ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទាំងនោះដែរ គឺក្រុមអ្នកកាសែតមួយចំនួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ដោយសារតែពួកគេតាមប្រមាញ់សកម្មភាពទាំងនោះ។
ប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន ខេត្តសៀមរាប បានចាប់ខ្លួនអ្នកយកព័ត៌មានឱ្យស្ថាប័នកាសែតក្នុងស្រុកម្នាក់ និងភ្នាក់ងារអង្គការបរិស្ថានម្នាក់ ពាក់ព័ន្ធនឹងករណីគំរាមកំហែងយកប្រាក់ពីអ្នកដឹកជញ្ជូនឈើនៅតាមដងផ្លូវ កាលពីរាត្រីថ្ងៃទី៤ ខែមករា។
លោក ណុប សារ៉ាក់ ជាអធិការនគរបាលស្រុកវ៉ារិន លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃទី៥ ខែមករា ថា កម្លាំងរបស់លោកបានចាប់ខ្លួនបុរសឈ្មោះ ផល ចាន់នី អាយុ ៥៤ឆ្នាំ ជាអ្នកយកព័ត៌មានឱ្យកាសែតក្រុងសៀមរាប និងបុរសម្នាក់ទៀតឈ្មោះ សំ ដារ៉ា អាយុ ៤២ឆ្នាំ ជាភ្នាក់ងារអង្គការបរិស្ថាន។
ប៉ូលិសធ្វើការចោទប្រកាន់អ្នកទាំងពីរជាជំហានដំបូង ពីបទគំរាមកំហែងយកប្រាក់ពីប្រជាពលរដ្ឋដែលដឹកជញ្ជូនឈើតាមគោយន្ត ប្រហែលជាង ៣ម៉ែត្រគូប ដើម្បីយកទៅធ្វើផ្ទះ៖ «ឃាត់ល្ងាចមិញ ម៉ោង ៩និង៤៥នាទីយប់ នៅចំណុចមុខវត្តស្រែណូយ ក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន។ ពេលដែលប្រជាពលរដ្ឋរាយការណ៍មក យើងបានឆ្លងយោបល់ទៅលោកស្នងការ គាត់ឱ្យចុះទៅត្រួតពិនិត្យមើល ឃើញថាគាត់មានមធ្យោបាយរថយន្តមួយគ្រឿងពណ៌ស និងគ្នាគាត់ ២នាក់ កំពុងតែដាក់ឡាននៅពីមុខគោយន្ត ហើយកាក់គោយន្តនៅលើដងផ្លូវគ្រួសក្រហមហ្នឹង»។
ក៏ប៉ុន្តែ អ្នកគ្រប់គ្រងស្ថាប័នកាសែតក្រុងសៀមរាប នោះ បានហៅការចាប់ខ្លួនអ្នកយកព័ត៌មានរបស់គេថា គឺជាការចោទប្រកាន់មួយដែលមិនមានការពិត។
លោក អ៊ុក សុភារិន គឺជាចាងហ្វាងកាសែតក្រុងសៀមរាប បានមានប្រសាសន៍ថា អ្នកយកព័ត៌មានរបស់លោកមិនមានកំហុសទេ បើគ្រាន់តែតាមប្រមាញ់សកម្មភាពល្មើសព្រៃឈើដែលរដ្ឋាភិបាលក៏បានចេញសារាចរបង្ក្រាបដែរនោះ។ ចាងហ្វាងកាសែតដដែល បានរិះគន់ថា ការចោទប្រកាន់ទៅលើអ្នកយកព័ត៌មានរបស់លោក ថាបានគំរាមកំហែងទារប្រាក់នោះ គឺជាចេតនាក្នុងការចាប់ខ្លួនអ្នកកាសែត ក៏ប៉ុន្តែចំពោះអ្នកដឹកឈើ បែរជារួចខ្លួន។ ចាងហ្វាងកាសែតដដែលបានអះអាងថា អ្នកដឹកឈើនោះមិនមែនជាប្រជាពលរដ្ឋដូចសមត្ថកិច្ចថាឡើយ តែគឺជាឈ្មួញដែលតែងតែដឹកឈើធ្វើអាជីវកម្មខុសច្បាប់នៅតំបន់នោះ។
លោក អ៊ុក សុភារិន៖ «មានប្រជាពលរដ្ឋនិយាយប្រាប់តាមដងផ្លូវថា នោះគឺជាថៅកែឈើមួយដែលដឹកឈើជានិច្ចជាកាល អត់មានធ្វើច្បាប់តែម្តង គឺសហការគ្នាជាមួយមន្ត្រីប៉ូលិស។ គាត់ដឹកឆ្លងកាត់តាមផ្លូវហ្នឹងជាអាជីពអីចឹងទៅ។ ការកើតហេតុនេះ ក៏ព្រោះតែមន្ត្រីប៉ូលិសហ្នឹង គាត់ជាអ្នកនាំឈើ គេហៅថាជាអំពើពុករលួយនោះណា។ ដូច្នេះ គឺចាប់អ្នកកាសែតបណ្តោយ មិនចាប់អ្នកដឹកឈើទេ»។
លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា លោកបានបញ្ជូនព្រះរាជអាជ្ញារងម្នាក់ឱ្យទៅពិនិត្យមើលអង្គហេតុ និងភស្តុតាងឱ្យបានច្បាស់លាស់ ជុំវិញការឃាត់ខ្លួនអ្នកកាសែត និងភ្នាក់ងារអង្គការបរិស្ថាននោះ។ លោកព្រះរាជអាជ្ញាបានបញ្ជាក់ថា ក្រោយពីការចុះពិនិត្យ គឺរកឃើញថា ករណីនោះពាក់ព័ន្ធនឹងការដឹកឈើ ដូច្នេះដើម្បីស្រាវជ្រាវរកប្រភពនៃការដឹកឈើឱ្យឃើញ គឺត្រូវឃាត់ខ្លួនបុរសទាំងពីរបញ្ជូនមកតុលាការ។ បន្ទាប់មក គឺត្រូវស៊ើបរកឈើដែលដឹកជញ្ជូនតាមគោយន្ត ដែលតាមអ្នកកាសែតអះអាងថា មិនមែនតែ ១គោយន្តទេ គឺទាំងអស់ចំនួន ៣គោយន្ត។
មានការរិះគន់ទៅលើសមត្ថកិច្ច ដែលបានចាប់ខ្លួនអ្នកកាសែតខ្លះពាក់ព័ន្ធទៅនឹងករណីដេញតាមប្រមាញ់ការដឹកឈើធ្វើអាជីវកម្មខុសច្បាប់នោះ។
កាលពីឆ្នាំ២០១២ កន្លងទៅ យ៉ាងហោចណាស់ក៏មានអ្នកកាសែតចំនួន ៥នាក់ នៅក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងករណីគំរាមកំហែងយកប្រាក់ពីក្រុមឈ្មួញដឹកឈើខុសច្បាប់នៅតាមដងផ្លូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។