នៅក្នុងគម្រោងជួយដល់សុខភាពមាតា និងទារក ដែលកំពុងគិតគូរយ៉ាងចាំបាច់បំផុតនោះ ការផលិតទឹកស្អាតសម្រាប់ការប្រើប្រាស់នៅតាមមណ្ឌលសុខភាពនៃសហគមន៍នានា ក៏ជាផ្នែកពាក់ព័ន្ធផងដែរ។
អង្គការសុខភាពក្រៅរដ្ឋាភិបាលមួយឈ្មោះ រ៉ាឆា បានចំណាយមូលនិធិមនុស្សធម៌យ៉ាងហោចណាស់ពី ៥ទៅ ៦លានដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំៗទៅលើគម្រោងជួសជុលមណ្ឌលសុខភាពសហគមន៍ជនបទនានា នៅតាមបណ្ដាខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមទាំងបំពាក់ឧបករណ៍ផលិតទឹកស្អាតឱ្យបានប្រើប្រាស់ផងដែរ។
គម្រោងជួសជុលមណ្ឌលសុខភាពនៅតាមជនបទ និងផលិតទឹកស្អាតឱ្យសហគមន៍បានប្រើប្រាស់ ដែលជាជំនួយពីសហរដ្ឋអាមេរិក នោះ គឺដើម្បីលើកកម្ពស់ទៅដល់សកម្មភាពនៃកម្មវិធីគាំពារសុខភាពមាតា និងទារក។
អ្នកស្រី ចាន់ ធារី ជានាយិកាប្រតិបត្តិរបស់អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ រ៉ាឆា អ្នកស្រីបានមានប្រសាសន៍ថា អង្គការរបស់អ្នកស្រីបានចាប់ផ្ដើមអនុវត្តគម្រោងនេះចាប់តាំងពីអំឡុងឆ្នាំ២០០៧-២០០៨ មកម្ល៉េះ។
អ្នកស្រី ចាន់ ធារី បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១០ កន្លងទៅ បើទោះបីជាគេដឹងថាអត្រាស្លាប់របស់មាតា និងទារក បានថយចុះក៏ដោយ ក៏ប៉ុន្តែការកង្វះអាហារូបត្ថម្ភទៅលើកុមារ នៅតែជាកង្វល់កំពុងមានការចាប់អារម្មណ៍ខ្លាំងនៅឡើយ។ ដោយសារតែកង្វល់ទាំងនោះ បានជំរុញឱ្យមន្ត្រីសុខភាពរបស់រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល កំពុងប្រឹងប្រែងទៅលើសកម្មភាពផ្នែកគាំពារមាតា និងទារក ហើយអង្គការរ៉ាឆា បានជួយទៅលើគម្រោងជួសជុល និងសាងសង់មណ្ឌលសុខភាពខ្លះឱ្យមានកន្លែងសមរម្យ សម្រាប់អ្នកមកទទួលសេវាសុខភាព ជាពិសេសគឺស្ត្រីដែលមករង់ចាំមុន និងពេលសម្រាលកូន។ ការគិតគូរដល់សុខភាពសាធារណៈទាំងនោះ ទឹកស្អាតក៏មានពាក់ព័ន្ធផងដែរ។
អ្នកស្រី ចាន់ ធារី៖ «វាចូលរួមក្នុងការការពារនូវជំងឺរាតត្បាតផ្សេងៗ ជាពិសេសគឺជំងឺរាគ។ ប្រជាជនបានពិសារទឹកស្អាត នៅពេលដែលគាត់មកសម្រាក។ ដូច្នេះយើងគិតពីរឿងសុខភាពសាធារណៈ ជាពិសេសផ្នែកគាំពារសុខភាពមាតា និងទារក ត្រូវការចាំបាច់បំផុត»។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការរ៉ាឆា កាលពីពេលថ្មីៗបានឱ្យដឹងថា អង្គការនេះកំពុងអនុវត្តសកម្មភាពនៅក្នុងខេត្តចំនួន៥ គឺខេត្តសៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ ព្រៃវែង និងខេត្តកោះកុង។ ការអនុវត្តគម្រោងជួសជុលបន្ទប់រង់ចាំសម្រាប់ស្ត្រីមានផ្ទៃពោះនៅតាមមណ្ឌលសុខភាពក្នុងខេត្តទាំង៥ នោះ ជាច្រើនឆ្នាំកន្លងមក គឺបានចំនួនប្រហែលជាង ១០០មណ្ឌលសុខភាពហើយ។ គ្រប់មណ្ឌលសុខភាពដែលអង្គការនេះបានជួសជុល គឺគេចាប់ផ្ដើមបំពាក់ឱ្យមានឧបករណ៍ផលិតទឹកស្អាត ដើម្បីឱ្យសហគមន៍ជនបទបានប្រើប្រាស់។
ចំណែកនៅក្នុងខេត្តសៀមរាប ជាច្រើនឆ្នាំមកនេះ គឺអង្គការរ៉ាឆា បានជួយជួសជុលបន្ទប់សម្រាប់ស្ត្រីរង់ចាំមុន និងក្រោយសម្រាលកូន ចំនួន ៣៨កន្លែង។ បន្ថែមលើនេះ រ៉ាឆា បានជួយសាងសង់ស្ថានីយផលិតទឹកស្អាតឱ្យសហគមន៍ប្រើប្រាស់ចំនួន ៤កន្លែងធំៗទៀតផង។
លោក ក្រូស សារ៉ាត់ ជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការមានទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់នៅតាមមណ្ឌលសុខភាព គឺជាការប្រសើរបំផុត ដែលធ្វើឱ្យការផ្តល់សេវា និងថែទាំសុខភាពសាធារណៈមានប្រសិទ្ធភាពខ្ពស់។ លោក ក្រូស សារ៉ាត់ បានឱ្យដឹងថា នៅទូទាំងខេត្តសៀមរាប មានមណ្ឌលសុខភាពទាំងអស់ចំនួន ៧៨កន្លែង ហើយប្រហែល ៧០% នៃមណ្ឌលសុខភាពទាំងនោះ គឺមន្ទីរសុខាភិបាលបានបំពាក់ឧបករណ៍ចម្រោះទឹកស្អាតនៅតាមអណ្ដូង ដើម្បីឱ្យមានទឹកស្អាតប្រើប្រាស់។
លោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានថ្លែងកាលពីពេលថ្មីៗថា សុខភាពរបស់ប្រជាពលរដ្ឋ គឺជាប្រការសំខាន់យ៉ាងខ្លាំង។ ប្រសិនបើប្រជាពលរដ្ឋមិនមានសុខភាពល្អទេ គឺមិនអាចប្រកបការងារចិញ្ចឹមជីវភាពបានពេញលេញដែរ។ ចំណែកកុមារទៀតសោត បើកាលណាមានជំងឺ ក៏មិនអាចទៅរៀនបានពេញលេញ និងមានបញ្ញាស្មារតីល្អដែរ។
លោក ម៉ម ប៊ុនហេង៖ «សូមឱ្យបងប្អូនធ្វើអនាម័យ ទទួលទានទឹកស្អាត។ បើបងប្អូនមិនបានប្រើប្រាស់ទឹកស្អាត ក៏សុំឱ្យបងប្អូនខិតខំធ្វើយ៉ាងម៉េច ដាំទឹកឱ្យឆ្អិនពិសារ ហើយសុំឱ្យបងប្អូនឧស្សាហ៍លាងដៃនឹងសាប៊ូ ឱ្យបានញឹកញាប់ មុនទទួលទានអាហារ បន្ទាប់មកក្រោយបន្ទោរបង់ ត្រូវលាងដៃនឹងសាប៊ូ បើអត់សាប៊ូ លាងនឹងផេះ។ សាប៊ូនេះអាចកាត់បន្ថយជំងឺច្រើនណាស់ ជំងឺផ្ដាសាយ ជំងឺរាគរូស»។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ពេលបច្ចុប្បន្ននេះ ដោយអនុវត្តទៅតាមយុទ្ធសាស្ត្រចតុកោណជំហានទី២ របស់រដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ គឺបានកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារកបានច្រើន និងឈានទៅដល់ការសម្រេចនៃគោលដៅសហស្សវត្ស។ ក៏ប៉ុន្តែ ទោះយ៉ាងណា ក៏ក្រសួងសុខាភិបាលខិតខំបន្តទៀត ដើម្បីឱ្យអត្រាស្លាប់របស់មាតា និងទារក បានថយចុះជាអតិបរិមា។
តួលេខក្នុងឆ្នាំ២០១០ កន្លងទៅ បង្ហាញថា នៅក្នុងប្រទេសកម្ពុជា អត្រាស្លាប់របស់មាតា និងទារក បានថយចុះមកត្រឹម ២០៦នាក់ក្នុងចំណោម ១០ម៉ឺនកំណើត។
លោក ហ៊្វ្លីន ហ៊្វូលើ (Flyn Fuller) នាយកបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID = យូ.អេស.អេ.អាយ.ឌី) ប្រចាំនៅកម្ពុជា ធ្លាប់បានមានប្រសាសន៍កាលពីដើមខែធ្នូ នៅមុនពេលដែលលោកចូលនិវត្តន៍ថា យូ.អេស.អេ.អាយ.ឌី បានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងជាមួយអភិបាល អភិបាលខេត្តរងនានា ដើម្បីធានាឱ្យបានថា យុទ្ធសាស្ត្រកម្ពុជា នៅក្នុងការថែទាំសុខភាពមាតា និងទារក ត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់។ យើងបានគាំទ្រដល់ស្ត្រីកម្ពុជា ដោយធានាឱ្យបានថា ឱ្យពួកគេទទួលបានសេវាផែនការគ្រួសារ និងសេវាសុខភាពប្រកបដោយគុណភាព។
លោក ហ៊្វ្លីន ហ៊្វូលើ៖ «ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ និងដៃគូរបស់យើង បានប្រឹងប្រែងធ្វើការជាច្រើនឆ្នាំ ដើម្បីលើកកម្ពស់ជីវិតប្រជាពលរដ្ឋកម្ពុជា។ យើងបានឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំជាច្រើន។ យើងបានវិនិយោគនៅក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់វិស័យកសិកម្ម។ យើងបានជួយផ្ដល់នូវអនាម័យ និងទឹកស្អាត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនានា»។
លោក ហ៊្វ្លីន ហ៊្វូលើ បានចាត់ទុកថា នេះគឺជាការងារជួរមុខមួយនៅក្នុងចំណោមការងារជាច្រើនទៀតនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរបស់កម្ពុជា។ មន្ត្រីដដែលបានបញ្ជាក់ថា សុខភាពគឺជាតម្រូវការចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ហើយក៏គ្មានអ្វីដែលប្រសើរជាងការរួមគ្នាដើម្បីលើកកម្ពស់សុខភាពនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។