សហមេធាវីរបស់ អៀង សារី ដែលមានលោក អាង ឧត្តម និងលោក Michael Karnavas បានស្នើសុំឲ្យកូនក្តីរបស់លោកនៅក្រៅឃុំបណ្តោះអាសន្ន ឬសុំឲ្យឃុំខ្លួននៅផ្ទះ ៖ «ដូច្នេះគឺយើងសម្រេចថាយើងនឹងស្នើសុំឲ្យធ្វើការដាក់នៅក្នុងផ្ទះ ឬក៏ឃុំឃាំងនៅកន្លែងណាមួយ» ។
លោក អៀង សារី បានចូលរួមក្នុងសវនាការពេញមួយថ្ងៃតែមិនបាននិយាយអ្វីទេ ។ ស្ថានភាពសុខភាពលោក អៀង សារី មានសភាពធម្មតាខុសពីថ្ងៃម្សិលមិញ ។
ការជជែកដេញដោលគ្នានៅចំពោះមុខអង្គបុរេជំនុំជម្រះនាថ្ងៃទីពីរនេះ ភាគីព្រះរាជអាជ្ញានិងសហមេធាវីរបស់ អៀង សារី រួមទាំងតំណាងដើមបណ្តឹងរដ្ឋប្បវេណីផង បានផ្តោតសំខាន់ទៅលើគោលការណ៍មិនកាត់ទោសពីរដងចំពោះបទចោទតែមួយលើមនុស្សម្នាក់ ។
ផ្អែកតាមគោលការណ៍មិនកាត់ទោសពីរដងចំពោះបទចោទតែមួយខាងលើ សហមេធាវីរបស់លោក អៀង សារី បានសុំឲ្យអង្គបុរេជំនុំជម្រះនៃសាលាក្តីខែ្មរក្រហមលុបចោលការជំនុំជម្រះនាពេលនេះ ហើយសុំឲ្យយកការកាត់ទោសឆ្នាំ១៩៧៩ ដោយតុលាការប្រជាជនបដិវត្តន៍ថាជាបានការ ហើយថាការកាត់ទោសនាពេលនោះបានគ្របដណ្ដប់លើបទល្មើសទាំងអស់ហើយ ។ ក៏ប៉ុន្តែព្រះរាជអាជ្ញាអង្គបុរេជំនុំជម្រះនៃសាលាក្តីខែ្មរក្រហមបានបដិសេធដោយសំអាងថាការកាត់ទោសពេលនោះមិនស្របតាមបទដ្ឋាននិងគោលការណ៍អន្តរជាតិ ។
ការជំនុំជម្រះនេះបានផ្អាកនៅម៉ោង ៤ និង ២០នាទី ថ្ងៃទី១ ខែកក្កដា ហើយនឹងបន្តសវនាការនៅថ្ងៃទី២ ខែកក្កដាបន្តទៀត ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃ៣ ខែកក្កដា ដើម្បីសម្រេចថាត្រូវដោះលែងឲ្យនៅក្រៅឃុំ ឬត្រូវនៅក្នុងការឃុំខ្លួនជាបណ្ដោះអាសន្នជាបន្តទៀត ៕
