ប្រជាពលរដ្ឋខ្មែរពុទ្ធបរិស័ទ តែកាលណាដល់ថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃម្ដងៗ គេតែងតែនាំគ្នាប្រារព្ធធ្វើពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាដ៏ធំមួយ គឺបុណ្យ «មាឃបូជា»។
រីឯទីកន្លែងដែលគេនិយមធ្វើពិធីបុណ្យនេះ ភាគច្រើនគឺធ្វើនៅក្នុងវត្តអារាមទូទាំងប្រទេស ហើយនិងនៅកន្លែងតម្កល់ព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធដែលស្ថិតនៅលើកំពូលភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។
ការប្រារព្ធពិធីបុណ្យ «មាឃបូជា» នៅក្នុងឆ្នាំនេះ បានប្រព្រឹត្តនៅថ្ងៃ ១៥កើត ពេញបូណ៌មី ខែមាឃ ឆ្នាំថោះ ត្រីស័ក ព.ស. ២៥៥៥ ត្រូវគ្នានិងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១២។
នៅក្នុងពិធីបុណ្យមាឃបូជា គេមានកម្មវិធីផ្សេងៗ ដូចជាធ្វើពិធីរាប់បាត្រព្រះសង្ឃជាច្រើនរយអង្គ និងដង្ហែក្បួនប្រទក្សិណដើរព័ទ្ធជុំវិញភ្នំតម្កល់ព្រះបរមសារីរិកធាតុ ឬឆ្អឹងរបស់ព្រះពុទ្ធ។
រីឯនៅតាមវត្តអារាមនានាវិញ គេក៏ឃើញមានធ្វើកម្មវិធីនេះដែរ ពីព្រោះគេយល់ថា ការធ្វើដូច្នោះគឺដើម្បីគោរពបូជារំលឹកដល់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ដែលទ្រង់មានព្រះគុណូបការៈដ៏ក្រៃលែងដល់មនុស្សសត្វទូទៅ កាលពីទ្រង់គង់ធរមាននៅកាល ២៥៥៥ឆ្នាំមុន។
ព្រះតេជព្រះគុណ ភួង សុភឿន ព្រះចៅអធិការវត្តបន្ទាយរកា ឃុំក្រាំងដីវ៉ាយ និងជាព្រះសមុហ៍ធរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ព្រះអង្គបានមានព្រះថេរដីកាថា បុណ្យ «មាឃបូជា» ជាបុណ្យមួយយ៉ាងសំខាន់របស់ព្រះពុទ្ធសាសនា ហេតុដូច្នោះហើយគ្រប់វត្តអារាម ដូចជាវត្តបន្ទាយរកាជាដើម បើទោះជានៅក្នុងជនបទក៏ដោយ ក៏នៅតែប្រារព្ធធ្វើមិនដែលខានទេ ៖ "គឺតែងតែធ្វើពិធីបូជាថ្វាយចំពោះព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង។ មានអ្វីដែលយើងអាចមានបាន យើងយកមកបូជានៅក្នុងថ្ងៃហ្នឹង យើងជ្រះថ្លាចំពោះព្រះពុទ្ធបរមគ្រូជាម្ចាស់ហ្នឹងតែម្ដង"។
ទាក់ទងនិងការប្រារព្ធពិធីបុណ្យមាឃបូជានេះ បើទោះបីជាពុទ្ធបរិស័ទថាបុណ្យនេះមានសារសំខាន់យ៉ាងណាក៏ដោយ ប៉ុន្តែក្នុងនោះ ក៏មានប្រជាពលរដ្ឋខ្មែរពុទ្ធបរិស័ទមួយចំនួនទៀត ពិសេសយុវវ័យក្មេងៗ នៅក្នុងជំនាន់នេះ ភាគច្រើនគេពុំសូវបានយល់ដឹងពីអត្ថន័យនៃបុណ្យនេះប៉ុន្មានទេ។ ប្រការនេះហើយ នៅពេលប្រារព្ធពិធីបុណ្យមាឃបូជាទាំងនៅកន្លែងតម្កល់ព្រះសារីរិកធាតុភ្នំអដ្ឋរស្ស ក្នុងស្រុកពញាឮ ខេត្តកណ្ដាលក្ដី ទាំងនៅតាមវត្តអារាមក្ដី គេមិនសូវឃើញយុវវ័យទៅចូលរួមប៉ុន្មានឡើយ។
