លោក ផាត់ ពៅស៊ាង មេធាវីសញ្ជាតិខ្មែររបស់លោកស្រី អៀង ធីរិទ្ធ បានមានប្រសាសន៍ទាក់ទងនឹងការទៅពិនិត្យសុខភាពរបស់កូនក្តីលោកយ៉ាងដូច្នេះ ៖ «គ្រាន់តែឆែក Medical ធម្មតា គាត់ឈឺ ភ្នែកគាត់មើលមិនច្បាស់ ហើយណាមួយគាត់ឈឺជង្គង់ ដល់អ៊ីចឹងទៅកន្លងមកតាៗបីនាក់ហ្នឹងគឺថា អ៊ំ ខៀវ សំផន អ៊ំ អៀង សារី ហើយនិងអ៊ំ នួន ជា ហ្នឹង បានទៅឆែក Medical ហើយ ដល់អ៊ីចឹងទៅយាយ អៀង ធីរិទ្ធ អត់ទាន់បានទៅ។ អ៊ីចឹងហើយតាមរយៈហ្នឹងគាត់ក៏ស្នើខ្ញុំប្រាប់ថា ភ្នែកគាត់មើលមិនសូវច្បាស់ ចេះតែហៀរទឹកភ្នែក ហើយទី២ គាត់ឈឺក្បាលជង្គង់ ដល់អ៊ីចឹងទៅខ្ញុំក៏ធ្វើលិខិតមួយស្នើសុំទៅចៅក្រមអង្កេត ចៅក្រមអង្កេតក៏បានអនុញ្ញាត។ ដល់អនុញ្ញាតទៅម្សិលមិញហ្នឹងគេក៏ដឹកគាត់ទៅពេទ្យដើម្បីឆែក Medical General ធម្មតាហ្នឹង។ ពិនិត្យហើយ ភ្នែកគាត់មិនសូវស៊ី ខ្ញុំក៏សុំឲ្យគេដូរវ៉ែនតាឲ្យគាត់»។
ចំពោះស្ថានភាពសុខភាពទូទៅរបស់ស្រ្តីអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមរូបនេះ លោកមេធាវី ផាត់ ពៅស៊ាង បានបញ្ជាក់ថា គឺត្រូវរង់ចាំលទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យសិន។ ប៉ុន្តែលោកមេធាវីបានឲ្យដឹងបន្ថែមថា កូនក្តីរបស់លោកមានជំងឺដទៃទៀត ហើយក៏ធ្លាប់បានទទួលការអនុញ្ញាតឲ្យចេញពីមន្ទីរឃុំឃាំងទៅពិនិត្យព្យាបាលជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមកនេះ។
លោកមេធាវី ផាត់ ពៅស៊ាង បានមានប្រសាសន៍ថា ៖ «ជឿថា តាំងពីគាត់ជាប់ឃុំមកគឺបើខ្ញុំចាំមិនភ្លេចទេ គឺខែ២គាត់ទៅម្ដង ដល់ពេលហ្នឹងគឺគាត់ខាកមកគឺថាមានឈាម។ នៅខែ៧គាត់ទៅម្ដងទៀត ទៅពិនិត្យត្រគាករបស់គាត់ ព្រោះត្រគាកគាត់ត្រគាកសិប្បនិម្មិត។ ដល់ខែ១០គាត់ទៅម្ដងទៀត គឺថាជានិច្ចកាលនៅពេលដែលគាត់មិនស្រួលខ្លួន គាត់ប្រាប់ខ្ញុំ ខ្ញុំតែងតែស្នើសុំទៅចៅក្រមអង្កេតឲ្យគាត់បានទៅពិនិត្យ»។
ទាក់ទងនឹងស្ថានភាពករណីរឿងក្តីរបស់លោកស្រី អៀង ធីរិទ្ធ វិញ លោកមេធាវី ផាត់ ពៅស៊ាង បានបញ្ជាក់ថា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ ៖ «ករណីរបស់គាត់ហ្នឹងគឺថា ស្ថិតនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេត។ ដំណាក់កាលនៃការស៊ើបអង្កេត តាមនីតិវិធីរបស់យើងគឺថា គាត់មានសិទ្ធិឆ្លើយនិងគាត់មានសិទ្ធិនៅស្ងៀម។ ដូច្នេះក្រោយពីយើងបានពិនិត្យទៅ គឺថាគាត់នៅស្ងៀមសិន តាៗបួននាក់ហ្នឹងនៅស្ងៀមសិន មិនទាន់បានឆ្លើយតបស្អីទាំងអស់ឲ្យចៅក្រមស៊ើបអង្កេតនៅឡើយទេ មានតែឌុចទេដែលបានឆ្លើយនោះ»។
លោកស្រី អៀង ធីរិទ្ធ ហើយនិងស្វាមីគឺលោក អៀង សារី ដែលជាអតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ បានត្រូវចាប់ខ្លួនដាក់មន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហម នៅឯជាយក្រុងភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០០៧ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំឡុងពេលនៃរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ ១៩៧៩៕
