គណៈកម្មការខេត្តរៀបចំបោះឆ្នោត (PEC) នៅកំពង់ចាម បានបើកសវនាការកំបាំងមុខនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដានេះ ដោយបានកាត់សេចក្តីទៅលើពាក្យបណ្តឹងចំនួនបីដែលមន្រ្តីគណបក្សប្រជាជនបានប្តឹងមន្រ្តីគណបក្សសមរង្ស៊ី មកពីបីឃុំក្នុងស្រុកស្រីសន្ធរនិងស្រុកកងមាស ។
ពាក្យបណ្តឹងចំនួនបីនោះបានប្តឹងទៅលើករណីតែមួយដូចគ្នាគឺប្តឹងពីបទផ្សព្វផ្សាយខិត្តប័ណ្ណរបស់អង្គការ Global Witness ដែលមានរូបភាពថ្នាក់ដឹកនំាកំពូលគណបក្សប្រជាជនកម្ពុជា ក្រោមចំណងជើងថា "សែស្រឡាយអ្នកលក់ជាតិ" ។
អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត លោក សុខ ឈិន បានមានប្រសាសន៍ថាសវនាការនៅថ្ងៃនេះចុងបណ្តឹងទាំងបី ពុំបានមកចូលរួមតាមការកោះហៅនោះទេគឺបានមកចូលរួមតែដើមបណ្តឹងប៉ុណ្ណោះ ។
លោកបានបន្តថាដោយពាក្យបណ្តឹងទាំងបីខាងលើ ដូចនឹងបណ្តឹងគណបក្សប្រជាជនកម្ពុជាបានប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ក្នុងពេលថ្មីៗនេះ ដោយតម្រូវឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ីបង់ប្រាក់ពិន័យចំនួន៥លានរៀលយោងតាមច្បាប់បោះឆ្នោត ។
អង្គជំនុំជម្រះថ្ងៃនេះបានសម្រេចដាក់បញ្ចូលសំណុំរឿងនេះជាឯកសារដាក់បន្ទុកទៅក្នុងសំណុំរឿងលេខ០១០ ០១២ គខប ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលក្រុមប្រឹក្សាជំនុំជម្រះរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានចេញសេចក្តីសម្រេចរួចហើយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៨ ៖ «យើងសម្រេចតាមដើមហេតុដែលកើតឡើងតាមសភាពជាក់ស្ដែង» ។
លោក សុខ ឈិន បានបញ្ជាក់ឲ្យដឹងទៀតថា ពាក្យបណ្តឹងចំនួនបីខាងលើគឺមេឃុំផ្ទះកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឈ្មោះ ពិន អោក បានប្តឹងប្រធានគណបក្សសមរង្ស៊ី និងជាជំទប់ទី២ឃុំផ្ទះកណ្តាល ឈ្មោះ វណ្ណ ម៉ាច ។ ដើមបណ្តឹងទី២ ឈ្មោះ យួរ វ៉ាន់តេងឃាន អនុប្រធានគណបក្សប្រជាជនកម្ពុជាឃុំព្រែកពោធិ៍ ប្តឹងឈ្មោះ ជា ប៊ុនង៉ាក់ ជំទប់ទី២ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ។ ឯដើមបណ្តឹងទីបីនៅក្នុងស្រុកកងមាស ក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជាឃុំខ្ចៅ ឈ្មោះ ឈូក ហុក ប្តឹងក្រុមប្រឹក្សាឃុំគណបក្សសមរង្ស៊ីពីរនាក់គឺឈ្មោះ គង់ គាន់សុង និងឈ្មោះ ហែ ងន់ឡុក ។
ជុំវិញសវនាការថ្ងៃនេះជំទប់ឃុំទី២ គណបក្សសមរង្ស៊ីឃុំព្រែកពោធិ៍ លោក ជា ប៊ុនង៉ាក់ បានមានប្រសាសន៍ថាលោកមិនបានដឹងអំពីសវនាការនៅថ្ងៃព្រហស្បតិ៍នេះទេ ព្រោះលោកមិនបានទទួលលិខិតអញ្ជើញពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តនោះឡើយ ៖ «គេអត់មានធ្វើលិខិតអញ្ជើញខ្ញុំអីផង ។ ខ្ញុំអត់ដឹងផង» ។
មន្រ្តីសម្របសម្រួលនិងឃ្លាំមើលការបោះឆ្នោតអង្គការខុមហ្វ្រែល លោក នាង សូវ៉ាត បានមានប្រសាសន៍អំពីដំណើរការនៃសវនាការនេះថា ៖ «រឿងមួយដែលថាការជម្រះហ្នឹងវាកំបាំងមុខ ហើយចុងចម្លើយគេអាចធ្វើការប្ដឹងដើម្បីការចូលរួមទៀត ប៉ុន្តែយើងឃើញថាសេចក្ដីសម្រេចនេះ វាមិនដាក់បន្ទុកទៅលើចុងចម្លើយ ។ ដូច្នេះការមិនចូលរួមរបស់គាត់វាមិនជាបញ្ហាអីទេ» ។
គួរបញ្ជាក់ថាចាប់តាំងពីការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ គណៈកម្មការរៀបចំការបោះឆ្នោតបានទទួលពាក្យបណ្តឹង និងបានដោះស្រាយចំនួន២៣ពាក្យបណ្តឹងស្មើនឹង៦ករណីហើយ គិតត្រឹមថ្ងៃទី២៤ ខែកក្កដានេះ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
តំណាងរាស្ត្របក្សសមរង្ស៊ីនឹងមិនចូលរួមក្នុងគណៈកម្មការជំនាញសភាទេ
បក្សប្រឆាំងស្នើសុំឲ្យអ្នកសង្កេតការណ៍បោះឆ្នោតបង្កើនការត្រួតពិនិត្យថែមទៀត
នាយករដ្ឋមន្ត្រីខ្មែរអំពាវនាវកុំឲ្យប្រទេសនានាពឹងអ.ស.ប.រៀបចំការបោះឆ្នោត
ហ៊ុន សែន៖ មិនយូរមិនឆាប់ក្រុមប្រឆាំងគង់តែនឹងចូលរួមប្រជុំសភា
បក្សប្រឆាំងទាមទារឲ្យកែច្បាប់បោះឆ្នោតនិងឲ្យមានតួនាទីក្នុងសភាសម្រាប់បក្សប្រឆាំង
បក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សនៅតែប្រកាន់ជំហរមិនចូលប្រជុំសភា
បក្សសមរង្ស៊ីប្រកាន់ជំហរធ្វើពិធីស្បថចូលកាន់តំណែងដាច់ដោយឡែក
បក្សប្រឆាំងនៅតែប្រកាន់ជំហរពហិការសម័យប្រជុំលើកដំបូងរបស់សភាអាណត្តិទី៤
មូរ សុខហួរ ចូលខ្លួនទៅបំភ្លឺក្នុងតុលាការខែត្រកំពត
បក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សបន្ដបេ្ដជ្ញាចិត្តមិនចូលរួមសម័យប្រជុំសភាលើកដំបូង