ពលរដ្ឋ​២៣​គ្រួសារ​នៅ​កំពង់ឆ្នាំង​ចោទ​ថា​ក្រុមទាហាន​រំលោភ​យក​ដី

2008-07-23

ប្រជាពលរដ្ឋ​ចំនួន​២៣​គ្រួសារ​នៅ​ភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ដោយ​ចោទ​ប្រកាន់​ថា​ទាហាន​កង​កាំភ្លើង​ធំ​បាន​រំលោភ​យក​ដី​ធ្លី​របស់​ពួក​គាត់ ។

ស្ត្រី​វ័យ​កណ្តាល​ឈ្មោះ ឃិន សារិទ្ធ មាន​ទីលំនៅ​នៅ​ភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដី​គាត់​ចំនួន​៣​ហិកតា​ត្រូវ​ទាហាន​កង​កាំភ្លើង​ធំ​រំលោភ​យក​ទាំង​កំរោល ហើយ​ថែម​ទាំង​គំរាម​រក​បាញ់​សម្លាប់​គាត់​ទៀត​ផង ។

គាត់​បន្ត​ថា​ដី​នេះ​គាត់​បាន​រុករាន​និង​កាន់កាប់​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ ស្រាប់តែ​កាលពី​ឆ្នាំ​២០០៧​កន្លងទៅ កង​ទាហាន​កាំភ្លើង​ធំ​បាន​មក​បោះ​ទីតាំង​នៅ​ជិត​នោះ​ហើយ​ក៏​រំលោភ​យក​តែម្តង ។

ស្ត្រី​ឈ្មោះ ឃិន សារិទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «ដី​ខ្ញុំ​៣​ហិកតា បង​ប្អូន​៥​នាក់​ចែក​គ្នា​បន្តិចៗ​ម្នាក់​ហ្នឹង អត់​បាន​ធ្វើ​តែ​ទាំងអស់​គ្នា ។ ខ្ញុំ​ទៅ​ធ្វើ​ហើយ វា​មក​គំរាម​កំហែង​បាញ់​សម្លុត​ខ្ញុំ​២​គ្រាប់ ខ្ញុំ​កំពុង​ហូប​បាយ វា​ចាប់​អូស​គោ ប្រតាយ​ប្រតប់​ជាមួយ​ខ្ញុំ វា​ទាញ​គោ​យក​ទៅ​កន្លែង​បន្ទាយ​វា»

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ភាវ រ៉ាំ បន្ថែម​ថា​គាត់​បាន​ប្តឹង​តវ៉ា​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ​ឲ្យ​ជួយ​គាត់​ដែរ តែ​ពួកគេ​ពុំ​ជួយ​ដោះស្រាយ​ឲ្យ​គាត់​សោះ​អស់​រយៈពេល​២​ឆ្នាំ​មកហើយ ។

ស្ត្រី​ឈ្មោះ ភាវ រ៉ាំ បាន​មាន​ប្រសាសន៍​ថា ៖ «ដី​៧៩ តាំងពី​ខ្មែរ​ក្រហម​នៅ យក​អង្ករ​អ៊ំ​អស់ អ៊ំ​សុខចិត្ត​ទ្រាំទ្រ​ធ្វើ ។ ទើបតែ​ទាហាន​ចូល​នៅ​២​ឆ្នាំ​ហ្នឹង​យក​ដី​អ៊ំ​អស់ ។ ឥឡូវ​ខ្ញុំ​អត់​ធ្វើ​ស្រែ​ទាំង​២​ឆ្នាំ​ហ្នឹង»

ពុំ​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​ទាហាន​កង​កាំភ្លើង​ធំ​ដែល​កំពុង​បោះ​ទីតាំង​នៅ​តំបន់​ព្រំប្រទល់​រវាង​ស្រុក​ទឹក​ផុស​និង​ស្រុក​រលាប្អៀរ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ កក្កដា​នេះ ។ ប៉ុន្តែ​មេ​ឃុំ​ព្រៃ​មូល លោក ភោគ ឈួន ពន្យល់​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ថា ដោយ​តំបន់​នេះ​ក្រសួង​ការពារ​ជាតិ​ត្រូវការ ហេតុ​នេះ​អាជ្ញាធរ​ឃុំ​កំពុង​ចរចា​ជាមួយ​កង​ទាហាន​កាំភ្លើង​ធំ​នៃ​ក្រសួង​ការពារ​ជាតិ ដើម្បី​រក​ដី​ផ្សេង​មក​ដោះដូរ​ជូន​ប្រជាពលរដ្ឋ ។

