ប្រតិកម្មនេះកើតមានឡើងបន្ទាប់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតជូនដំណឹងទៅអភិបាលខេត្តរតនគិរីស្ដីពីការអនុញ្ញាតហែក្បួនមានសមាជិកចូលរួម១ពាន់នាក់ នាថ្ងៃទី២៧ តុលា នាទីរួមខេត្ត។
ក៏ប៉ុន្តែអគ្គលេខាធិការដ្ឋានអាជ្ញាធរខេត្តរតនគិរីបានចេញលិខិតចំនួនពីរនាថ្ងៃ២៣ និង ២៤ តុលា មិនអនុញ្ញាតឲ្យមានការហែក្បួនថ្ងៃទី២៧ តុលានោះទេ ហើយអនុញ្ញាតឲ្យហែនៅថ្ងៃទី៧ ខែវិច្ឆិកា នៅម៉ោង៨ព្រឹកដល់ម៉ោង១១ថ្ងៃ។ ហើយមួយថ្ងៃបន្ទាប់មកបានកែប្រែឲ្យហែនៅថ្ងៃ៣០ តុលាវិញ និងអនុញ្ញាតឲ្យហែក្បួនតែរយៈពេលពីរម៉ោងប៉ុណ្ណោះ ជាមួយនោះបានបដិសេធមិនអនុញ្ញាតឲ្យផ្សព្វផ្សាយសេចក្តីជូនដំណឹងនិងកិច្ចអំពាវនាវពិធីហែក្បួនតាមស្ថានីយវិទ្យុខេត្តឡើយ។
ប្រធានអង្គការអាដហុក លោក ធន សារាយ ប្រតិកម្ម ៖ «គឺជាការមួយអាម៉ាស់ណាស់ អ្វីដែលជាការរួមចំណែករបស់ប្រជាពលរដ្ឋចូលរួមនៅក្នុងការគាំទ្រនិងការអំពាវនាវឲ្យមានការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបញ្ជារបស់រដ្ឋាភិបាល សូម្បីតែមន្ត្រីព័ត៌មានមួយ ហើយនិង... ក៏ហ៊ានធ្វើការរារាំង»។
ឆ្លើយតបចំពោះប្រតិកម្មនេះនាយខុទ្ទកាល័យសាលាខេត្តរតនគិរី លោក ណាប់ ប៊ុនហេង បញ្ជាក់ថា ៖ «ហេតុផលមានពិធីការច្រើន មានភ្ញៀវ មានអី ហើយកម្លាំងសមត្ថកិច្ចយើងមានការងារច្រើនដែរ។មន្ទីរព័ត៌មានថាមិនអនុញ្ញាតឲ្យផ្សាយទេ ព្រោះគាត់មិនមែនជាវិទ្យុឯកជន»។
ផ្ទុយពីការលើកឡើងប្រធានមន្ទីរព័ត៌មានខេត្ត លោក អឿង សារិ បញ្ជាក់ ៖ «ខ្ញុំបានរាយការណ៍ទៅខេត្តហើយតើ! លោក ហេង ថាផ្សាយមិនបាន ខ្ញុំក៏អត់ហ៊ាន»។
អាជ្ញាធរខេត្តរតនគិរីធ្លាប់បានបដិសេធសំណើហែក្បួនដូចគ្នានេះពីរលើករួចមកហើយ ហើយអភិបាលខេត្តរតនគិរី លោក ម៊ួង ប៉យ កាលពីថ្ងៃទី១២ កញ្ញាកន្លងទៅនេះ បានបដិសេធសំណើខាងលើជាថ្មីទៀតដោយមិនបញ្ជាក់ហេតុផលនិងជំរុញសុំឲ្យមានការសម្រេចពីក្រសួងមហាផ្ទៃវិញ។
បើតាមតំណាងប្រជាសហគមន៍ឃុំលំជ័រ ស្រុកអូរយ៉ាដាវ លោក ពុយ យ៉ុង បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា អភិបាលខេត្តកាលពីថ្ងៃទី១០ តុលា ក្នុងកិច្ចសំណេះសំណាលជាមួយអ្នកភូមិ លោកថា ៖ «ឯកឧត្ដម ម៊ួង ប៉យ និយាយ កុំឲ្យគេមើលងាយពេក ចេះតែសុំ ចេះតែបាន មិនដឹងខុសមិនដឹងត្រូវ តែគេយកជាលេស ការពិតហ្នឹងគេចង់ញុះញង់ប្រជាជនហ្នឹងថា ស្អប់ខ្ពើមអាជ្ញាធរ ស្អប់ខ្ពើមរដ្ឋាភិបាល»។
គួរបញ្ជាក់ថា គម្រោងយុទ្ធនាការហែក្បួនខាងលើកើតមានឡើងបន្ទាប់ពីសកម្មភាពកាប់បំផ្លាញព្រៃឈើដើម្បីយកដីជាកម្មសិទ្ធិ សកម្មភាពកាប់ឈើប្រណីតធ្វើអាជីវកម្មបំពានច្បាប់ និងសកម្មភាពទន្ទ្រានកាន់កាប់ដីធ្លីសហគមន៍កើតឡើងរាប់រយករណីធ្វើឲ្យដីធ្លី និងតំបន់ព្រៃឈើរាប់ពាន់ហិកតារត្រូវបានកាប់បំផ្លាញ។
យ៉ាងនេះក្ដីបើតាមមន្ត្រីអាដហុកខេត្តបញ្ជាក់ថា ការហែក្បួននឹងប្តូរមកធ្វើនៅថ្ងៃ៣០ តុលាវិញ ហើយសង្គមស៊ីវិលនឹងបន្តសុំកិច្ចអន្តរាគមន៍ជុំវិញការកំណត់រយៈពេលហែក្បួនដ៏ខ្លីនេះ៕
