ប្រជាពលរដ្ឋឈ្មោះ ប៊ុន ណូ និងភរិយាឈ្មោះ ហោ ហ៊ី មានទីលំនៅក្នុងភូមិត្រយងស ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើការចោទប្រកាន់ថា លោក នាក់ សុវណ្ណ ក្រឡាបញ្ជីនៃតុលាការខេត្តពោធិ៍សាត់ ថាបានប្រើអំណាចខ្លួនជាក្រឡាបញ្ជីយកកម្លាំងប្រដាប់អាវុធទៅធ្វើរបងព័ទ្ធយកដីលំនៅឋានដែលពួកគាត់កំពុងរស់នៅនោះទាំងកំរោល ។
លោក ប៊ុន ណូ បានឲ្យដឹងថា ៖ «ឈ្មោះ នាក់ សុវណ្ណ ក្រឡាបញ្ជីសាលាដំបូងនៃតុលាការខេត្តពោធិ៍សាត់ ។ គេទៅគំរាមកំហែងខ្ញុំឲ្យចេញពីដីហ្នឹងដើម្បីគេយកដីហ្នឹង ។ ហើយគេសែងផ្ទះខ្ញុំយកទៅចោលនៅកណ្ដាលវាលស្រែទៀត គេសែងចោលដើម្បីគេយកដីហ្នឹង ហើយគេថាគេប្រើអំណាច ។ ខ្ញុំជាប្រជាពលរដ្ឋគឺថាបើគេធ្វើអ៊ីចឹង គឺថាមិនដឹងដោះស្រាយយ៉ាងម៉េចកើតបើយើងតូចតាចអ៊ីចឹង រស់នៅក្រីក្រអ៊ីចឹង» ។
ប៉ុន្តែលោក នាក់ សុវណ្ណ បានបដិសេធការចោទប្រកាន់នេះដោយលោកមានប្រសាសន៍ថា ៖ «ខ្ញុំទិញទៅតាមតម្លៃដែលគេលក់ឡាយឡុង ហើយតុលាការគេចង្អុលយើងត្រង់ណា ទំហំដីប៉ុណ្ណាយើងយកប៉ុណ្ណឹង ក្នុងតម្លៃ២លានរៀលហ្នឹង» ។
សូមបញ្ជាក់ថា ឈ្មោះ សៅ ខុន ធ្លាប់បានជំពាក់ប្រាក់ លោក នាក់ សុវណ្ណ ចំនួន៧០០ដុល្លារអាមេរិក ហើយធ្លាប់ត្រូវបានលោក នាក់ សុវណ្ណ ប្តឹងចាប់ដាក់ពន្ធនាគារអស់រយៈពេល២ឆ្នាំ ។ រួចពីពន្ធនាគារដោយការភ័យខ្លាច ឈ្មោះ សៅ ខុន ក៏បានរត់ចោលដីធ្លីផ្ទះសម្បែង ទើបតុលាការខេត្តសម្រេចលក់ឡាយឡុងដីនិងផ្ទះដើម្បីសងប្រាក់ទៅម្ចាស់បំណុល ។
មេភូមិត្រយងសគឺលោក នូវ ភាន់ មានប្រសាសន៍ថា លោក នាក់ សុវណ្ណ ពិតជាបានធ្វើរបងព័ទ្ធដោយរំលោភយកដីរបស់ឈ្មោះ ប៊ុន ណូ មែន ។ លោកបន្តថាដីរបស់ឈ្មោះ សៅ ខុន មានទំហំតែ១៤៨៦ម៉ែត្រការ៉េបុណ្ណោះ តែដីដែលលោក នាក់ សុវណ្ណ បានធ្វើរបងព័ទ្ធយកនោះគឺមានទំហំដល់ទៅ២៤២១ម៉ែត្រការ៉េឯណោះ ។
លោក នូវ ភាន់ បានបញ្ជាក់ថា ៖ «មុននឹងយកដីហ្នឹងក៏តុលាការចាប់ឈ្មោះ សៅ ខុន ត្រូវជាឪពុក ប៊ុន ណូ ចាប់ដាក់គុក២ឆ្នាំដែរ ឈ្មោះ ង៉ែត សុវណ្ណ ចាប់យកទៅដាក់គុក២ឆ្នាំ ។ កន្លងមកហ្នឹងស្មានថារួចខ្លួនទៅហើយ នៅតែចុងក្រោយមកបានលែងឈ្មោះ សៅ ខុន ចេញពីគុកមក នៅមកទាមទារយកដីទាំងអស់វិញដដែល យកដីទាំងកូននិងដីរបបគាត់ទាំងអស់ ។ អ៊ីចឹងរឿងហ្នឹងវាអយុត្តិធម៌ដែរ» ។
គួរបញ្ជាក់ថាក្នុងលិខិតផ្ញើជូនប្រធានតុលាការខេត្តពោធិ៍សាត់របស់ការិយាល័យសុរិយោដីស្រុកបាកាន លេខ០៤/២០០៦ ចុះថ្ងៃទី៣ មេសា ឆ្នាំ២០០៦ លោក ស៊ីមលន់ កាណុល ប្រធានការិយាល័យសុរិយោដីស្រុក ក៏បានបញ្ជាក់ផងដែរថាដីរបស់ឈ្មោះ សៅ ខុន មានទំហំតែ១៤៨៦ម៉ែត្រការ៉េបុណ្ណោះ ។
មន្រ្តីផ្នែកអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ លោក គួយ កក្កដា មានប្រសាសន៍ថាការអាងអំណាចនិងប្រើកម្លាំងប្រដាប់អាវុធ ធ្វើរបងព័ទ្ធយកដីរបស់ប្រជាពលរដ្ឋដោយមិនបានប្រាប់អាជ្ញាធរមូលដ្ឋានគឺជារំលោភច្បាប់និងរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដ ៕
