សម្ព័ន្ធអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាបានសម្ដែងការព្រួយបារម្ភថា ជម្លោះព្រំដែនប្រាសាទព្រះវិហាររវាងកម្ពុជានិងថៃ និងការគំរាមកំហែងបាញ់សម្លាប់សកម្មជនគណបក្សនយោបាយជាពិសេសគណបក្សប្រឆាំង នឹងប៉ះពាល់ដល់កម្រិតនៃការចូលរួមរបស់អ្នកបោះឆ្នោតនាឆ្នាំ២០០៨នេះ ។
ការសម្ដែងក្ដីព្រួយបារម្ភនេះបានធ្វើឡើងខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជា បានឈានដល់ថ្ងៃបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០៨នេះ ហើយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ។
ប្រធានគណៈកម្មាធិការនាយកខុមហ្វ្រែល និងជាប្រធានគណៈកម្មាធិការប្រព្រឹត្តិកម្ម លោក ធន សារ៉ាយ បានឲ្យដឹងថាប្រជាពលរដ្ឋកម្ពុជាដែលត្រូវបោះឆ្នោត បានបង្វែរការចាប់អារម្មណ៍របស់ខ្លួនទៅលើបញ្ហាជម្លោះនៃប្រាសាទព្រះវិហារជាជាងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤ ។
លោក ធន សារ៉ាយ បានឲ្យដឹងថា ៖ «ដោយសារមានព្រឹត្តិការណ៍នៅតំបន់ប្រាសាទព្រះវិហារនោះបានធ្វើឲ្យអ្នកបោះឆ្នោតមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ដូច្នេះការជំរុញឲ្យអ្នកបោះឆ្នោតងាកមកយកចិត្តទុកដាក់លើព្រឹត្តិការណ៍បោះឆ្នោតនេះវិញ វាពិតជាមានសារសំខាន់» ។
ទោះជាយ៉ាងណាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានជំទាស់ចំពោះការលើកឡើងនោះ ដោយនិយាយថាប្រជាពលរដ្ឋនៅតែបន្តតាមដានការបោះឆ្នោតដដែល ។
លោក ទេព នីថា បានមានប្រសាសន៍ថា ៖ «តាមការទទួលព័ត៌មានតាមខេត្តក្រុងមកនៅពេលដែលមានដំណើរការបញ្ហាប្រាសាទព្រះវិហារនេះ ខ្ញុំគិតថាប្រជាពលរដ្ឋនៅតែចូលរួមក្នុងសកម្មភាពឃោសនាឬស្ដាប់ព័ត៌មានផ្សេងៗទាក់ទងនឹងការឃោសនានិងទាក់ទងអំពីការប្រឈមនៅប្រាសាទព្រះវិហារហ្នឹង ។ ហើយខ្ញុំគិតថា ប្រជាពលរដ្ឋនៅតែត្រៀមខ្លួនសម្រាប់ចូលរួមក្នុងការបោះឆ្នោតអ៊ីចឹង» ។
លោក ធន សារ៉ាយ បានឲ្យដឹងថាការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ដើម្បីគាំទ្រគណបក្សកាន់អំណាចប្រឆាំងនឹងគណបក្សដទៃ បានបង្កឲ្យការបោះឆ្នោតពុំមានភាពសេរី យុត្តិធម៌ និងត្រឹមត្រូវ ។
នៅក្នុងសេចក្ដីប្រកាសរួមរបស់ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតសម្រាប់ឆ្នាំ២០០៨នេះ ក្រុមសង្គមស៊ីវិលព្រួយបារម្ភថា ការឲ្យលុយឬការសន្យាឲ្យសម្ភារៈនៅមួយថ្ងៃឬពីរថ្ងៃមុនការបោះឆ្នោត ដែលគេតែងហៅថា "រាត្រីឆ្កែព្រូស" នឹងនៅតែកើតមានដដែល ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានចោទថាទង្វើទាំងនោះភាគច្រើនគឺធ្វើឡើងដោយគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជា ។
លោក គល់ បញ្ញា បានបញ្ជាក់ថា ៖ «អ្នកប្រព្រឹត្តរឿងនេះភាគច្រើនគឺគណបក្សកាន់អំណាចដែលបានចែកអំណោយឲ្យលុយនៅថ្ងៃស ឬក៏មុនថ្ងៃសមួយថ្ងៃ ថ្ងៃហ្នឹង យប់ថ្ងៃហ្នឹង ហើយនិងថ្ងៃទី២៦ ។ មានការលំបាកក្នុងការទៅយកព័ត៌មានពីការរំលោភហ្នឹង មានការលំបាកមែនទែនសម្រាប់យើង គេធ្វើនៅពេលយប់» ។
លោក គល់ បញ្ញា បានមានប្រសាសន៍ទៀតថាក្រុមអ្នកសង្កេតការណ៍របស់លោកជាងមួយម៉ឺននាក់ ទូទាំងប្រទេសនឹងធ្វើការតាមដាននៅយប់ថ្ងៃទី២៦ កក្កដា ដែលជាថ្ងៃសដើម្បីក្ដាប់សភាពការណ៍នៃការផ្ដល់លុយឬសម្ភារៈទៅដល់អ្នកបោះឆ្នោត ។
ក្រុមសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតបានអំពាវនាវឲ្យប្រជាពលដ្ឋទាំងអស់គ្នាទៅបោះឆ្នោត ដោយលើកហេតុផលថាការដោះស្រាយបញ្ហាជម្លោះព្រំដែននៃប្រាសាទព្រះវិហារ នឹងត្រូវធ្វើឡើងក្រោយការបោះឆ្នោតឯណោះ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
គណៈកម្មការសិទ្ធិមនុស្សអាស៊ីសុំឲ្យរដ្ឋាភិបាលខ្មែរបង្ហាញភាពមិនប្រក្រតីនៃការបោះឆ្នោត
គណបក្សសមរង្ស៊ីសុំចូលគាល់ព្រះមហាក្សត្រដើម្បីបង្ហាញជំហរបក្សប្រឆាំង
បក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សបដិសេធលទ្ធផលផ្លូវការនៃការបោះឆ្នោត
លទ្ធផលផ្លូវការនៃការបោះឆ្នោតអាណត្តិទី៤ ត្រូវបានប្រកាស
សំណង់សាលារៀនមួយនៅស្រុកបារាយណ៍ត្រូវផ្អាកដោយសារបក្សប្រជាជនចាញ់ឆ្នោតនៅទីនោះ
បក្សប្រឆាំង៖ ការបញ្ចប់ថ្ងៃតវ៉ាពីការបោះឆ្នោតជាការបង្ហាញនូវភាពអយុត្តិធម៌
គណៈកម្មការជំនាញទាំង៩របស់រដ្ឋសភាថ្មីនឹងត្រូវកាន់កាប់ដោយបក្សប្រជាជន
បក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សបញ្ជាក់ជំហរមិនចូលស្បថស្បែបង្កើតសភាថ្មី
បក្សសមរង្ស៊ីស្នើសុំឲ្យគ.ជ.ប.បង្ហាញភស្តុតាងពីការលុបឈ្មោះអ្នកបោះឆ្នោត
បក្សសមរង្ស៊ី៖ អ្នកសង្កេតការណ៍ជប៉ុនមិនបានតាមដានការបោះឆ្នោតដិតដល់