មតិ​យុវវ័យ​ជុំវិញ​ថ្ងៃ​បុណ្យ​មាឃបូជា

នៅ​ថ្ងៃ​១៥​កើត ខែ​មាឃ ឆ្នាំ​ថោះ ត្រីស័ក ព.ស. ២៥៥៥ ត្រូវ​និង​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ នេះ គឺ​ជា​ថ្ងៃ​បុណ្យ «មាឃ​បូជា» ដែល​ជា​បុណ្យ​យ៉ាង​សំខាន់​មួយ​របស់​ព្រះ​ពុទ្ធ​សាសនា។

0:00 / 0:00

ប្រជា​ពល​រដ្ឋ​ខ្មែរ​ពុទ្ធ​បរិស័ទ តែ​កាល​ណា​ដល់​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ខែ​មាឃ​ម្ដងៗ គេ​តែង​តែ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​ដ៏​ធំ​មួយ គឺ​បុណ្យ «មាឃ​បូជា»។

រី​ឯ​ទី​កន្លែង​ដែល​គេ​និយម​ធ្វើ​ពិធី​បុណ្យ​នេះ ភាគ​ច្រើន​គឺ​ធ្វើ​នៅ​ក្នុង​វត្ត​អារាម​ទូទាំង​ប្រទេស ហើយ​និង​នៅ​កន្លែង​តម្កល់​ព្រះ​បរម​សារីរិកធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ ឬ​ភ្នំ​អដ្ឋរស្ស ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

ការ​ប្រារព្ធ​ពិធី​បុណ្យ «មាឃ​បូជា» នៅ​ក្នុង​ឆ្នាំ​នេះ បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ ១៥​កើត ពេញ​បូណ៌មី ខែ​មាឃ ឆ្នាំ​ថោះ ត្រីស័ក ព.ស. ២៥៥៥ ត្រូវ​គ្នា​និង​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១២។

នៅ​ក្នុង​ពិធី​បុណ្យ​មាឃ​បូជា គេ​មាន​កម្មវិធី​ផ្សេងៗ ដូច​ជា​ធ្វើ​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​ជា​ច្រើន​រយ​អង្គ និង​ដង្ហែ​ក្បួន​ប្រទក្សិណ​ដើរ​ព័ទ្ធ​ជុំវិញ​ភ្នំ​តម្កល់​ព្រះ​បរម​សារីរិកធាតុ ឬ​ឆ្អឹង​របស់​ព្រះ​ពុទ្ធ។

រី​ឯ​នៅ​តាម​វត្ត​អារាម​នានា​វិញ គេ​ក៏​ឃើញ​មាន​ធ្វើ​កម្មវិធី​នេះ​ដែរ ពី​ព្រោះ​គេ​យល់​ថា ការ​ធ្វើ​ដូច្នោះ​គឺ​ដើម្បី​គោរព​បូជា​រំលឹក​ដល់​ព្រះ​សម្មាសម្ពុទ្ធ​ជា​អម្ចាស់​ដែល​ទ្រង់​មាន​ព្រះ​គុណូបការៈ​ដ៏​ក្រៃលែង​ដល់​មនុស្ស​សត្វ​ទូទៅ កាល​ពី​ទ្រង់​គង់​ធរមាន​នៅ​កាល ២៥៥៥​ឆ្នាំ​មុន។

ព្រះ​តេជ​ព្រះ​គុណ ភួង សុភឿន ព្រះ​ចៅអធិការ​វត្ត​បន្ទាយ​រកា ឃុំ​ក្រាំងដីវ៉ាយ និង​ជា​ព្រះ​សមុហ៍​ធរ​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ។ ព្រះ​អង្គ​បាន​មាន​ព្រះ​ថេរដីកា​ថា បុណ្យ «មាឃ​បូជា» ជា​បុណ្យ​មួយ​យ៉ាង​សំខាន់​របស់​ព្រះពុទ្ធ​សាសនា ហេតុ​ដូច្នោះ​ហើយ​គ្រប់​វត្ត​អារាម ដូច​ជា​វត្ត​បន្ទាយ​រកា​ជា​ដើម បើ​ទោះ​ជា​នៅ​ក្នុង​ជន​បទ​ក៏​ដោយ ក៏​នៅ​តែ​ប្រារព្ធ​ធ្វើ​មិន​ដែល​ខាន​ទេ ៖ "គឺ​តែង​តែ​ធ្វើ​ពិធី​បូជា​ថ្វាយ​ចំពោះ​ព្រះ​ពុទ្ធ​បរម​គ្រូ​ជា​ម្ចាស់​នៃ​យើង។ មាន​អ្វី​ដែល​យើង​អាច​មាន​បាន យើង​យក​មក​បូជា​នៅ​ក្នុង​ថ្ងៃ​ហ្នឹង យើង​ជ្រះ​ថ្លា​ចំពោះ​ព្រះ​ពុទ្ធ​បរម​គ្រូ​ជា​ម្ចាស់​ហ្នឹង​តែ​ម្ដង"

