អាជ្ញាធរ​ខែត្រ​កំពត​រង​ការចោទ​ថា​រារាំង​ការជួបជុំ​របស់​សហគមន៍

2008-06-18

តំណាង​សហគមន៍​ស្មារតី​ស្ត្រី​បាន​ធ្វើការ​ចោទ​ប្រកាន់​ថា មន្ត្រី​ប៉ូលិស​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​រារាំង​ និង​គំរាម​កំហែង​ដល់​សកម្មភាព​ជួបជុំ​របស់​សហគមន៍​នៅ​ស្រុក​កំពង់បាយ ខេត្ត​កំពត ។

ប្រធាន​សហគមន៍​ស្មារតី​ស្ត្រី អ្នកស្រី ប៉ាក ទីរ៉ាំ បាន​ធ្វើការ​ចោទ​ប្រកាន់​ថា​រូប​គាត់​ត្រូវ​បាន​គំរាម​ដោយ​មេ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​អណ្ដូង​ខ្មែរ លោក ស៊ិន សូយឿន ខណៈ​ដែល​រូប​គាត់​កំពុងតែ​នាំ​ភ្ញៀវ​ចំនួន​ ៤០​នាក់​មក​ពី​សហគមន៍​ផ្សេងៗ ទស្សនា​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​សហគមន៍​ស្មារតី​ស្ត្រី​សម្រេច​បាន​នៅ​ក្នុង​ភូមិ​ទ្វី​ខាងត្បូង ឃុំ​អណ្ដូងខ្មែរ ស្រុក​កំពង់បាយ ខេត្ត​កំពត បន្ទាប់ពី​មាន​ការជួបជុំ​ផ្លាស់ប្ដូរ​បទពិសោធន៍​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០០៨ ។

អ្នកស្រី ប៉ាក ទីរ៉ាំ បាន​មាន​ប្រសាសន៍​ថា​មេ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​បាន​គំរាម​ថា អ្នកស្រី​បាន​ធ្វើ​សកម្មភាព​ជួបជុំ​សហគមន៍​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែល​ទង្វើ​នេះ​អាច​ប្រឈមមុខ​នឹង​ច្បាប់ ។

អ្នកស្រី​បាន​បន្ថែម​ថា​មន្ត្រី​អាជ្ញាធរ​ហាក់​ភ័យ​ខ្លាច​ក្រែង​ពួក​អ្នកស្រី​ធ្វើ​សកម្មភាព​នយោបាយ​ជា​ជាង​អ្វី​ ផ្សេង​ពី​នេះ ៖ «បំណង​របស់​សហគមន៍​ខ្ញុំ ខ្ញុំ​ធ្វើ​តែ​ប៉ុណ្ណឹង​ទេ ខ្ញុំ​អត់​មាន​បង្កើត​អប្បគមន៍​អី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល អត់​មាន​ទេ»

ទីប្រឹក្សា​របស់​សមាគម​ធាង​ត្នោត​ដែល​គាំទ្រ​ដល់​សកម្មភាព​របស់​សហគមន៍ លោក ហ្គូត ហាឡាំ (Goad Hallam) បាន​ឲ្យ​ដឹង​ថា​ការគំរាម​ពី​សំណាក់​មន្ត្រី​ប៉ូលិស​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​ទេ តែ​វា​បាន​ធ្វើ​ឲ្យ​ក្រុម​មន្ត្រី​និង​សមាជិក​ដែល​បាន​ចូលរួម​មាន​ការ​ភ័យ​ខ្លាច ។

លោក ហ្គូត ហាឡាំ បាន​ឲ្យ​ដឹង​ថា ៖ «យើង​មាន​ប្រហែល​៤០​នាក់​ចូលរួម យើង​អញ្ជើញ​ប្រជាពលរដ្ឋ​ពី​ខាង​សហគមន៍​ជុំវិញ​កំពត ។ យើង​ចង់​ឲ្យ​គេ​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​និយាយ​អំពី​បញ្ហា​ដីធ្លី កម្មវិធី​ល្អ ៤​ខែ យើង​ធ្វើ​ម្ដង»

