គ.ជ.ប.​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​បក្ស​សមរង្ស៊ី​និង​បក្ស​ប្រជាជន

ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) បាន​បើក​សវនាការ​និង​ប្រកាស​សាលក្រម​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០០៨ លើ​បណ្តឹង​១០​ដែល​ប្តឹង​ទាស់​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ពីបទ​ប្រើ​ពាក្យ​ប្រមាថ​និង​ប្រើប្រាស់​សម្ភារៈ​រដ្ឋ​ជា​ឧបករណ៍​ឃោសនា ។

0:00 / 0:00

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក អ៊ឹម សួស្តី សម្រេច ៖ ទី​១ បណ្តឹង​លោកស្រី មូរ សុខហួរ បេក្ខនារី​គណបក្ស​សមរង្ស៊ី​ខេត្ត​កំពត ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្ត​កំពត​បាន​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​បង្គាប់​ឲ្យ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា លោក សា ស្មាន់ ដែល​ប្រើ​រថយន្ត​ស្លាក​លេខ​ខ.ម​ជា​ឧបករណ៍​សម្រាប់​ឃោសនា ផ្តន្ទាទោស​បង់​ប្រាក់​ចំនួន​៥​លាន​រៀល ។

ទី​២ បណ្តឹង​គណបក្ស​សមរង្ស៊ី​របស់​លោក រស់ សួរ ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត ខេត្ត​ព្រះវិហារ ប្តឹង​ពី​ស្រ្តី​ជា​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា យក​ម៉ូតូ​មាន​ស្លាក​លេខ​រដ្ឋ​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ប្រើ​ក្នុង​ការឃោសនា​ត្រូវ​ផ្តន្ទាទោស​ជា​ប្រាក់​៥​លាន​រៀល​ដែរ ។

ទី​៣ បណ្តឹង​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម​និង​ខេត្ត​ក្រចេះ ប្តឹង​ពី​លោក សម រង្ស៊ី ប្រើ​ពាក្យ​ប្រមាថ "មេ​ដឹកនាំ​អា​រូប​ប្រុស​៣​នាក់​ជា​ចោរ​លួច​ជាតិ អា​មួយ​នៅ​កណ្តាល​ខូច​ជាងគេ កុំ​ផ្ញើ​វាសនា​លើ​តៃកុង​ខ្វាក់​ភ្នែក​បើក​ឡាន​មិន​ស្គាល់​ផ្លូវ" ជាដើម ជា​ការម៉ាក់ងាយ​ដែល​បាន​ហាមឃាត់​តាម​មាត្រា​នៃ​ច្បាប់​បោះឆ្នោត បាន​សម្រេច​ផ្តន្ទាទោស​លោក សម រង្ស៊ី ឲ្យ​បង់​ប្រាក់​១០​លាន​រៀល​ដាក់​ចូល​ថវិកា​រដ្ឋ ។ ហើយ​បាន​បើក​ឲ្យ​ភាគី​ទាំង​២​មាន​គណបក្ស​សមរង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​ប្តឹង​បន្ត​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទៀត​ផង ។

ចំពោះ​ការសម្រេច​ខាង​លើ​នេះ​តំណាង​គណបក្ស​សមរង្ស៊ី លោក ថាច់ សេដ្ឋា បដិសេធ​មិន​ទទួល​យក​ការផ្តន្ទាទោស លោក សម រង្ស៊ី ឲ្យ​បង់​ប្រាក់​១០​លាន​រៀល​លើ​បណ្តឹង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​កំពង់ចាម​និង​ក្រចេះ ។ ប៉ុន្តែ​សាលក្រម​នៅ​ខេត្ត​កំពត​និង​ខេត្ត​ព្រះវិហារ គណបក្ស​សមរង្ស៊ី​បាន​ទទួល​យក ។

លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា ៖ «រឿង​គណបក្ស​ប្រជាជន​ដែល​ប្រព្រឹត្ត​ល្មើស​មក​លើ​គណបក្ស​សមរង្ស៊ី​គឺ​មាន​ភស្តុតាង​ច្បាស់លាស់ ។ រីឯ​លោក សម រង្ស៊ី ដែល​គាត់​និយាយ​ហ្នឹង​គឺ​មិន​បាន​សំដៅ​ទៅ​លើ​បុគ្គល​ណា​មួយ លោក ហ៊ុន សែន ឬ ជា ស៊ីម, ហេង សំរិន គឺ​អត់​មាន​សំដៅ​ផង​ហ្នឹង ។ ដូច្នេះ​វា​អត់​មាន​អី​ដែល​ថា​គាត់​មាន​ចេតនា​និយាយ​វ៉ៃប្រហារ​ទៅ​លើ​បុគ្គល​គឺ​អត់​មាន​ទាល់តែសោះ»

លោក ថាច់ សេដ្ឋា បាន​អះអាង​ថា​គណបក្ស​សមរង្ស៊ី​នឹង​បន្ត​ប្តឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទៀត ៖ «ហើយ​វា​ជា​ការផ្ទុយ​នឹង​មាត្រា​៧៦ ៧៣ ផង ពីព្រោះ​អ្វី​ដែល​ធ្វើ ការនិយាយ​ប្រមាថ​ដែល​ធ្វើ​ឲ្យ​បាត់​ការទុកចិត្ត​ដល់​អ្នក​បោះ​ឆ្នោត អា​ហ្នឹង​ខូច​ការសម្ងាត់​ការបោះ​ឆ្នោត​បាន​វា​មាន​ទោស ។ ដូច្នេះ​នៅ​ក្នុង​ច្បាប់​បាន​ចែង​យ៉ាងច្បាស់ ប៉ុន្តែ​បែរជា​ក្រុមប្រឹក្សា​ជំនុំជម្រះ​ខាង​គ.ជ.ប.​សម្រេច​បែប​នេះ គឺ​យើង​មិន​អាច​ទទួល​យក​បាន​ទេ ។ យើង​នឹង​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថែម​ទៀត»

រីឯ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​តវ៉ា​ជុំវិញ​ការប្រកាស​សាលក្រម​ដោយ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ឡើយ ៕