មានប្រជាពលរដ្ឋខ្លះមិនសប្បាយចិត្តចំពោះការសាកសួររបស់នគរបាលឃុំលើកដែក សួររកក្រដាសស្នាម នៅពេលដែលគាត់ចេញទៅរកការងារធ្វើនៅចម្ការអំពៅរបស់ក្រុមហ៊ុន លី យ៉ុងផាត់ ឯខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋមួយរូបក្នុងចំណោមពលរដ្ឋប្រមាណ ១០០នាក់ នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល គឺលោក ប៉ាវ ស្រេង ថ្លែងថា នគរបាលឃុំលើកដែក នៅថ្ងៃទី២៤ ធ្នូ ព្យាយាមរារាំងពួកគាត់មិនឱ្យទៅធ្វើជាកម្មករកាប់អំពៅនៅចម្ការរបស់ក្រុមហ៊ុន លី យ៉ុងផាត់ នៅខេត្តកំពង់ស្ពឺ ទេ ដោយលើកហេតុផលថា ការទៅនោះខុសច្បាប់។ លោកថា នៅថ្ងៃទី២៤ ធ្នូ នគរបាលបានរារាំងពលរដ្ឋប្រមាណ ១០០នាក់ រួមទាំងលោកផង មិនឱ្យឡើងឡានទៅប្រកបការងារជាកម្មករទេ។
ពលរដ្ឋមួយរូបទៀតដែលមិនចង់ចេញឈ្មោះ មានប្រសាសន៍ថា លោកនៅតែអល់អែកបន្ទាប់ពីនគរបាលសាកសួរ និងធ្វើកំណត់ហេតុឱ្យលោក ប៉ា ស្រេង ផ្ដិតមេដៃ។
ការថ្លែងរបស់ពលរដ្ឋទាំងនេះ ត្រូវបាននាយប៉ុស្តិ៍នគរបាលឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល គឺលោក ម៉ា ប៊ុនហ៊ បំភ្លឺថា ក្រុមនគរបាលលោកមិនបានរារាំងពលរដ្ឋទាំងនោះទេ។ ក៏ប៉ុន្តែ លោកទទួលស្គាល់ថា លោកបានសាកសួរពលរដ្ឋទាំងនោះមែន ពីព្រោះលោកចង់បញ្ជាក់ឱ្យដឹងព័ត៌មានច្បាស់លាស់អំពីគោលដៅរបស់ពលរដ្ឋទាំងនោះ ដើម្បីបង្ការការជួញដូរមនុស្ស។ លោកថា បញ្ហានេះបានកើតឡើងកាលពីថ្ងៃទី២៤ ធ្នូ នៅពេលដែលពលរដ្ឋរាប់រយនាក់នាំគ្នាសម្រុកឡើងឡានចំនួនបីគ្រឿង ដែលបង្កឱ្យមានការភ្ញាក់ផ្អើល។
បុរសមួយរូបឈ្មោះ ជ័យ រតនៈ អះអាងតាមទូរស័ព្ទថា លោកជាមេការមួយរូបនៃចម្ការអំពៅរបស់ក្រុមហ៊ុន លី យ៉ុងផាត់ នៅជិតភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោកថ្លែងបញ្ជាក់ថា លោកពិតជានាំកម្មករទាំងនោះទៅចម្ការអំពៅ លី យ៉ុងផាត់ មែន ពីព្រោះក្រុមហ៊ុនកំពុងត្រូវការកម្លាំងកម្មករជាច្រើននាក់ដើម្បីកាប់អំពៅ។
បុរសអះអាងថាជាមេការចម្ការអំពៅម្នាក់ទៀត ឈ្មោះ ធុង និងក្រុមប្រឹក្សាឃុំអមលាំង លោក ប៊ូ រិទ្ធ បញ្ជាក់ថា ក្រុមហ៊ុន លី យ៉ុងផាត់ ពិតជាត្រូវការកម្មករមែន ហើយមានពលរដ្ឋនៅក្នុងតំបន់នោះនាំគ្នាធ្វើការនៅទីនោះដែរ។ ក្រៅពីអ្នកនៅក្នុងតំបន់ ក៏មានអ្នកទៅពីស្រុកខេត្តផ្សេងៗដែរ។
លោក ប៉ាវ ស្រេង ថ្លែងថា មានប្រជាពលរដ្ឋជាច្រើននាក់ទៀត ដែលចង់ទៅធ្វើការជាកម្មករកាប់អំពៅរបស់ក្រុមហ៊ុន លី យ៉ុងផាត់ នោះ ក៏ប៉ុន្តែ ពួកគាត់ខ្លះនៅអល់អែក បន្ទាប់ពីនគរបាលសួរនាំរួចមក។ ទោះជាយ៉ាងនេះក្ដី លោក ប៉ាវ ស្រេង បញ្ជាក់ថា កូនចៅរបស់លោក បានទៅដល់ក្រុមហ៊ុន លី យ៉ុងផាត់ ហើយ បន្ទាប់ពីក្រុមគាត់លួចចេញពីឃុំរបស់លោក។
នាយប៉ុស្តិ៍ឃុំលើកដែក លោក ម៉ា ប៊ុនហ៊ មានប្រសាសន៍ជាថ្មីថា លោកមិនឃាត់ឃាំងអ្វីទេ ហើយសាទរ ប្រសិនបើពលរដ្ឋទៅធ្វើការនៅទីនោះបានប្រាក់ចំណូលមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។