ស្របពេលគ្នានេះ ពួកគាត់បានស្នើឲ្យរដ្ឋាភិបាលមុននឹងធ្វើការអភិវឌ្ឍ ឬវិនិយោគទីតាំងណាមួយទៅឲ្យក្រុមហ៊ុន ត្រូវសិក្សាពីផលប៉ះពាល់ និងអនុញ្ញាតឲ្យពលរដ្ឋ ឬសង្គមស៊ីវិលចូលរួមយោបល់។
តំណាងសហគមន៍មកពីខេត្តចំនួន១៩ និងសង្គមស៊ីវិលចំនួន ១៨ស្ថាប័ន រួមគ្នាតស៊ូមតិក្នុងសន្និសីទថ្នាក់ជាតិឆ្នាំទី៧ របស់ខ្លួន ដោយលើកនូវបញ្ហាការព្រួយបារម្ភ និងអនុសាសន៍ទាក់ទងគម្រោងផែនការអភិវឌ្ឍន៍ប្រទេសដាក់ជូនរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី៧ ខែធ្នូ របស់តំណាងសហគមន៍ និងសង្គមស៊ីវិល ស្ដីពី បញ្ហា និងការព្រួយបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរទាក់ទងនឹងអភិបាលកិច្ចធនធានធម្មជាតិ បានទាមទារឲ្យរដ្ឋាភិបាលសហការធ្វើការរួមគ្នា ដើម្បីអភិបាលកិច្ចល្អលើវិស័យដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា។
ថ្លែងក្នុងសន្និសីទ សហគមន៍ និងសង្គមស៊ីវិល បានលើកឡើងនូវកង្វល់ និងអនុសាសន៍ធំៗចំនួន ៥ចំណុចដាក់ជូនរដ្ឋាភិបាល មានដូចជា បញ្ហានៃវិស័យឧស្សាហកម្មនិស្សារណកម្ម (ឬការធ្វើអាជីវកម្មលើធនធានរ៉ែ) បញ្ហាជនជាតិដើមភាគតិច បញ្ហាព្រៃឈើ បញ្ហាអភិវឌ្ឍន៍ទីក្រុង ការតាំងទីលំនៅឋានថ្មី និងការបណ្ដេញចេញទាំងបង្ខំ បញ្ហាការចុះបញ្ជីដីធ្លី និងបញ្ហាទំនាស់ដី ព្រមទាំងការអនុវត្តបទបញ្ជាលេខ០០១។
លោក ធន សារ៉ាយ ជាប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC) លោកបានឲ្យដឹងថា សន្និសីទថ្នាក់ជាតិឆ្នាំនេះ អ្នកចូលរួមបានស្នើឲ្យរដ្ឋាភិបាលត្រូវអនុញ្ញាតឲ្យសង្គមស៊ីវិល និងសហគមន៍ចូលរួមលើគម្រោងអភិវឌ្ឍន៍ប្រទេសឲ្យបានទូលាយ។ គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលដែលនាំឲ្យប៉ះពាល់ដល់សហគមន៍ មានដូចជា បញ្ហាវិនិយោគដីធ្លី ព្រៃឈើ និងធនធានរ៉ែ ជាដើម។ លោកថា គម្រោងទាំងនេះកន្លងមករដ្ឋាភិបាលមិនបានផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ ឲ្យសហគមន៍ ឬសង្គមស៊ីវិលបានដឹងជាមុនទេ។
យ៉ាងនេះក្តី សេចក្តីថ្លែងការណ៍រួមក៏បានសរសើរពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងវិស័យឧស្សាហកម្មនិស្សារណកម្ម ឬធនធានរ៉ែ។ ក្នុងនោះរដ្ឋាភិបាលបានវាយតម្លៃជុំវិញការចុះបញ្ជីសហគមន៍ជានីតិបុគ្គល និងដីសមូហភាព បានផលិតនូវលិខិតគតិយុត្តិសម្រាប់ការពារបណ្ដោះអាសន្ននូវដីជនជាតិដើមភាគតិច បង្កើតគោលនយោបាយជាតិអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងព្រមទាំងធ្វើកំណែទម្រង់ព្រៃឈើ និងជំរុញសកម្មភាពដាំដើមឈើលើដីរិចរិលជាដើម។
ទោះជាបែបនេះក្តី លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (អ៊ិន.ជី.អូ.ហ៊្វរ៉ុម = The NGO Forum on Cambodia) បានកត់សម្គាល់ថា នៅមានចំណុចខ្វះខាតជាច្រើនដែលរដ្ឋាភិបាលត្រូវកែលំអលើគម្រោង ឬផែនការអភិវឌ្ឍន៍ប្រទេស ដើម្បីកុំឲ្យប៉ះពាល់ដល់សហគមន៍។
លោកថា ដរាបណារដ្ឋាភិបាលមិនទទួលយកអនុសាសន៍របស់សង្គមស៊ីវិល ឬសហគមន៍យកទៅពិចារណាឲ្យបានច្រើនទេ ទំនាស់កើតពីគម្រោងអភិវឌ្ឍន៍ប្រទេសរបស់រដ្ឋាភិបាលមិនថយចុះទេ។ លោកស្នើឲ្យរដ្ឋាភិបាលត្រូវបង្កើនសកម្មភាពធ្វើការងារជាមួយសហគមន៍ និងសង្គមស៊ីវិល ឲ្យបានច្រើន ដើម្បីបញ្ចៀសទំនាស់លើផែនការអភិវឌ្ឍន៍ស្រុកទេស។
ថ្លែងក្នុងសន្និសីទកាសែត លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានគាំទ្រចំពោះអនុសាសន៍របស់សង្គមស៊ីវិល និងសហគមន៍។ លោកថា រដ្ឋាភិបាលនឹងបន្តសហការធ្វើការងាររួមគ្នាជាមួយសហគមន៍ ឬសង្គមស៊ីវិលឲ្យបានច្រើន ដើម្បីរួមគ្នាកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល និងសហគមន៍ ក្រៅពីផ្តល់អនុសាសន៍ជូនរាជរដ្ឋាភិបាលលើបញ្ហារួមគ្នាធ្វើការដើម្បីអភិបាលកិច្ចល្អលើវិស័យដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា តំណាងសង្គមស៊ីវិលចំនួន ១៨ស្ថាប័ន និងតំណាងសហគមន៍មកពី ១៩ខេត្ត ក៏បានលើកយកអនុសាសន៍របស់ខ្លួនដាក់ជូនវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រទេសម្ចាស់ជំនួយឲ្យកម្ពុជា ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។