អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើសុំ​ទូត​វៀតណាម​ដើម្បី​ជួប ទឹម សាខន

តំណាង​សហគមន៍​និង​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន បាន​ស្នើ​ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ដើ​ម្បី​សុំ​ជួប​លោក ទឹម សាខន ក្នុង​គោលបំណង​ចង់​ដឹង​ពី​ស្ថានភាព​រស់នៅ​ពិតប្រាកដ​របស់​លោក ។

0:00 / 0:00

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​បា្រប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៩ សីហា ថា ក្រុម​សហគមន៍​របស់​លោក​និង​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​៥​ទៀត បន្ទាប់ពី​បាន​ទទួល​ដំណឹង​ថា លោក ទឹម សាខន មាន​ជំងឺ​ជា​ទម្ងន់​នៅ​ប្រទេស​វៀតណាម​នោះ ក៏​បាន​ដាក់​លិខិត​កាលពី​ដើម​សប្តាហ៍​នេះ​ទៅ​ស្ថានទូត​វៀតណាម ដើម្បី​សុំ​ជួប​លោក ទឹម សាខន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​នៅ​ឡើយ​នោះ​ទេ ។

លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា ៖ «នៅ​ក្នុង​នោះ​មាន​ខាង​ខ្ញុំ មាន​ខាង​អង្គការ​សិទ្ធិ​មនុស្ស​ដែល​មាន​ខាង​មូលនិធិ មាន​ខាង​តំណាង​សហព័ន្ធ​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ ។ យើង​ប្រឹងប្រែង​គ្រប់​មធ្យោបាយ​ទាំងអស់ ហើយ​ឃើញ​លិខិត​របស់​ឪពុក​របស់​តេជគុណ ទឹម សាខន​ហ្នឹង គាត់​បាន​ផ្ញើ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ផងដែរ ហើយ​មិន​ទាន់​បាន​ឃើញ​មាន​អន្តរាគមន៍​អី ។ ដូច្នេះ​យើង​នៅតែ​ប្រជុំ​គ្នា​ដើម្បី​រកម​ធ្យោបាយ​អី​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​ដល់​លោក ព្រោះ​ឮ​ថា​មាន​ជំងឺ​ជា​ទម្ងន់»

សូម​ជម្រាប​ថា​កាលពី​សប្តាហ៍​មុន លោក ទឹម ធៀង ដែល​ជា​ឪពុក​របស់​លោក ទឹម សាខន បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​ឲ្យ​យក​លោក ទឹម សាខន មក​ស្រុក​ខ្មែរ​វិញ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​នេះ​ពុំ​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​នៅ​ឡើយ​នោះ​ដែរ ។

ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាង​លើ​នេះ អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ទ្រីង បាកាំ បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ប៉ុន្តែ​លោក​ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក ទឹម សាខន មាន​សិទ្ធិ​សេរីភាព​ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត ។

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​បញ្ជាក់​ថា​លោក​ក៏​មិន​ដឹង​ថា លោក ទឹម សាខន នៅ​ទី​ណា​ដែរ ព្រោះ​លោក ទឹម សាខន បាន​សុំ​លិខិត​ទៅ​រស់​នៅ​ប្រទេស​វៀតណាម​តាំងពី​លោក​សឹក​ពី​ព្រះសង្ឃ​មក​ម៉្លេះ ។

លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ៖ «ទាល់តែ​ទាក់ទង​ទៅ​ស្ថានទូត​វៀតណាម​បាន​គេ​ដឹង ព្រោះ​ថា​បើ​ក្នុង​នេះ​ចង់​និយាយ​ថា​ច្បាប់​នៅ​ពេល​ដែល​ព្រះតេជគុណ ទឹម សាខន ឬ​លោក ទឹម សាខន នៅ​ស្រុក​យើង​គាត់​ជា​ជនជាតិ​កម្ពុជា ជា​ស្វ័យប្រវត្តិ ប៉ុន្តែ​ពេល​ដែល​គាត់​សុំ​រស់នៅ​ទៅ​ដល់​ប្រទេស​កំណើត​គាត់ ស្រុក​កំណើត​គាត់ គាត់​ទៅ​ជា​ជនជាតិ​គេ​មួយ​ផ្សេង​ទៀត ។ គាត់​មាន​លិខិត​ទៅ សុំ​ទៅ​រស់នៅ គាត់​សរសេរ​ផ្ទាល់ដៃ​គាត់ ហត្ថលេខា​គាត់ មេ​ដៃ​គាត់ ពេល​ដែល​គាត់​សឹក»

លោក ទឹម ធៀង ដែល​ជា​ឪពុក​របស់​លោក ទឹម សាខន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន លោក ទឹម សាខន កំពុងតែ​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្រោម​ការឃ្លាំមើល​ពី​រដ្ឋាភិបាល​វៀតណាម និង​មិន​អនុញាត​ឲ្យ​លោក ទឹម សាខន មក​ស្រុក​ខ្មែរ​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​ឡើយ ។

សូម​ជម្រាប​ថា លោក ទឹម សាខន អតីត​ព្រះចៅ​អធិការវត្ត​ភ្នំដិន ខេត្ត​តាកែវ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្សឹក​ទាំងបង្ខំ​កាលពី​ឆ្នាំ​មុន រួច​បញ្ជូន​ទៅ​ប្រទេស​វៀតណាម ហើយ​ត្រូវ​តុលាការ​វៀតណាម​កាត់​ទោស​ឲ្យ​ជាប់​គុក ៕