ទាក់ទង​និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​នេះ បើ​ទោះបី​ជា​ពុទ្ធ​បរិស័ទ​ថា​បុណ្យ​នេះ​មាន​សារសំខាន់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ពុទ្ធ​បរិស័ទ​មួយ​ចំនួន​ទៀត ពិសេស​យុវវ័យ​ក្មេងៗ នៅ​ក្នុង​ជំនាន់​នេះ ភាគ​ច្រើន​គេ​ពុំ​សូវ​បាន​យល់​ដឹង​ពី​អត្ថន័យ​នៃ​បុណ្យ​នេះ​ប៉ុន្មាន​ទេ។ ប្រការ​នេះ​ហើយ នៅ​ពេល​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​ទាំង​នៅ​កន្លែង​តម្កល់​ព្រះ​សារីរិកធាតុ​ភ្នំ​អដ្ឋរស្ស ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ក្ដី ទាំង​នៅ​តាម​វត្ត​អារាម​ក្ដី គេ​មិន​សូវ​ឃើញ​យុវវ័យ​ទៅ​ចូល​រួម​ប៉ុន្មាន​ឡើយ។

យុវតី​មួយ​រូប​ឈ្មោះ ភ័ណ ស្រីលីន រៀន​នៅ​សកល​វិទ្យាល័យ​លីមកុកវិញ នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​រៀង​រាល់​ពេល​បុណ្យ​ពុទ្ធ​សាសនា​ម្ដងៗ ដូច​ជា​បុណ្យ​មាឃ​បូជា​ជា​ដើម គឺ​ពួក​នាង​ជា​យុវវ័យ​ភាគ​ច្រើន​បាន​ដឹង​ត្រឹម​តែ​ថា ថ្ងៃ​នោះ​គេ​ឲ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ។ រី​ឯ​អ្វី​ដែល​លើស​ពី​នេះ​ទៀត គឺ​មិន​ដឹង​ទេ។

យុវតី​ដដែល​បាន​បន្ថែម​ថា ប្រការ​ដែល​យុវវ័យ​មិន​សូវ​ចាប់​អារម្មណ៍​នោះ មិន​មែន​មាន​ន័យ​ថា​មិន​ចង់​ស្វែង​យល់​ពី​ព្រះ​ពុទ្ធ​សាសនា​នោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ​ក៏​បណ្ដាល​មក​ពី​មិន​មាន​អ្នក​ជួយ​ជំរុញ​ដល់​យុវវ័យ​ឲ្យ​ទៅ​ចូល​រួម។ដោយ​ហេតុ​ថា នៅ​ក្នុង​សម័យ​វិទ្យាសាស្ត្រ​ទំនើប​នេះ គឺ​យុវវ័យ​ភាគ​ច្រើន​គេ​ចូល​ចិត្ត​អ្វី​ដែល​សប្បាយៗ ដូច្នេះ​បើ​ឲ្យ​គេ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ដែល​មាន​តែ​ក្បួន​ដង្ហែ​ព្រះ ឬ​មាន​តែ​ព្រះ​សង្ឃ​សម្ដែង​ធម៌​ទេសនា​ត្រង់ៗ តែ​ម្ដង​នោះ គឺ​មិន​អាច​ទាក់​ទាញ​យុវវ័យ​បាន​ទេ ៖ "អ៊ីចឹង​ហើយ​បើ​សិន​ជា​ខាង​ព្រះ​ពុទ្ធ​សាសនា​ហ្នឹង​គាត់​មាន​កម្មវិធី​បង្រៀន​ផង​បែប​លេង​ផង... សិស្ស​ឥឡូវ​អាច​ទទួល​យក​បាន។ បើ​ថា​ឲ្យ​ទៅ​ទទួល​ធម៌​ទេសនា ឥឡូវ​ភាគ​តិច​ណាស់​ដែល​ក្មេង​យល់"

