ប្រធានសហគមន៍ស្មារតីស្ត្រី អ្នកស្រី ប៉ាក ទីរ៉ាំ បានធ្វើការចោទប្រកាន់ថារូបគាត់ត្រូវបានគំរាមដោយមេប៉ុស្តិ៍ប៉ូលិសឃុំអណ្ដូងខ្មែរ លោក ស៊ិន សូយឿន ខណៈដែលរូបគាត់កំពុងតែនាំភ្ញៀវចំនួន ៤០នាក់មកពីសហគមន៍ផ្សេងៗ ទស្សនាសមិទ្ធផលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលសហគមន៍ស្មារតីស្ត្រីសម្រេចបាននៅក្នុងភូមិទ្វីខាងត្បូង ឃុំអណ្ដូងខ្មែរ ស្រុកកំពង់បាយ ខេត្តកំពត បន្ទាប់ពីមានការជួបជុំផ្លាស់ប្ដូរបទពិសោធន៍មួយកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៨ ។
អ្នកស្រី ប៉ាក ទីរ៉ាំ បានមានប្រសាសន៍ថាមេប៉ុស្តិ៍ប៉ូលិសឃុំបានគំរាមថា អ្នកស្រីបានធ្វើសកម្មភាពជួបជុំសហគមន៍ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរដែលទង្វើនេះអាចប្រឈមមុខនឹងច្បាប់ ។
អ្នកស្រីបានបន្ថែមថាមន្ត្រីអាជ្ញាធរហាក់ភ័យខ្លាចក្រែងពួកអ្នកស្រីធ្វើសកម្មភាពនយោបាយជាជាងអ្វី ផ្សេងពីនេះ ៖ «បំណងរបស់សហគមន៍ខ្ញុំ ខ្ញុំធ្វើតែប៉ុណ្ណឹងទេ ខ្ញុំអត់មានបង្កើតអប្បគមន៍អីប្រឆាំងនឹងរាជរដ្ឋាភិបាល អត់មានទេ» ។
ទីប្រឹក្សារបស់សមាគមធាងត្នោតដែលគាំទ្រដល់សកម្មភាពរបស់សហគមន៍ លោក ហ្គូត ហាឡាំ (Goad Hallam) បានឲ្យដឹងថាការគំរាមពីសំណាក់មន្ត្រីប៉ូលិសមិនមានលក្ខណៈធ្ងន់ធ្ងរពេកទេ តែវាបានធ្វើឲ្យក្រុមមន្ត្រីនិងសមាជិកដែលបានចូលរួមមានការភ័យខ្លាច ។
លោក ហ្គូត ហាឡាំ បានឲ្យដឹងថា ៖ «យើងមានប្រហែល៤០នាក់ចូលរួម យើងអញ្ជើញប្រជាពលរដ្ឋពីខាងសហគមន៍ជុំវិញកំពត ។ យើងចង់ឲ្យគេស្គាល់គ្នាទៅវិញទៅមក ដែលនិយាយអំពីបញ្ហាដីធ្លី កម្មវិធីល្អ ៤ខែ យើងធ្វើម្ដង» ។
អធិការរងនគរបាលស្រុកកំពង់បាយ លោក ហ៊ន សេរីវុធ ដែលមានវត្តមាននៅទីនោះក្រោយពេលកើតហេតុបន្តិចបានសួរអ្នកស្រី ប៉ាក ទីរ៉ាំ អំពីគោលការណ៍របស់សហគមន៍ស្មារតីស្ត្រី ហើយលោកក៏បានផ្ដល់ជាអនុសាសន៍ថា រាល់ការជួបជុំរបស់សហគមន៍ត្រូវស្នើសុំការអនុញ្ញាតឬជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ។
លោក ហ៊ន សេរីវុធ បានមានប្រសាសន៍ថា ៖ «ការសុំអនុញ្ញាតច្បាប់ ដើម្បីឲ្យខ្ញុំជាសមត្ថិកច្ចនេះបានដឹងផង ដើម្បីឲ្យមានវិធានការការពារសន្ដិសុខជូន» ។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក ប្រចាំខេត្តកំពតនិងក្រុងកែប អ្នកស្រី ទ្រី ឈូន បានមានប្រសាសន៍ថាទង្វើរបស់មន្ត្រីប៉ូលិសជាការគំរាមចំពោះសកម្មភាពរបស់សមាជិកសហគមន៍ផ្សេងៗទៀត ។
អ្នកស្រី ទ្រី ឈូន បានបញ្ជាក់ថា ៖ «ដោយសារថាគោលបំណងរបស់គាត់ហ្នឹង គឺគាត់ជួបជុំគ្នាដើម្បីស្វែងរកយុទ្ធសាស្រ្ដធ្វើការអភិវឌ្ឍភូមិឃុំរបស់គាត់» ។
ឆ្លើយតបទៅនឹងសំណួរព្រមទាំងអនុសាសន៍របស់លោកអធិការរងស្រុកកំពង់បាយ អ្នកស្រី ប៉ាក ទីរ៉ាំ បានបញ្ជាក់ថាគោលបំណងរបស់សហគមន៍ស្មារតីស្ត្រី គឺដើម្បីចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភូមិឃុំ ដូចជាការកសាងផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ការផ្ដល់ឥណទាន និងការអភិវឌ្ឍផ្នត់ចិត្តគំនិតរបស់ប្រជាពលរដ្ឋ ៕
