បក្ស​សមរង្ស៊ី​៖ អ្នក​សង្កេតការណ៍​ជប៉ុន​មិន​បាន​តាមដាន​ការបោះ​ឆ្នោត​ដិតដល់

ខុទ្ទកាល័យ​គណបក្ស​សមរង្ស៊ី​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ កាលពី​ថ្ងៃ​សុក្រ អះអាង​ថា​ក្រុម​អ្នក​សង្កេតការណ៍​ជប៉ុន​ពុំ​បាន​ត្រៀមខ្លួន​គ្រប់​ជ្រុងជ្រោយ ដើម្បី​តាមដាន​ការបោះឆ្នោត​ថ្ងៃ​២៧ កក្កដា ឲ្យ​បាន​ដិតដល់​នោះ​ឡើយ ។

ក្រុម​អ្នក​សង្កេតការណ៍​ជប៉ុន​បាន​ចូល​មក​ប្រទេស​កម្ពុជា​តែ​មិន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ គ្រាន់តែ​ដើរ​មើល​ស្ថានីយ​បោះ​ឆ្នោត​មួយចំនួន រួច​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​អបអរ​សាទរ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ហើយ​ក៏​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ស្រុក​គេ​វិញ​ដោយ​ក្តី​រីករាយ ។ អ្នក​ទាំង​នោះ​ពុំ​បាន​ឃើញ​ភាព​មិន​ត្រឹមត្រូវ​អ្វី​ទាំងអស់​ក្នុង​ការបោះឆ្នោត​សាកល កាលពី​ខែ​កក្កដា​កន្លង​ទៅ ។

គណបក្ស​សមរង្ស៊ី​ថ្លែង​ថា ដោយ​ពុំ​បាន​ធ្វើការ​សិក្សា​តាមដាន​ស្ថានការណ៍​ការរៀបចំ​ការបោះឆ្នោត​ទុក​ជា​មុន ក្រុម​អ្នក​សង្កេតការណ៍​ជប៉ុន​ពុំ​បាន​ឃើញ​ភាព​មិន​ប្រក្រតី​សំខាន់​២​គឺ អ្នក​បោះ​ឆ្នោត​ដែល​គ្មាន​សិទ្ធិ​ចំនួន​រាប់​មិន​អស់​បាន​ប្រើ​ឈ្មោះ​ខ្មោច​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ជា​ច្រើន​ដែល​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បែរ​ជា​ត្រូវ​បំបាត់​សិទ្ធិ​មិន​អាច​ទៅ​បោះ​ឆ្នោត​បាន​ទៅ​វិញ ៕