អធិការ​រង​នគរបាល​ស្រុក​កំពង់បាយ លោក ហ៊ន សេរីវុធ ដែល​មាន​វត្តមាន​នៅ​ទី​នោះ​ក្រោយ​ពេល​កើត​ហេតុ​បន្តិច​បាន​សួរ​អ្នកស្រី ប៉ាក ទីរ៉ាំ អំពី​គោលការណ៍​របស់​សហគមន៍​ស្មារតី​ស្ត្រី ហើយ​លោក​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​ថា រាល់​ការជួបជុំ​របស់​សហគមន៍​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ឬ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ។

លោក ហ៊ន សេរីវុធ បាន​មាន​ប្រសាសន៍​ថា ៖ «ការសុំ​អនុញ្ញាត​ច្បាប់ ដើម្បី​ឲ្យ​ខ្ញុំ​ជា​សមត្ថិកច្ច​នេះ​បាន​ដឹង​ផង ដើម្បី​ឲ្យ​មាន​វិធានការ​ការពារ​សន្ដិសុខ​ជូន»

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក ប្រចាំ​ខេត្ត​កំពត​និង​ក្រុង​កែប អ្នកស្រី ទ្រី ឈូន បាន​មាន​ប្រសាសន៍​ថា​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​ជា​ការគំរាម​ចំពោះ​សកម្មភាព​របស់​សមាជិក​សហគមន៍​ផ្សេងៗ​ទៀត ។

អ្នកស្រី ទ្រី ឈូន បាន​បញ្ជាក់​ថា ៖ «ដោយសារ​ថា​គោលបំណង​របស់​គាត់​ហ្នឹង គឺ​គាត់​ជួបជុំ​គ្នា​ដើម្បី​ស្វែងរក​យុទ្ធសាស្រ្ដ​ធ្វើការ​អភិវឌ្ឍ​ភូមិ​ឃុំ​របស់​គាត់»

ឆ្លើយតប​ទៅ​នឹង​សំណួរ​ព្រម​ទាំង​អនុសាសន៍​របស់​លោក​អធិការ​រង​ស្រុក​កំពង់បាយ អ្នកស្រី ប៉ាក ទីរ៉ាំ បាន​បញ្ជាក់​ថា​គោលបំណង​របស់​សហគមន៍​ស្មារតី​ស្ត្រី គឺ​ដើម្បី​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ភូមិ​ឃុំ ដូច​ជា​ការកសាង​ផ្លូវ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ការផ្ដល់​ឥណទាន និង​ការអភិវឌ្ឍ​ផ្នត់​ចិត្ត​គំនិត​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទ​ដែល​ទាក់ទង

សកម្មភាព​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​បន្ត​កើត​មាន​នៅ​ស្រុក​បរកែវ ខែត្រ​រតនគិរី

ទាហាន​នៅ​ស្រុក​កោះសូទិន ខែត្រ​កំពង់ចាម ចោទ​ថា​មេ​កាត់​ប្រាក់​ខែ

មន្រ្តី​ក្រសួង​កសិកម្ម​ជាង​១០០​នាក់​តវ៉ា​ពី​ការលក់​ដី​នៅ​សង្កាត់​ស្ទឹងមានជ័យ

នៅ​ក្រចេះ កម្មករ​ប្រមាណ​៣០​នាក់​នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន​សង​ប្រាក់​ឈ្នួល​ការងារ

អង្គការ​មួយ​គ្រោង​ចែក​សៀវភៅ​ច្បាប់​ចរាចរណ៍​ដល់​អ្នក​បើកបរ​ក្នុង​ក្រុង​ភ្នំពេញ

កម្ពុជា​គ្រោង​នឹង​ផ្លាស់ប្ដូរ​ឯកអគ្គរាជទូត​ចំនួន​៧​រូប

លទ្ធផល​ជំរឿន​បង្ហាញ​ថា កម្ពុជា​មាន​បច្ចុប្បន្ន​មាន​ប្រជាជន ជាង​១៣​លាន​នាក់

មតិ​ពលរដ្ឋ​ជុំវិញ​ការផាក​ពិន័យ​របស់​ប៉ូលិស​ចរាចរណ៍

ខ្មែរ​អ៊ិស្លាម​ស្វាគមន៍​និង​រីករាយ​ចំពោះ​ខែ​បួស

អធិករណ៍​នៅ​វត្ត​វារិន្ទ ក្នុង​សង្កាត់​ព្រែកលៀប នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