មេធាវី​របស់ អៀង ធីរិទ្ធ មិន​ពេញ​ចិត្ត​នឹង​សាលដីកា​របស់​សាលាក្ដី​ខ្មែរ​ក្រហម

៤៩​ថ្ងៃ បន្ទាប់ពី​បាន​បើក​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​ជន​ជាប់ចោទ អៀង ធីរិទ្ធ ជំទាស់​នឹង​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​សហចៅក្រម​ស៊ើបអង្កេត​រួច​មក អង្គបុរេ​ជំនុំ​ជម្រះ​នៃ​សាលាក្តី​ខ្មែរក្រហម ឬ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​មាន​សហចៅក្រម​ជាតិ​និង​អន្តរជាតិ​ចំនួន ៥​រូប បាន​ប្រកាស​សាលដីកា​តាម​សេចក្តី​សម្រេចចិត្ត​ជា​ឯកច្ឆន្ទ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៩ កក្កដា ២០០៨ សម្រេច​តម្កល់​ដីកា​ឃុំខ្លួន​របស់​សហចៅក្រម​ស៊ើបអង្កេត​ឲ្យ​នៅ​ដដែល ។

អង្គបុរេ​ជំនុំ​ជម្រះ បាន​ចាត់​ទុក​សេចក្តី​សម្រេច​របស់​សហចៅក្រម​ស៊ើបអង្កេត​ក្នុង​ការចេញ​ដីកា​ឃុំ​ខ្លួន​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ជា​បណ្តោះអាសន្ន​ថា បាន​អនុវត្ត​ឆន្ទានុសិទ្ធិ​ត្រឹម​ត្រូវ ។

នៅក្នុង​ការអាន​ចេញ​ចំណុច​ទី​៤ នៃ​សាលដីកា​សង្ខេប​របស់​អង្គបុរេ​ជំនុំ​ជម្រះ លោក ប្រាក់ គឹមសាន ប្រធាន​អង្គបុរេ​ជំនុំ​ជម្រះ បាន​ថ្លែង​ដូច្នេះ ៖ «តម្កល់​ដីកា​ឃុំ​ខ្លួន​របស់​សហចៅក្រម​ស៊ើប​អង្កេត ហើយ​មូលហេតុ​ដែល​បាន​បញ្ជាក់​ក្នុង​ដីកា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ត្រូវ​បាន​ជំនួស​ដោយ​មូលហេតុ​ដែល​បាន​បញ្ជាក់​ក្នុង​សាលដីកា​នេះ»

អង្គបុរេ​ជំនុំ​ជម្រះ​បាន​ផ្តល់​សំអាង​ចំពោះ​សេចក្តី​សម្រេច​ចេញ​សាលដីកា​តាម​សេចក្តី​សន្និដ្ឋាន និង​ការជឿជាក់​របស់​ខ្លួន​ថា ជន​ត្រូវ​ចោទ អៀង ធីរិទ្ធ ធ្លាប់​ប្រព្រឹត្ត​បទល្មើស ដូច​មាន​នៅក្នុង​បទចោទ ដូចជា​ថា អង្គបុរេ​ជំនុំ​ជម្រះ​បាន​ពិនិត្យ​បន្ថែម​លើ​ភ័ស្តុតាង​នៅក្នុង​សំណុំ​រឿង​និង​បាន​សន្និដ្ឋាន​ថា គ្រប់​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅក្នុង​វិធាន ៦៣​ខ-១, ៣ និង ៥ ដែល​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះ​អាសន្ន ។

អង្គបុរេ​ជំនុំជម្រះ​ជឿជាក់​ថា បទល្មើស​ជាក់លាក់​ដែល​កំពុង​ស៊ើបអង្កេត​ទៅលើ​ជន​ជាប់​ចោទ ធ្លាប់​បាន​ប្រព្រឹត្ត​ឡើង​ជា​ផ្នែក​មួយ​នៃ​ការរើសអើង​ជា​ប្រព័ន្ធ ។

