អង្គការ​សេដាក​គ្រោង​នាំ​ចេញ​អង្ករ​សរីរាង្គ​បន្ថែម​ទៀត

អង្គការ​សេដាក (CEDAC) មាន​គម្រោង​នឹង​នាំ​ចេញ​អង្ករ​ស្រូវ​ស្រែ អង្ករ​សរីរាង្គ ជាង​២៣០​តោន​ថែម​ទៀត​ទៅ​លក់​នៅ​ឯ​បរទេស ហើយ​ថា ការដំឡើង​ការនាំ​ចេញ​នេះ​អាច​នឹង​បង្កើន​ចំណូល​ដល់​កសិករ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ លោក យ៉ង សាំងកុមារ បាន​មាន​ប្រសាសន៍​ថា ប្រាប់​កាសែត​ភ្នំពេញប៉ុស្តិ៍​ថា ការដឹក​អង្ករ​ចេញ​តាម​កប៉ាល់​នោះ​រួម​មាន​ចំនួន​២០០​តោន​ទៅ​ប្រទេស​អាល្លឺម៉ង់​នៅ​ខែ​វិច្ឆិកា និង​៣០​តោន​ទៀត ត្រូវ​ដឹក​ទៅ​សហរដ្ឋ​អាមេរិក​នា​ដើម​ឆ្នាំ​ក្រោយ។

លោក​បន្ត​ថា ឥឡូវ​នេះ​លោក​មាន​អង្ករ​ជាង​៦០០​តោន​ហើយ​សម្រាប់​លក់​នៅ​ក្នុង​ស្រុក​នឹង​លក់​នៅ​អាល្លឺម៉ង់​ព្រម​ទំាង​លក់​នៅ​សហរដ្ឋ​អាមេរិក​ផងដែរ។

លោក​បន្ត​ទៀត​ថា ឆ្នាំ​នេះ​អង្គការ​សេដាក​មាន​ផែនការ​ទិញ​ស្រូវ​ស្រែ​ប្រមាណ​២០០០​តោន​ពី​ប្រជាកសិករ។ ចំណែក​ពី​ឆ្នាំ​ទៅ​ទិញ​ស្រូវ​ពី​កសិករ​បាន​តែ​១២០០​តោន​ទេ។

កសិករ​ម្នាក់​ឈ្មោះ លឹម វីរៈ នៅ​ភូមិ​ព្រែកត្រែង ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា បើ​លក់​ឲ្យ​អ្នក​ផ្សេង​បាន​តម្លៃ​ត្រឹមតែ​២៥០​ដុល្លារ​ក្នុង​ស្រូវ​១​តោន ប៉ុន្តែ​គ្រួសារ​គាត់​និង​អ្នកភូមិ​ខ្លះ​ទៀត​ដែល​លក់​ឲ្យ​អង្គការ​សេដាក គឺ​បាន​ថ្លៃ​៣០០​ដុល្លារ​ក្នុង​ស្រូវ​១​តោន គឺ​ប្រមាណ​២០%​ខ្ពស់​ជាង​តម្លៃ​នៅ​ទីផ្សារ៕