អាច​យក​ជា​ការ​បាន​នៅ​ឡើយ​ទេ ព្រោះ​រហូត​មក​ដល់​ថ្ងៃ​នេះ អង្គការ​សង្គម​ស៊ីវិល​និង​សាច់ញាតិ​របស់​លោក ទឹម សាខន មិន​បាន​ឃើញ​លោក ទឹម សាខន នៅ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ ។

លោក អាង ច័ន្ទរិទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «យើង​មិន​ទាន់​ជឿ​ថា​ព័ត៌មាន​នេះ​ជា​ព័ត៌មាន​ពិត​ទេ ព្រោះ​អាជ្ញាធរ​វៀតណាម​ធ្លាប់​បាន​អះអាង​ផ្ទាល់មាត់​ជា​មួយ​លើក​ពីរ​លើក​ហើយ​ថា ដោះលែង​ព្រះសង្ឃ ទឹម សាខន ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​ហើយ​ក៏​មិន​មែន​ជា​ព័ត៌មាន​ពិត ។ ដូច្នេះ​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​ចេញ​មក​ឲ្យ​សាធារណជន​ដើម្បី​ដឹង​សិន ក៏​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​នៅ​ពេល​បច្ចុប្បន្ន​នេះ សូម​ឲ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដើម្បី​នាំ​យក​ព្រះតេជគុណ ទឹម សាខន យក​មក​កម្ពុជា​វិញ»

បើ​តាម​សាច់ញាតិ​របស់​លោក ទឹម សាខន នៅ​ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹង​ថា​បន្ទាប់ពី​បាន​ចេញ​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២៨ មិថុនា ពួក​គេ​បាន​ឃើញ​លោក ទឹម សាខន ទៅ​លេង​បង​ប្អូន​មួយ​ភ្លែត​ដែរ​ដោយ​មាន​អ្នក​ឃ្លាំមើល​ជាប់​រហូត ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា លោក ទឹម សាខន បាន​ទុក​សំបុត្រ​មួយ​ឲ្យ​បញ្ជាក់​ថា ដោយ​បញ្ជាក់​ថា​អាជ្ញាធរ​វៀតណាម​បាន​យក​រូប​លោក​ទៅ​ដើរលេង​នៅ​ប្រទេស​វៀតណាម​រយៈពេល​មួយ​ខែ​ទៀត​ទើប​ត្រឡប់​មក​វិញ ៕

អត្ថបទ​ដែល​ទាក់ទង

អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើសុំ​ទូត​វៀតណាម​ដើម្បី​ជួប ទឹម សាខន

មន្ត្រី​ក្រសួង​យុត្តិធម៌​ខ្មែរ​បដិសេធ​ដំណឹង​ផ្សាយ​ដោយ​វិទ្យុ​អាស៊ីសេរី​ភាសា​វៀតណាម

ក្រុម​សិទ្ធិ​មនុស្ស​គ្រោង​ប្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ពី​ករណី ទឹម សាខន

សហព័ន្ធ​ខ្មែរ​ក្រោម​ទៅ​ប្រជុំ​នៅ​ប្រទេស​បែលហ្ស៊ិក​ពី​រឿង​សិទ្ធិ​មនុស្ស

អង្គការ សមាគម​ខ្មែរ​ក្រោម​ប្រជុំ​គ្នា​រក​មធ្យោបាយ​ជួយ​អតីត​សង្ឃ ទឹម សាខន

ទឹម សាខន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ដោះលែង​ពី​ពន្ធនាគារ​នា​ដើម​ខែ​សីហា

តំណាង​ព្រះសង្ឃ​និង​អង្គការ​ខ្មែរ​ក្រោម មន្ទិល​សង្ស័យ​ចំពោះ​ការដោះលែង​ទឹម សាខន

ទឹម សាខន ត្រូវ​អាជ្ញាធរ​វៀតណាម​ដោះលែង​វិញ​ហើយ

សហព័ន្ធ​ខ្មែរ​ក្រោម​នឹង​ចូលរួម​បាតុកម្ម​ប្រឆាំង​ទស្សនកិច្ច​នាយក​រដ្ឋមន្ត្រី​វៀតណាម​នៅ​អាមេរិក