អង្គបុរេ​ជំនុំ​ជម្រះ​បាន​លើក​ឡើង​ដែរ​ថា ក្នុង​បណ្តឹង​ឧទ្ធរណ៍​នេះ មេធាវី​ការពារ​ក្តី​មិន​បាន​តវ៉ា​ចំពោះ​អង្គហេតុ​ទូទៅ​នៅក្នុង​បទ​ចោទ​លើ​កូន​ក្តី​របស់​ខ្លួន​ទេ គ្រាន់តែ​តវ៉ា​ចំពោះ​ការចោទ​ប្រកាន់​អំពី​ការជាប់​ពាក់ព័ន្ធ​របស់​កូន​ក្តី​ខ្លួន​ទៅវិញ ។

ជន​ត្រូវ​ចោទ បាន​ទទួល​ស្គាល់​អំពី​តួនាទី​របស់​ខ្លួន​ជា​រដ្ឋមន្រ្តី​សង្គមកិច្ច ដែល​ទទួល​បន្ទុក​ចំពោះ​សុខុមាលភាព​ប្រជាជន នៅក្នុង​ការតតាំង​ក្តី​លើក​ដំបូង ហើយ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ខ្លួន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ធំធេង​ក្នុង​វិស័យ​សុខាភិបាល ។

ការចោទ​ប្រកាន់​ខាងលើ លោក ផាត ពៅស៊ាង សហមេធាវី​ជាតិ​កម្ពុជា​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន នៅ​បន្ទាប់​ពី​ការប្រកាស​សាលដីកា​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​ថា កូនក្តី​របស់​លោក​មិន​សុខចិត្ត​ចំពោះ​ការចោទ​ប្រកាន់​នោះ​ទេ ហើយ​ចង់​ឡើង​ប្រតិកម្ម​តប​វិញ​ដែរ ក៏​ប៉ុន្តែ​មិន​អាច​អនុញ្ញាត​បាន ព្រោះ​តែ​នីតិវិធី​របស់​តុលាការ ។

លោក ផាត ពៅស៊ាង មាន​ប្រសាសន៍​ថា ការប្រកាស​សាលដីកា​របស់​អង្គបុរេ​ជំនុំ​ជម្រះ ដែល​ទើបតែ​បាន​ធ្វើឡើង​នេះ មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់​លោក​ទេ គឺ​មាន​លក្ខណៈ​លំអៀង ដោយ​ហេតុ​ថា ការលើក​ឡើង​អំពី​ការទទួល​ខុស​ត្រូវ​របស់​កូន​ក្តី​លោក​នៅក្នុង​អង្គ​បុរេជំនុំ​ជម្រះ​ស្តីពី​ការជំទាស់​ការឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នោះ គឺជា​ការរំលោភ​បំពាន​និង​ខុស​នីតិវិធី ហើយ​លោក​មាន​ប្រសាសន៍​បន្ថែម​អំពី​នីតិវិធី ដែល​គួរ​អនុវត្តន៍​ដូច្នេះ​ថា ៖ «ក្នុង​ករណី​នេះ គួរតែ​អង្គ​បុរេ​ជំនុំ​ជម្រះ​លើក​ឡើង​ពី​លក្ខខណ្ឌ​នានា ដែល​ខាង​ខ្ញុំ​ដាក់​ជូន​គាត់ ហើយ​គាត់​ពិចារណា​ថា តើ​លក្ខខណ្ឌ​ហ្នឹង​គ្រប់​ជ្រុងជ្រោយ ឬ​អត់ ទទួល​យក​បាន ឬ​អត់ ។ ប្រសិន​បើ​លក្ខខណ្ឌ​ដែល​ដាក់​ជូន មិន​អាច​ទទួល​យក​បាន ដូច្នេះ​គាត់​អាច​តម្កល់​ដីកា​ឃុំ​ខ្លួន​របស់​សហចៅក្រម​ស៊ើបអង្កេត​ដូច​ជា​បានការ​ដដែល ។ ផ្ទុយ​ទៅ​វិញ គាត់​អត់​បាន​ពិចារណា​ទៅ​លើ​លក្ខខណ្ឌ​ដែល​ខាង​ខ្ញុំ​ដាក់​ជូន​ទៅ​គាត់​ទេ ។ ក្នុង​ករណី​នេះ ខ្ញុំ​បាទ​យល់​ថា ការប្រកាស​សាលដីកា​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​នា​ថ្ងៃ​នេះ គឺ​មិន​មាន​លក្ខណៈ​យុត្តិធម៌​ដល់​កូន​ក្ដី​ខ្ញុំ​ទេ»