បញ្ជាក់​ប្រាប់​ស្រដៀង​គ្នា​នេះ​ដែរ យុវជន​មួយ​រូប​ទៀត​ឈ្មោះ ធារ៉ា នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​យុវវ័យ​សម័យ​នេះ ដូច​ជា​រូប​គេ​ជា​ដើម ទាក់​ទង​និង​ការ​ទៅ​បុណ្យ​ទាន ហើយ​មាន​សំដែង​ធម៌​ទេសនា​អប់រំ​ត្រង់ៗ​នោះ គឺ​មិន​សូវ​ចូល​ចិត្ត​ទេ។ ដូច្នេះ​គេ​ចង់​ឲ្យ​អ្នក​ដឹក​នាំ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​រៀបចំ​ឲ្យ​មាន​កម្មវិធី​ពន្យល់​ណែនាំ​យុវជន​តាម​រយៈ​ការ​សំដែង​សិល្បៈ​ស្ដីពី​ពុទ្ធ​សាសនា ដូច​ជា​សំដែង​រឿង​អំពី​ដំណើរ​ជីវិត​របស់​ព្រះ​ពុទ្ធ​អង្គ​ជា​ដើម នោះ​ទើប​អាច​ជួយ​បណ្ដុះ​គំនិត​យុវវ័យ​ឲ្យ​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​ទាន​បាន ៖ "គួរ​តែ​ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ​អី​អ៊ីចឹង។ ព្រោះ​អី​ទូរទស្សន៍ យុវវ័យ​ដូច​ប៉ិនៗ​ខ្ញុំ​អ៊ីចឹង គាត់​ចូល​ចិត្ត​មើល​ខាង​ទូរទស្សន៍​អី​ទៅ ពួក​ខ្ញុំ​អាច​ដឹង​ច្រើន​ជាង​ហ្នឹង"

ក្រៅ​ពី​មាន​ការ​លើក​ឡើង​របស់​យុវវ័យ​ថា​មិន​សូវ​បាន​យល់​ដឹង​ពី​អត្ថន័យ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា បុរស​មួយ​រូប​ឈ្មោះ ហា គីម នៅ​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ពិធី​បុណ្យ​មាឃ​បូជា​ម្ដងៗ មិន​ថា​តែ​រូប​លោក​ទេ ដែល​មិន​សូវ​បាន​ដឹង​ពី​អត្ថន័យ​នៃ​បុណ្យ​មាឃ​បូជា ក្រៅពី​នេះ​ក៏​មាន​អ្នក​ស្រុក​ច្រើន​ទៀត​នៅ​ទី​នោះ ក៏​មិន​បាន​ដឹង​ដែរ ពី​ព្រោះ​ក្នុង​ពេល​នោះ​មិន​មាន​លោក​អាចារ្យ​គណៈកម្មការ​វត្ត ឬ​ព្រះ​សង្ឃ​លោក​ពន្យល់​អប់រំ​ឲ្យ​បាន​ក្បោះ​ក្បាយ​ក៏​ទេ​ដែរ គឺ​ច្រើន​តែ​នាំ​គ្នា​សូត្រ​ធម៌។

ស្ត្រី​មន្ត្រី​រាជ​ការ​មួយ​រូប ឈ្មោះ ម៉ាល័យ នៅ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា សម្រាប់​ពិធី​បុណ្យ​មាឃ​បូជា បើ​ទោះ​បី​គាត់​ជា​ពុទ្ធ​បរិស័ទ​មួយ​រូប​ក៏​ដោយ ប៉ុន្តែ​ការ​យល់​ដឹង​ពី​ពិធី​បុណ្យ​នេះ គឺ​នៅ​មាន​កម្រិត ពី​ព្រោះ​សព្វ​ថ្ងៃ​បញ្ហា​ជីវភាព​រស់​នៅ​ខ្វះ​ខាត ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​ទៅ​លើ​ជីវភាព​ច្រើន​ជាង​ការ​ទៅ​ធ្វើ​បុណ្យ​ទាន ៖ "ដូច​ខ្ញុំ​អ៊ីចឹង ថ្ងៃ​ឈប់​សម្រាក​អ៊ីចឹង ខ្ញុំ​ឆ្លៀត​ពេល​ហ្នឹង ខ្ញុំ​ទទួល​ដេរ​ខោ​អាវ​រយ​ខោ​អាវ​អី​អ៊ីចឹង ដោយ​សារ​ជីវភាព​យើង​ខ្វះ​ខាត។នៅ​ផ្ទះ​ទៅ​យើង​ដេរ​ខោ​អាវ​អី​ឲ្យ​គេ"

