សាក្សី​ក្នុង​សំណុំរឿង ឌុច សុំ​ឲ្យ​មាន​ការការពារ​សន្តិសុខ​និង​អត្តសញ្ញាណ​ក្នុង​សវនាការ

ក្រុម​សាក្សី​ដែល​រំពឹង​ថា​នឹង​ឡើង​ឆ្លើយ​ដាក់​បន្ទុក​ក្នុង​សំណុំរឿង​អតីត​មេ​គុក​ទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ថ្លែង​សុំ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​ការពារ​សន្តិសុខ​និង​អត្តសញ្ញាណ​របស់​គេ​នៅ​ក្នុង​សវនាការ ។

0:00 / 0:00

អតីត​អ្នក​ធ្លាប់​ធ្វើការ​ជាមួយ ឌុច នៅ​គុក​ទួលស្លែង ឬ​មន្ទីរ​ស-២១ ក្នុង​របប​ខ្មែរ​ក្រហម បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ព្រោះ​ខ្ញុំ​គិត​ឃើញ​ថា ចង់​ឲ្យ​គេ​ធ្វើ​កុំ​ឲ្យ​ឃើញ​មុខ ឮ​តែ​សម្ដី បំប្លែង​ជា​សម្ដី​អី​កុំ​ឲ្យ​ស្ដាប់​បាន ហើយ​ដូរ​ឈ្មោះ​ឬ​មិន​បញ្ចេញ​ឈ្មោះ​អី​អ៊ីចឹង ព្រោះ​មិន​អាច​បង្ហាញ​សាក្សី​ឲ្យ​ចេញ​មុខ​ច្បាស់​ក្រលែត​ពេក ។ អា​ហ្នឹង​ធម្មតា​វា​ចេះតែ​ខ្លាច​ដែរ​ហ្នឹង ម៉្លោះ​ហើយ​អ្នក​ស្អប់ អ្នក​ស្រឡាញ់​យើង វា​មិន​ទៀង យើង​ថា​មិន​ត្រូវ មើល​មិន​ឃើញ»

ចំណែក​ឯ​អតីត​ជន​រងគ្រោះ​ក្រោម​ស្នាដៃ​របស់ ឌុច ដែល​នឹង​ធ្វើ​ជា​សាក្សី​ក្នុង​សវនាការ​ខាង​មុខ​នោះ​ដែរ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ដែរ​ថា ៖ «ព្រួយ​បារម្ភ​វា​ព្រួយ​បារម្ភ​ជា​ទីបំផុត​ហើយ​បញ្ហា​ហ្នឹង ព្រោះ​យើង​មើល​មិន​ឃើញ​ទេ មិន​ដឹង​ថ្ងៃ​ណា មិន​ដឹង​ខែ​ណា មិន​ដឹង​អ្នក​ណា​មួយ​គេ​ស្អប់​យើង អ្នក​ណា​មួយ​គេ​ស្រឡាញ់​យើង​ទេ អា​បញ្ហា​ហ្នឹង ។ លោតែ​គេ​នេះ​អី គេ​ថា​អា​កញ្ចស់​ហ្នឹង​អ្ហែង​ចេះ​ដឹង​ឮ​អី​ក្នុង​តុលាការ គេ​ពួយ​យើង​តែ​មួយ​គ្រាប់​ទៅ ងាប់​អត់​ប្រយោជន៍ បាន​អ្នក​ណា​ចិញ្ចឹម​កូន បាន​អ្នក​ណា​ចិញ្ចឹម​ប្រពន្ធ គិត​មើល​មើល៍»

ជាមួយ​គ្នា​នេះ​អតីត​ជន​រងគ្រោះ​នៅ​គុក​ទួលស្លែង​មួយ​រូប​ទៀត ក៏​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ដែរ​ថា ៖ «ខ្ញុំ​ចង់​ឲ្យ​តុលាការ​ការពារ​មុន​កាត់​ទោស​និង​ក្រោយ​កាត់​ទោស»

បច្ចុប្បន្ន​នេះ​មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ពិនិត្យ​លើ​នីតិវិធី​ច្បាប់​ទាក់ទិន​សំណុំរឿង​ចោទ កាំង ហ្កិចអ៊ាវ ហៅ ឌុច ដែល​ទទួល​ខុស​ត្រូវ​លើ​ការស្លាប់​រង្គាល​មនុស្ស​ជាង​១២០០០​នាក់​នៅ​គុក​ទួលស្លែង​នោះ ។

ទាក់ទិន​នឹង​ការទាមទារ​របស់​សាក្សី លោកស្រី គាត បូផល ប្រធាន​អង្គភាព​ជន​រងគ្រោះ​នៃ​សាលាក្តី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​ថា​មាន​តែ​ព្រះរាជអាជ្ញា​និង​ចៅក្រម​ដែល​សម្រេច​លើ​នីតិវិធី ថា​តើ​សាក្សី​នឹង​ត្រូវ​ឡើង​ឆ្លើយ​ក្នុង​សវនាការ​ដោយ​កំបាំង​មុខ​ឬ​យ៉ាង​ណា​នោះ ។

យោង​តាម​ដីកា​បញ្ជូន​រឿង ឌុច បាន​រង​ការចោទ​លើ​បទឧក្រិដ្ឋ​ចំនួន​២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ឌុច​ក៏​រង​ការប្តឹង​ពី​ភាគី​រដ្ឋប្បវេណី​ចំនួន​២៨​នាក់​ផងដែរ ។

យោង​តាម​ដីកា​បញ្ជូន​រឿង​របស់​ព្រះរាជអាជ្ញា​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា គេ​មាន​សាក្សី​សរុប​ជិត​៤០០​នាក់​ដែល​បាន​សាកសួរ​សម្រាប់​ការចោទ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទាំង​៥​នាក់ ដែល​រួម​ទាំង ឌុច នោះ​ផង ។ ហើយ​គេ​រំពឹង​ថា សវនាការ​ជា​លើក​ដំបូង​លើ​សំណុំ​រឿង ឌុច អាច​នឹង​ចាប់ផ្តើម​នៅ​ខែ​កញ្ញា ឬ​ខែ​តុលា​ខាង​មុខ​នេះ ៕