យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមដែលចេញផ្សាយនៅរសៀលថ្ងៃអង្គារនេះបានឲ្យដឹងថា សវនាការសាធារណៈលើករណីបណ្តឹងឧទ្ធរណ៍របស់ អៀង សារី គឺគ្រោងធ្វើនៅវេលាម៉ោង២:៣០នាទី នាថ្ងៃទី១៧ តុលានោះ ហើយក៏អនុញ្ញាតឲ្យមានការចូលរួមពីសាធារណជននិងបើកឲ្យមានការផ្សាយបន្តផ្ទាល់ដោយវិទ្យុនិងទូរទស្សន៍ផងដែរ។
សូមជម្រាបថា សវនាការលើករណី អៀង សារី ត្រូវបានធ្វើជាលើកដំបូងនៅថ្ងៃទី២១ ខែឧសភា។ កិច្ចសវនាការនាពេលនោះប្រព្រឹត្តទៅបានរយៈពេលប្រមាណ៤ម៉ោងក៏មានការស្នើសុំលើកពេលទៅថ្ងៃបន្ទាប់ដោយសំអាងថា អៀង សារី មិនមានស្មារតីនិងសុខភាពមាំមួនដើម្បីអាចអង្គុយតទល់ក្នុងការជំនុំជម្រះក្តីនាពេលនោះ។
រហូតមកទល់ពេលនេះក្នុងចំណោមអតីតមេដឹកនាំខ្មែរក្រហមចំនួន៥នាក់ដែលកំពុងជាប់ឃុំ គឺមិនទាន់មានមេដឹកនាំខ្មែរក្រហមណាម្នាក់ដែលត្រូវចៅក្រមអង្គបុរេជំនុំជម្រះសម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំនោះឡើយ។
មេធាវីទាំងពីររូបរបស់ អៀង សារី មិនអាចទាក់ទងបានទេនៅថ្ងៃនេះដើម្បីបញ្ជាក់ពីក្តីរំពឹងចំពោះលទ្ធផលសវនាការនាពេលខាងមុខនេះ។
ក៏ប៉ុន្តែលោក រាជ សម្បត្តិ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងគូសបញ្ជាក់អំពីមូលហេតុដែលកន្លងមកចៅក្រមមិនសម្រេចដោះលែងអតីតមេដឹកនាំខ្មែរក្រហមឲ្យនៅក្រៅឃុំយ៉ាងដូច្នេះថា ៖ «អាហ្នឹងជាឆន្ទានុសិទ្ធិរបស់ចៅក្រមដែលគាត់ធ្វើការសម្រេចដោយផ្អែកទៅលើហេតុផលនៃភាគីផ្សេងៗដែលលើកមកហ្នឹង។ ក្នុងហ្នឹងហេតុផលមួយចំនួនដែលបានធ្វើកន្លងមកហ្នឹង គឺភាគីសហព្រះរាជអាជ្ញា ឬក៏ខាងដើមបណ្ដឹងរដ្ឋប្បវេណីហ្នឹងគាត់តែងលើកឡើងថា មូលហេតុដែលមិនដោះលែងហ្នឹងគឺមកពីខ្លាចមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ប្រឈមនឹងបញ្ហាសន្តិសុខសម្រាប់ខ្លួនគាត់ពេលដែលស្ថិតនៅក្រៅឃុំ។ ហើយយ៉ាងណាមិញក៏ទាក់ទងទៅនឹងតុលាការតម្រូវឲ្យពួកគាត់ហ្នឹង គឺមានវត្តមាននៅពេលដែលមានការជំនុំជម្រះ»។
សូមជម្រាបបន្ថែមថា អៀង សារី បានជាប់ឃុំបណ្តោះអាសន្នជាមួយប្រពន្ធរបស់គាត់ គឺ អៀង ធីរិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៧មក។ អៀង សារី ជាប់ចោទពីបទឧក្រិដ្ឋចំនួនពីរគឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាម។
ក្រុមវេជ្ជបណ្ឌិតនៃសាលាក្តីបានឲ្យដឹងថា អៀង សារី ដែលមានវ័យ៨០ឆ្នាំហើយនោះគឺមានជំងឺប្រចាំកាយ ដូចជាអាការៈក្អករ៉ាំរ៉ៃ ហើមសួត និងបញ្ហាសម្ពាធឈាម៕