នូវ​រាល់​ការ​លើក​ឡើង​របស់​យុវវ័យ​ក្តី របស់​មនុស្ស​វ័យ​ចាស់​ក្ដី ថា​សុំ​ឲ្យ​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​បង្កើត​កម្មវិធី​អប់រំ​ស្ដីពី​ពុទ្ធ​សាសនា ឬ​មាឃ​បូជា​នោះ លោក ញាណ ភឿន ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា បាន​មាន​ប្រសាសន៍​ថា តាម​ពិត​ទៅ នៅ​ក្នុង​វត្ត​អារាម​និមួយៗ នៅ​ទូទាំង​ប្រទេស ដែល​មាន​ចំនួន​ជាង ៤.០០០​វត្ត​ក្នុង​ពេល​ដែល​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​ម្ដងៗ គឺ​គេ​តែង​តែ​មាន​ការ​អប់រំ ពន្យល់​ប្រាប់​ពុទ្ធ​បរិស័ទ​អំពី​អត្ថន័យ​របស់​បុណ្យ​ទៅ​តាម​រយៈ​នៃ​ការ​សំដែង​ធម៌​ទេសនា​របស់​ព្រះ​សង្ឃ។

លោក​បាន​បន្ត​ថា ក្រៅ​ពី​នេះ ក៏​មាន​ធ្វើ​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​ក្នុង​ពិធី​បុណ្យ​មាឃ​បូជា ដូច​ជា​ធ្វើ​នៅ​កន្លែង​តម្កល់​ព្រះ​បរម​សារីរិកធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ​នៅ​ភ្នំ​អដ្ឋរស្ស ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ជា​ដើម ដើម្បី​ឲ្យ​ពុទ្ធ​បរិស័ទ​ចូល​រួម​បំពេញ​កុសល​តាម​កម្លាំង​សទ្ធា​របស់​គេ។

ព្រះ​តេជ​ព្រះ​គុណ ភួង សុភឿន ព្រះ​សមុហ៍ធរ​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ។ ព្រះ​អង្គ​បាន​មាន​ព្រះ​ថេរដីកា​បញ្ជាក់​ដែរ​ថា វត្ត​អារាម​នៅ​ក្នុង​ខេត្ត​នេះ ក៏​បាន​ធ្វើ​ដូច​គ្នា​ដែរ ហើយ​នូវ​រាល់​កម្មវិធី​ទាំង​អំបាលម៉ាន​នោះ​ហើយ ដែល​ជា​ការ​បង្ហាញ​អប់រំ​ពន្យល់​ប្រាប់​ដល់​ពុទ្ធ​បរិស័ទ​ប្រុស​ស្រី​ចាស់​ក្មេង​ឲ្យ​បាន​ដឹង​អំពី​អត្ថន័យ​ដ៏​មាន​សារសំខាន់​នៃ​ពិធី​បុណ្យ​មាឃ​បូជា។

ព្រះ​តេជ​ព្រះ​គុណ​បាន​បន្ថែម​ថា តាម​ពិត​ទៅ បុណ្យ​មាឃ​បូជា គឺ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ព្រះ​មហា​ឧបការ​គុណ​របស់​ព្រះ​ពុទ្ធ​អង្គ ដែល​ទ្រង់​បាន​សំដែង​ឱវាទ​បាតិមោក្ខ​ដល់​ពុទ្ធ​បរិស័ទ​ទាំង​បព្វជិត និង​គ្រហស្ថ។ ឱវាទ​បាតិមោក្ខ​នោះ គឺ​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​អប់រំ​ទូន្មាន​ថា ឲ្យ​វៀរចាក​អំពើ​បាប ឬ​មិន​ធ្វើ​អំពើ​អាក្រក់​ផង​ទាំង​ពួង ឲ្យ​ធ្វើ​អំពើ​ល្អ បំពេញ​កុសល និង​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ស្អាត​ផូរផង់។

នៅ​ក្នុង​ឯកសារ​របស់​ព្រះ​ពុទ្ធ​សាសនា​បាន​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ «មាឃ​បូជា» គឺ​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​ពុទ្ធ​កាល ដែល​កាល​នោះ មាន​ការ​ប្រជុំ​ចតុរង្គ​សន្និបាត ឬ​ការ​ប្រជុំ​ប្រកប​ដោយ​អង្គ​៤ គឺ ៖

ទី​១-នៅ​ក្នុង​ថ្ងៃ​នោះ ជា​ថ្ងៃ​ពេញ​បូណ៌មី មាន​ព្រះ​ច័ន្ទ​ពេញ​វង់។

ទី​២ -ព្រះ​ភិក្ខុ​សង្ឃ​ចំនួន ១២៥០​អង្គ បាន​និមន្ត​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​សន្និបាត​នោះ ដោយ​ពុំ​មាន​អ្នក​ណា​និមន្ត ឬ​ឥត​ដឹង​មុន ក៏​ស្រាប់​តែ​មក​ព្រម​គ្នា​តែ​ម្ដង។

ទី​៣-ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អំបាលម៉ាន​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត។

ទី​៤-ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ គឺ​ជា​ឯហិភិក្ខុ​ដូច​គ្នា​ទាំង​អស់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។