យុវតីមួយរូបឈ្មោះ ភ័ណ ស្រីលីន រៀននៅសកលវិទ្យាល័យលីមកុកវិញ នៅភ្នំពេញ បានឲ្យដឹងថា នៅរៀងរាល់ពេលបុណ្យពុទ្ធសាសនាម្ដងៗ ដូចជាបុណ្យមាឃបូជាជាដើម គឺពួកនាងជាយុវវ័យភាគច្រើនបានដឹងត្រឹមតែថា ថ្ងៃនោះគេឲ្យឈប់សម្រាកមួយថ្ងៃ។ រីឯអ្វីដែលលើសពីនេះទៀត គឺមិនដឹងទេ។
យុវតីដដែលបានបន្ថែមថា ប្រការដែលយុវវ័យមិនសូវចាប់អារម្មណ៍នោះ មិនមែនមានន័យថាមិនចង់ស្វែងយល់ពីព្រះពុទ្ធសាសនានោះទេ ប៉ុន្តែបញ្ហានេះក៏បណ្ដាលមកពីមិនមានអ្នកជួយជំរុញដល់យុវវ័យឲ្យទៅចូលរួម។ដោយហេតុថា នៅក្នុងសម័យវិទ្យាសាស្ត្រទំនើបនេះ គឺយុវវ័យភាគច្រើនគេចូលចិត្តអ្វីដែលសប្បាយៗ ដូច្នេះបើឲ្យគេទៅចូលរួមពិធីបុណ្យដែលមានតែក្បួនដង្ហែព្រះ ឬមានតែព្រះសង្ឃសម្ដែងធម៌ទេសនាត្រង់ៗ តែម្ដងនោះ គឺមិនអាចទាក់ទាញយុវវ័យបានទេ ៖ "អ៊ីចឹងហើយបើសិនជាខាងព្រះពុទ្ធសាសនាហ្នឹងគាត់មានកម្មវិធីបង្រៀនផងបែបលេងផង... សិស្សឥឡូវអាចទទួលយកបាន។ បើថាឲ្យទៅទទួលធម៌ទេសនា ឥឡូវភាគតិចណាស់ដែលក្មេងយល់"។
បញ្ជាក់ប្រាប់ស្រដៀងគ្នានេះដែរ យុវជនមួយរូបទៀតឈ្មោះ ធារ៉ា នៅភ្នំពេញ បានឲ្យដឹងថា ជាការពិតយុវវ័យសម័យនេះ ដូចជារូបគេជាដើម ទាក់ទងនិងការទៅបុណ្យទាន ហើយមានសំដែងធម៌ទេសនាអប់រំត្រង់ៗនោះ គឺមិនសូវចូលចិត្តទេ។ ដូច្នេះគេចង់ឲ្យអ្នកដឹកនាំផ្នែកព្រះពុទ្ធសាសនារៀបចំឲ្យមានកម្មវិធីពន្យល់ណែនាំយុវជនតាមរយៈការសំដែងសិល្បៈស្ដីពីពុទ្ធសាសនា ដូចជាសំដែងរឿងអំពីដំណើរជីវិតរបស់ព្រះពុទ្ធអង្គជាដើម នោះទើបអាចជួយបណ្ដុះគំនិតយុវវ័យឲ្យចូលរួមនៅក្នុងពិធីបុណ្យទានបាន ៖ "គួរតែផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុអីអ៊ីចឹង។ ព្រោះអីទូរទស្សន៍ យុវវ័យដូចប៉ិនៗខ្ញុំអ៊ីចឹង គាត់ចូលចិត្តមើលខាងទូរទស្សន៍អីទៅ ពួកខ្ញុំអាចដឹងច្រើនជាងហ្នឹង"។
ក្រៅពីមានការលើកឡើងរបស់យុវវ័យថាមិនសូវបានយល់ដឹងពីអត្ថន័យនៃការប្រារព្ធពិធីបុណ្យមាឃបូជា បុរសមួយរូបឈ្មោះ ហា គីម នៅខេត្តបាត់ដំបង បានមានប្រសាសន៍ថា នៅពេលមានពិធីបុណ្យមាឃបូជាម្ដងៗ មិនថាតែរូបលោកទេ ដែលមិនសូវបានដឹងពីអត្ថន័យនៃបុណ្យមាឃបូជា ក្រៅពីនេះក៏មានអ្នកស្រុកច្រើនទៀតនៅទីនោះ ក៏មិនបានដឹងដែរ ពីព្រោះក្នុងពេលនោះមិនមានលោកអាចារ្យគណៈកម្មការវត្ត ឬព្រះសង្ឃលោកពន្យល់អប់រំឲ្យបានក្បោះក្បាយក៏ទេដែរ គឺច្រើនតែនាំគ្នាសូត្រធម៌។
ស្ត្រីមន្ត្រីរាជការមួយរូប ឈ្មោះ ម៉ាល័យ នៅភ្នំពេញ បានមានប្រសាសន៍ប្រាប់ដែរថា សម្រាប់ពិធីបុណ្យមាឃបូជា បើទោះបីគាត់ជាពុទ្ធបរិស័ទមួយរូបក៏ដោយ ប៉ុន្តែការយល់ដឹងពីពិធីបុណ្យនេះ គឺនៅមានកម្រិត ពីព្រោះសព្វថ្ងៃបញ្ហាជីវភាពរស់នៅខ្វះខាត ធ្វើឲ្យគាត់ចាប់អារម្មណ៍ទៅលើជីវភាពច្រើនជាងការទៅធ្វើបុណ្យទាន ៖ "ដូចខ្ញុំអ៊ីចឹង ថ្ងៃឈប់សម្រាកអ៊ីចឹង ខ្ញុំឆ្លៀតពេលហ្នឹង ខ្ញុំទទួលដេរខោអាវរយខោអាវអីអ៊ីចឹង ដោយសារជីវភាពយើងខ្វះខាត។នៅផ្ទះទៅយើងដេរខោអាវអីឲ្យគេ"។