លោក ភោគ ឈួន បាន​បញ្ជាក់​ថា ៖ «បញ្ហា​ហ្នឹង​យើង​បាន​ធ្វើការ​ដោះស្រាយ​រួចហើយ ។ ប៉ុន្តែ​ឥឡូវ​ហ្នឹង​យើង​ដោះស្រាយ​ហ្នឹង​វា​នៅ​ជាប់​តែ​បន្តិច​ទេ ។ វា​អត់​មាន​គាត់​យក​គាត់​អី​ទេ ព្រោះ​ដី​ហ្នឹង​វា​ជា​ដី​ព្រៃ ខេត្ត​ក៏​បាន​គូរ​រង្វង់​ឲ្យ​ទៅ​ទាហាន ។ អ៊ីចឹង​គាត់​ហ្នឹង​គាត់​នៅតែ​ប្រកាន់​ថា គាត់​បាន​កាន់កាប់​អី​យូរ​ហើយ ។ អ៊ីចឹង​យើង​កំពុងតែ​ធ្វើការ​សម្រុះ​សម្រួល​ជាមួយ​ទាហាន​ហ្នឹង​ដើម្បី​ធ្វើការ​ដោះដូរ»

អភិបាល​ស្រុក​រលាប្អៀរ លោក ពេជ្រ សម្បត្តិ មាន​ប្រសាសន៍​ថា​ពិត​ជា​មាន​បញ្ហា​កើតឡើង​ដូច​របាយការណ៍​របស់​ប្រជាពលរដ្ឋ​មែន តែ​ដោយសារ​រឿង​នេះ​ហួស​ពី​លទ្ធភាព​របស់​លោក​ទើប​លោក​មិន​អាច​ជួយ​ប្រជាពលរដ្ឋ​បាន ។

លោក ពេជ្រ សម្បត្តិ បាន​មាន​ប្រសាសន៍​ថា ៖ «វា​ហួស​សមត្ថកិច្ច​របស់​យើង​ខ្ញុំ ពីព្រោះ​វា​ស្ថិត​នៅ​ក្របខ័ណ្ឌ​របស់​បន្ទាយ​កង​យោធពល​ខេមរភូមិន្ទ​ការពារ​ទឹក​ដី​របស់​យើង»

យ៉ាងណា​ក៏ដោយ​មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង មាន​ប្រសាសន៍​ថា​គេ​គួរតែ​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្តល់​ដី​សំណង​ដល់​គាត់​ឲ្យ​បាន​សមរម្យ មុន​នឹង​ដកហូត​ដី​នោះ​ប្រគល់​ជូន​ទៅ​កង​ទាហាន​កាំភ្លើង​ធំ ព្រោះ​បើ​គ្មាន​ដី​បង្កបង្កើន​ផល​ប្រជាពលរដ្ឋ​ប្រាកដ​ជា​ជួប​ការលំបាក​ក្នុង​ជីវភាព ៕

អត្ថបទ​ដែល​ទាក់ទង

អភិបាល​រង​ស្រុក​ស្ទឹងត្រង់​រង​ការចោទ​ថា​ចង់​បណ្ដេញ​ពលរដ្ឋ​៣៣​គ្រួសារ

ការដាក់​ពាក្យ​បណ្ដឹង​ជំទាស់​នឹង​ការអភិវឌ្ឍ​តំបន់​បឹង​កក់​ត្រូវ​រាំងស្ទះ

តំណាង​ពលរដ្ឋ​នៅ​បឹង​កក់​គ្រោង​ទៅ​តវ៉ា​ដល់​ផ្ទះ​នាយក​រដ្ឋមន្ត្រី

ភាព​ចម្រូង​ចម្រាស​ជុំវិញ​ការបូម​ខ្សាច់​ចាក់​លុប​បឹងកក់​

ពលរដ្ឋ​នៅ​បឹងកក់​ជួប​ជាមួយ​សាលា​ខណ្ឌ ប៉ុន្តែ​មិន​បាន​លទ្ធផល

តុលាការ​ក្រុង​ភ្នំពេញ​នឹង​ជំនុំ​ជម្រះ​ទោស​ជន​ជាប់​ចោទ​ក្នុង​រឿង​ដីធ្លី​៦​នាក់​នៅ​ថ្ងៃ​ទី២ កញ្ញា

ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​នាំ​គ្នា​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​ចាក់​លុប​បឹង

ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​គ្រោង​ទៅ​តវ៉ា​នៅ​សាលា​ក្រុង​ពី​បញ្ហា​បូម​ខ្សាច់​ដាក់​បឹង

ជនជាតិ​ភាគ​តិច​នៅ​ខែត្រ​ក្រចេះ​ភ័យ​ព្រួយ​ពី​ការបាត់បង់​ដី​ធ្លី

ការតវ៉ា​ជុំវិញ​បញ្ហា​បូម​ខ្សាច់​លុប​ផ្ទៃ​សមុទ្ទ​នៅ​កំពត​មិន​ទាន់​មាន​ដំណោះស្រាយ