ប៉ុន្តែនៅមុនពេលសវនាការ នៅក្នុងប្រទេសថៃ លេចឡើងនូវការតវ៉ាមួយពីសំណាក់ក្រុមសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ឬហៅថាក្រុមអាវលឿង និងបានស្នើរដ្ឋាភិបាលថៃ អោយច្រានចោលសេចក្ដីសម្រេចណាមួយរបស់តុលាការយុត្តិធម៌អន្តរជាតិ។ ករណីនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជា ចាត់ទុកការស្នើឡើងនោះថាជាលេសដើម្បីបង្កើតភាពចលាចលផ្នែកនយោបាយថ្មីមួយ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលប្រទេសថៃ នឹងមិនអាចគេចវេះពីការទទួលខុសត្រូវចំពោះមុខសេចក្ដីសម្រេចណាមួយរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ទាក់ទិននឹងសំណុំរឿងក្ដីប្រាសាទព្រះវិហារ ដរាបណាប្រទេសថៃ នៅតែជាសមាជិករបស់តុលាការយុត្តិធម៌អន្តរជាតិ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា នៅថ្ងៃពុធ ទី៩ ខែមករា ថា ប្រទេសថៃ ត្រូវទទួលខុសត្រូវដាច់ខាតចំពោះមុខសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ក្នុងនាមជាប្រទេសសមាជិក។
កាលពីថ្ងៃអង្គារ ទី៨ មករា កាសែតថៃ បានចុះផ្សាយថា សម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ឬហៅថាក្រុមអាវលឿង បានដាក់សំណើផ្លូវការមួយទៅនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra)។ ក្នុងសំណើនោះ មានចំនួន ៧ចំណុច ដោយទាមទារអោយរដ្ឋាភិបាលថៃ ច្រានចោលសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ និងថាតុលាការនេះពុំមានយុត្តាធិការលើសំណុំរឿងចម្រូងចម្រាស់នៃដីទំហំ ៤,៦គីឡូម៉ែត្រក្រឡានៅតំបន់ប្រាសាទព្រះវិហារ ឡើយ។ ជាមួយគ្នានេះ ក្រុមអាវលឿងបានគំរាមទុកជាមុនថា ពួកគេនឹងបង្កើតជាការតវ៉ាធំមួយ ប្រសិនបើរដ្ឋាភិបាលមិនទទួលការស្នើសុំ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា ករណីប្រាសាទព្រះវិហារ នយោបាយរបស់ប្រទេសថៃ គឺគ្មានអ្វីក្រៅពីការទាមទារអោយកម្ពុជា យល់ព្រមដោះស្រាយជម្លោះតាមរយៈការចរចាទ្វេភាគី នៅពេលដែលប្រទេសថៃ បានដឹងជាមុនហើយថានឹងបរាជ័យជាថ្មីទៀតនៅតុលាការអន្តរជាតិ។
កាលពីខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ តុលាការយុត្តិធម៌អន្តរជាតិ បានប្រកាសថា សវនាការលើសំណុំរឿងក្ដីប្រាសាទព្រះវិហារ ដែលភាគីកម្ពុជា ជាអ្នកដើមបណ្ដឹងនោះ នឹងធ្វើឡើងនៅពាក់កណ្ដាលខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ។ ការប្រកាសនោះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំងហុង និងជាឧបនាយករដ្ឋមន្ត្រី តំណាងឲ្យភាគីកម្ពុជា បានដាក់ពាក្យបណ្ដឹងថ្មីមួយ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ កន្លងទៅ ដោយសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលក្រមនៃតុលាការនេះ ដែលបានសម្រេចកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលកាត់អោយកម្ពុជា ឈ្នះក្ដីលើសំណុំរឿងប្រាសាទព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។