លោក​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា កូនក្តី​លោក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន ៧​ចំណុច​សម្រាប់​អង្គ​បុរេ​ជំនុំ​ជម្រះ​ពិចារណា ក្នុង​ករណី​កូនក្តី​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ឃុំ​បណ្តោះ​អាសន្ន​នោះ ដូចជា ការស្នាក់នៅ​តែ​ក្នុង​ផ្ទះ​កូនស្រី​របស់​គាត់ មិន​សុំ​លិខិត​ឆ្លងដែន​ថ្មី ការត្រូវ​តែ​មាន​វត្តមាន​នៅក្នុង​ផ្ទះ​ពី​ម៉ោង ៨​យប់​ដល់​ម៉ោង ៧​ព្រឹក ត្រូវ​បង្ហាញ​មុខ​នៅ​ស្ថានីយ​ប៉ូលិស​មូលដ្ឋាន​រាល់​ថ្ងៃ មិន​ទាក់ទង​សាក្សី ឬ​ជនរងគ្រោះ​ណា​មួយ ហើយ​នឹង​ចូលរួម​គ្រប់​ពេល​ដែល​តុលាការ​កោះអញ្ជើញ ជាដើម ។

លោក​មាន​ប្រសាសន៍​ថា លោក​និង​កូនក្តី​លោក​មិន​ពេញ​ចិត្ត​ចំពោះ​ការប្រកាស​សាលដីកា​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​នេះ​ទេ ក៏​ប៉ុន្តែ ដោយ​យោង​ទៅតាម​វិធាន​ផ្ទៃក្នុង លោក​ថា លោក​គ្មាន​មធ្យោបាយ​ណា​តវ៉ា​ទៀត​ឡើយ ព្រោះ​នេះ​ជា​ការបិទ​ផ្លូវ​តវ៉ា។

ចំណែកឯ​លោក រ៉ូប៊ើត ប៉ឺទី សហព្រះរាជអាជ្ញា​វិញ បាន​ថ្លែង​ថា លោក​កាត់ស្មាន​បាន​ថា គេ​រក​ឃើញ​ហេតុផល​រឹងមាំ ដែល​ជឿ​បាន​ថា ជន​ត្រូវ​ចោទ​ឈ្មោះ អៀង ធីរិទ្ធ បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​បាន​ចោទ​ប្រកាន់​ដាក់​បន្ទុក​នោះ ហើយ​ច្បាស់​ណាស់​នៅ​ក្នុង​និយមន័យ​នៃ​ពាក្យ​ថា ប្រព្រឹត្ត នៅក្នុង​ច្បាប់ មិន​ចាំបាច់​ឲ្យ​មាន​ការប្រព្រឹត្ត​ដោយ​ផ្ទាល់​នោះ​ទេ និង​ទីពីរ​គឺ​ឈរ​លើ​មូលដ្ឋាន​ការពារ​សាក្សី ការពារ​ការបំផ្លាញ​ភ័ស្តុតាង ការពារ​សណ្តាប់ធ្នាប់​សាធារណៈ ។ល។ ដែល​គ្មាន​ហេតុផល​ដក​សេចក្តី​បង្គាប់​របស់​សហចៅក្រម​ស៊ើបអង្កេត​បាន​ឡើយ ។

សូម​បញ្ជាក់​ជូន​ជាថ្មី​ថា ជន​ត្រូវ​ចោទ អៀង ធីរិទ្ធ កំពុង​ជាប់​ចោទ​ថា បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ក្នុង​តួនាទី​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​សង្គមកិច្ច ដែល​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជិត​ពីរ​លាន​នាក់​ស្លាប់​បាត់បង់​ជីវិត ៕