មន្ត្រី​អាដហុក​នៅ​ស្ទឹងត្រែង​សុំ​ឲ្យ​ស៊ើប​អង្កេត​ឡើង​វិញ​ជុំវិញ​មរណភាព​អ្នក​ភូមិ​ម្នាក់

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​ស្ទឹងត្រែង​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ឡើង​វិញ ជុំវិញ​មរណភាព​អ្នក​ភូមិ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​វត្ត​មួយ​ដោយ​ចង​ក​នឹង​មែក​ស្វាយ ក៏​ប៉ុន្តែ​នៅ​ត្រង់​ដើម​ទ្រូង​មាន​ស្នាម​របួស​មាន​ឈាម​ដែល​ធ្វើ​ឲ្យ​មាន​ការសន្និដ្ឋាន​ថា គាត់​ស្លាប់​ដោយ​អំពើ​មនុស្ស​ឃាត។

ជន​រងគ្រោះ​ឈ្មោះ ឌឿ ធឿ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ស្រម៉ ឃុំ​សេកុង ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ស្លាប់​នៅ​ខាង​ត្បូង​ព្រះវិហារ​វត្ត​លើ ក្នុង​ឃុំ​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាលពី​ព្រលឹម​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០០៨ បន្ទាប់​ពី​គាត់​ធ្វើ​ដំណើរ​ពី​ស្រុក​សៀមប៉ាង​ចូល​មក​ស្នាក់នៅ​ក្នុង​វត្ត​នោះ​ដើម្បី​ចូលរួម​សិក្ខាសាលា​ស្តីពី​កិច្ចការ​សាសនា​និង​ធម្មការ។

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក​ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អ្នក​រួម​ដំណើរ​ជាមួយ​ជន​រងគ្រោះ​មាន​ព្រះ​សង្ឃ​និង​អាចារ្យ​វត្ត​មក​ពី​ភូមិ​ស្រម៉ សន្និដ្ឋាន​ដូចៗ​គ្នា​ថា ជន​រងគ្រោះ​ពិត​ជា​ត្រូវ​គេ​សម្លាប់​ពីព្រោះ​ឃើញ​មាន​ស្នាម​របួស​នៅ​ខ្លួន​សាកសព​ដែល​ពី​មុន​ស្លាប់​មិន​មាន​របួស​នោះ​ទេ។

លោក ហូ សំអុល បាន​ឲ្យ​ដឹង​ថា ៖ «ជន​រងគ្រោះ​ហ្នឹង​គឺ​គេ​វ៉ៃ​ដើម​ទ្រូង ហើយ​និង​ស្មង​ជើង​មួយ​កន្លែង​ទៀត។ យើង​ទាមទារ​ឲ្យ​ខាង​ប៉ូលិស​យើង​នៅ​ខេត្ត​ស្ទឹងត្រែង​ហ្នឹង ឲ្យ​ជួយ​អន្តរាគមន៍​ដើម្បី​វែក​មុខ​ឃាតករ»

ចំណែក​អាចារ្យ​វត្ត​ស្រម៉ លោកតា សួន ភូមរ៉ា បញ្ជាក់​បន្ថែម ៖ «ពី​ដើម​ឡើយ​អត់​មាន​របួស​ស្នាម​អី​ទេ​ខ្លួន​គាត់​ហ្នឹង ដល់​ពេល​ស្លាប់​ហ្នឹង​បាន​ឃើញ​ស្នាម»

ទាក់ទិន​ករណី​នេះ​ដែរ​ស្នងការ​រង​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង លោក ឯក ស៊ីវ៉ាន់ដន ដែល​ចូលរួម​ស៊ើបអង្កេត​ករណី​នេះ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាម​ការត្រួតពិនិត្យ​សាកសព​និង​កន្លែង​កើតហេតុ ប៉ូលិស​វាយ​តម្លៃ​ថា ជន​រងគ្រោះ​ស្លាប់​នៅ​រាត្រី​ថ្ងៃ​ទី​២៥ ដោយ​អំពើ​អត្តឃាត។

លោក ឯក ស៊ីវ៉ាន់ដន បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​បាន​ចុះ​ទៅ​ផ្ទាល់​ក្នុង​រឿង​ហ្នឹង ពិនិត្យ​ស្នាម វា​មាន​យូរ​មក​ហើយ វា​ឡើង​ក្រៀម​មុខ​អស់​ហើយ។ យប់​ត្រជាក់​វា​មិន​អាច​ទៅ​ជា​មុខ​របួស​ហ្នឹង​ក្រៀម​ស្ងួត​បាន​ទេ ហើយ​យើង​ពិនិត្យ​មើល​គឺ​ថា គ្មាន​មូលហេតុ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ទេ ព្រោះ​គាត់​អ្នក​មក​ពី​ឆ្ងាយ គាត់​ក្រ»

បើ​តាម​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ស្ទឹងត្រែង លោក ស៊ី សួន មាន​ប្រសាសន៍​ថា មន្ទីរ​បាន​រៀបចំ​សិក្ខាសាលា ហើយ​អញ្ជើញ​អ្នក​ភូមិ​និង​គណៈកម្មការ​អាចារ្យ​វត្ត​តាម​បណ្តា​ស្រុក​ចូលរួម ក៏ប៉ុន្តែ​លោក​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការស្លាប់​នោះ​ទេ។

លោក​ថា គ្រួសារ​ជន​រងគ្រោះ​នៅ​ឆ្ងាយ​ហើយ​ទីទ័ល​ក្រ ដូច្នេះ​មន្ទីរ​និង​ព្រះសង្ឃ​នៅ​ទី​កើតហេតុ​រួម​គ្នា​ធ្វើ​បុណ្យ​ឲ្យ​ជន​រងគ្រោះ។

ជំទប់​ទី​មួយ​ឃុំ​សេកុង លោក គីន ភីន មាន​ប្រសាសន៍​ថា ពុំ​ទាន់​មាន​ការបំភ្លឺ​ណា​មួយ​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទាក់ទិន​នឹង​ករណី​ស្លាប់​នោះ​ទេ ដោយសារ​មធ្យោបាយ​ផ្តល់​ដំណឹង​ទៅ​គ្រួសារ​ជន​រងគ្រោះ​ផ្លូវ​ឆ្ងាយ​ពិបាក​ធ្វើ​ដំណើរ​មាន​ភាព​យឺតយ៉ាវ។

លោក​ថា ប៉ូលិស​គួរ​បន្ត​ការស៊ើបអង្កេត​ស៊ីជម្រៅ​ជាង​នេះ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ ៖ «សង្ស័យ​ពួក​អា​ជើងកាង​អី​ហើយ។ ជើងកាង​ច្រើន ស្ទឹងត្រែង»

កាលពី​ចុង​សប្តាហ៍​មុន​នេះ សកម្មជន​គណបក្ស​សមរង្ស៊ី​មួយ​រូប​នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ក៏​ត្រូវ​គេ​លួច​បាញ់​សម្លាប់​ដោយ​កាំភ្លើង​ចំនួន​៤​គ្រាប់ នៅ​ឯ​ខ្ទម​ចាំ​ចម្ការ​របស់​គាត់ ហើយ​ប៉ូលិស​ពុំ​ទាន់​រក​ឃើញ​ជន​ដៃដល់​នៅ​ឡើយ​ទេ៕