ក្រុម​សិទ្ធិ​មនុស្ស​គ្រោង​ប្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ពី​ករណី ទឹម សាខន

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ដើម្បី​ឲ្យ​អាជ្ញាធរ​វៀតណាម​បញ្ជូន​លោក ទឹម សាខន មក​ប្រទេស​កម្ពុជា​វិញ ។

0:00 / 0:00

នាយក​ប្រតិបត្តិ​អង្គការ​ខ្មែរ​ក្រោម​ការពារ​សិទ្ធិ​មនុស្ស លោក អាំង ចាន់រិទ្ធិ មាន​ប្រសាសន៍​ថា ក្រុម​អង្គការ​របស់​លោក​កំពុង​ចាំ​មើល បន្ទាប់ពី​ឪពុក​លោក ទឹម សាខន បាន​ដាក់​លិខិត​អំពាវនាវ​ជូន​ព្រះ​មហាក្សត្រ​ដើម្បី​ឲ្យ​ជួយ​បញ្ជូន​លោក ទឹម សាខន មក​កម្ពុជា​វិញ បន្ទាប់​មក​លោក​នឹង​រៀបចំ​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ។

លោក អាំង ចាន់រិទ្ធិ បាន​មាន​ប្រសាសន៍​ថា ៖ «ទាក់ទង​នឹង​ករណី​ហ្នឹង​ពួក​ខ្ញុំ​កំពុងតែ​ពិចារណា ហើយ​ជំហាន​បន្ទាប់​ដែល​ពួក​ខ្ញុំ​កំពុង​ធ្វើ​ហ្នឹង គឺ​ពួក​ខ្ញុំ​រង់ចាំ​ឪពុក​របស់​ព្រះ​តេជគុណ ទឹម សាខន គាត់​បាន​ដាក់​ញត្តិ​ទៅ​ព្រះ​មហាក្សត្រ​សិន ដើម្បី​ឲ្យ​ព្រះ​មហាក្សត្រ​ជួយ​ព្រះរាជអន្តរាគមន៍​ទៅ​លើ​ករណី​ហ្នឹង ថា​តើ​ករណី​ហ្នឹង​ព្រះ​មហាក្សត្រ​យើង​គាត់​អាច​ជួយ​អន្តរាគមន៍​ដល់​ព្រះតេជគុណ ទឹម សាខន បាន​ដល់​កម្រិត​ណា​ដែរ ដើម្បី​ពួក​ខ្ញុំ​ជា​មូលដ្ឋាន ។ បន្ទាប់​មក​ទៀត​បើសិន​ជា​ករណី​នេះ​មិន​បាន​សម្រេច​ទេ យើង​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ ឬ​ដាក់​ទៅ​ខាង​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​លើ​ករណី​នោះ​ផងដែរ»

លោក ទឹម ធៀង អាយុ​៨២​ឆ្នាំ​ដែល​ជា​ឪពុក​របស់​លោក ទឹម សាខន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ សីហា ថា ដោយ​លោក​កាន់តែ​ចាស់​ហើយ​ឈឺ​ជា​ប្រចាំ លោក​ចង់​ជួប​មុខ​កូន ទើប​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​ជួយ​បញ្ជូន​លោក ទឹម សាខន មក​កម្ពុជា​វិញ ។

លោក ទឹម ធៀង បាន​ឲ្យ​ដឹង​ថា ៖ «សុំ​ឲ្យ​ព្រះ​មហាក្សត្រ​សូម​លោក​មេត្តា​ជួយ​ដោះស្រាយ​ធ្វើ​អន្តរាគមន៍​ឲ្យ​បាន​កូន​ខ្ញុំ​មក​ជួបជុំ ។ បើ​មិន​បាន​មក​ទេ គ្រាន់តែ​ឆ្លង​ទៅ​វិញ​ទៅ​មក​បាន បានហើយ»

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជា​មន្ត្រី​ខុទ្ទកាល័យ​ព្រះ​បរមរាជរាំង​មាន​បន្ទូល​ថា បើ​ឪពុក​លោក ទឹម សាខន ដាក់​ចុតម្មាយ​មក​ឲ្យ​ព្រះ​មហាក្សត្រ ព្រះអង្គ​ពិត​ជា​យក​ព្រះទ័យ​ទុក​ដាក់​ជា​មិន​ខាន ។

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​បន្ទូល​ថា ៖ «ប៉ុន្តែ​បើសិន​ជា​ឪពុក​លោក ទឹម សាខន សរសេរ​ចុតម្មាយ​ទៅ​ថ្វាយ​លោក ច្បាស់​ជា​លោក​យក​ព្រះទ័យ​ទុក​ដាក់​ហើយ​ជុំវិញ​បញ្ហា​នេះ»

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​វៀតណាម លោក ទ្រីង បាកាំង បាន​បំភ្លឺ​ថា​បច្ចុប្បន្ន​លោក ទឹម សាខន មាន​សេរីភាព​ពេញលេញ​ដូច​ប្រជាពលរដ្ឋ​ដទៃ លោក​អាច​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​បាន​តាម​ចិត្ត​លោក ។ លោក​ពុំ​មាន​ការឃុំឃាំង​ឬ​ការហាមឃាត់​ពី​អាជ្ញាធរ​វៀតណាម​នោះ​ទេ ។

លោក ទ្រីង បាកាំង បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​គាត់​ជា​ប្រជាពលរដ្ឋ​ធម្មតា យើង​ខ្ញុំ​អត់​មាន​ពេល តាម​ពិត​ទៅ​អត់​មាន​ពេល​ទេ​តាមដាន​អា​រឿង​ហ្នឹង»

លោក ទឹម ធៀង ដែល​ជា​ឪពុក​របស់​លោក ទឹម សាខន បាន​ឲ្យ​ដឹង​ថា លោក ទឹម សាខន កំពុង​តែ​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម ក្រោម​ការឃ្លាំមើល​ពី​រដ្ឋាភិបាល​វៀតណាម និង​មិន​អនុញ្ញត​ឲ្យ​លោក ទឹម សាខន មក​ស្រុក​ខ្មែរ​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​ឡើយ ។

សូម​ជម្រាប​ថា លោក ទឹម សាខន ដើមកំណើត​អតីត​ជា​ព្រះចៅ​អធិការ​វត្ត​ភ្នំដិន ខេត្ត​តាកែវ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្សឹក​ទាំង​បង្ខំ​កាលពី​ឆ្នាំ​មុន រួច​បញ្ជូន​ទៅ​ប្រទេស​វៀតណាម បន្ទាប់​មក​តុលាការ​វៀតណាម​បាន​កាត់ទោស​ឲ្យ​លោក​ជាប់​គុក ៕