នូវរាល់ការលើកឡើងរបស់យុវវ័យក្តី របស់មនុស្សវ័យចាស់ក្ដី ថាសុំឲ្យគណៈកម្មការរៀបចំពិធីបុណ្យបង្កើតកម្មវិធីអប់រំស្ដីពីពុទ្ធសាសនា ឬមាឃបូជានោះ លោក ញាណ ភឿន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា តាមពិតទៅ នៅក្នុងវត្តអារាមនិមួយៗ នៅទូទាំងប្រទេស ដែលមានចំនួនជាង ៤.០០០វត្តក្នុងពេលដែលប្រារព្ធពិធីបុណ្យមាឃបូជាម្ដងៗ គឺគេតែងតែមានការអប់រំ ពន្យល់ប្រាប់ពុទ្ធបរិស័ទអំពីអត្ថន័យរបស់បុណ្យទៅតាមរយៈនៃការសំដែងធម៌ទេសនារបស់ព្រះសង្ឃ។
លោកបានបន្តថា ក្រៅពីនេះ ក៏មានធ្វើពិធីរាប់បាត្រព្រះសង្ឃក្នុងពិធីបុណ្យមាឃបូជា ដូចជាធ្វើនៅកន្លែងតម្កល់ព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅភ្នំអដ្ឋរស្ស ស្រុកពញាឮ ខេត្តកណ្ដាលជាដើម ដើម្បីឲ្យពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមកម្លាំងសទ្ធារបស់គេ។
ព្រះតេជព្រះគុណ ភួង សុភឿន ព្រះសមុហ៍ធរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ព្រះអង្គបានមានព្រះថេរដីកាបញ្ជាក់ដែរថា វត្តអារាមនៅក្នុងខេត្តនេះ ក៏បានធ្វើដូចគ្នាដែរ ហើយនូវរាល់កម្មវិធីទាំងអំបាលម៉ាននោះហើយ ដែលជាការបង្ហាញអប់រំពន្យល់ប្រាប់ដល់ពុទ្ធបរិស័ទប្រុសស្រីចាស់ក្មេងឲ្យបានដឹងអំពីអត្ថន័យដ៏មានសារសំខាន់នៃពិធីបុណ្យមាឃបូជា។
ព្រះតេជព្រះគុណបានបន្ថែមថា តាមពិតទៅ បុណ្យមាឃបូជា គឺធ្វើឡើងដើម្បីរំលឹកដល់ព្រះមហាឧបការគុណរបស់ព្រះពុទ្ធអង្គ ដែលទ្រង់បានសំដែងឱវាទបាតិមោក្ខដល់ពុទ្ធបរិស័ទទាំងបព្វជិត និងគ្រហស្ថ។ ឱវាទបាតិមោក្ខនោះ គឺព្រះពុទ្ធអង្គទ្រង់អប់រំទូន្មានថា ឲ្យវៀរចាកអំពើបាប ឬមិនធ្វើអំពើអាក្រក់ផងទាំងពួង ឲ្យធ្វើអំពើល្អ បំពេញកុសល និងធ្វើចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់។
នៅក្នុងឯកសាររបស់ព្រះពុទ្ធសាសនាបានឲ្យដឹងថា ការប្រារព្ធពិធីបុណ្យ «មាឃបូជា» គឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតឡើងនៅក្នុងសម័យពុទ្ធកាល ដែលកាលនោះ មានការប្រជុំចតុរង្គសន្និបាត ឬការប្រជុំប្រកបដោយអង្គ៤ គឺ ៖
ទី១-នៅក្នុងថ្ងៃនោះ ជាថ្ងៃពេញបូណ៌មី មានព្រះច័ន្ទពេញវង់។
ទី២ -ព្រះភិក្ខុសង្ឃចំនួន ១២៥០អង្គ បាននិមន្តមកជួបជុំគ្នានៅក្នុងសន្និបាតនោះ ដោយពុំមានអ្នកណានិមន្ត ឬឥតដឹងមុន ក៏ស្រាប់តែមកព្រមគ្នាតែម្ដង។
ទី៣-ព្រះភិក្ខុសង្ឃទាំងអំបាលម៉ាននោះសុទ្ធតែជាព្រះអរហន្ត។
ទី៤-ព្រះភិក្ខុសង្ឃទាំងនោះ គឺជាឯហិភិក្ខុដូចគ្នាទាំងអស់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
