មេ​ឃុំ​នៅ​ខេត្ត​បាត់ដំបង​រង​ការ​ចោទ​ថា​មិន​ជួយ​រក​ប្រភព​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង

ស្រូវ​ប្រាំង​របស់​កសិករ​រាប់​ពាន់​ហិកតារ​នៅ​ឃុំ​ជ្រោយស្ដៅ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង កំពុង​ប្រឈម​ទៅ​នឹង​ការ​ខូច​ខាត​ទាំង​ស្រុង ដោយ​សារ​ពុំ​មាន​ទឹក​ស្រោច​ស្រព។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ភូមិ​មាន​ការ​ព្រួយ​បារម្ភ ហើយ​អំពាវនាវ​សុំ​មន្ត្រី​មូលដ្ឋាន​ចេញ​មុខ​អន្តរាគមន៍​ក្នុង​ការ​រក​ប្រភព​ទឹក​ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​របស់​ពួក​គាត់​ឲ្យ​រស់​ឡើង​វិញ។
ដោយ សួន សុផលមុន្នី
2012.12.29
សេដ្ឋកិច្ច កសិករ​រែក​កណ្ដាប់​ស្រូវ ។
RFA Photo/Ouk Savborey

នៅ​ឃុំ​ជ្រោយស្ដៅ ស្រុក​ថ្មគោល ស្រូវ​ប្រាំង​ជា​ច្រើន​ពាន់​ហិកតារ​កំពុង​ក្រៀម​ស្អិត ដី​ប្រេះ​ក្រហែង ដោយ​សារ​ពុំ​មាន​ទឹក​ស្រោច​ស្រព ចំណែក​ឯ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មាន​មេ​ភូមិ មេ​ឃុំ ពុំ​បាន​ចេញ​មុខ​ក្នុង​ការ​ជួយ​រក​អន្តរាគមន៍​រក​ប្រភព​ទឹក​ឲ្យ​ប្រជាជន​នោះ​ឡើយ។

លោក ស្រី ពុំ អាយុ ៥០​ឆ្នាំ រស់​នៅ​ភូមិ​និគម​ក្រៅ ឃុំ​ជ្រោយស្ដៅ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង លោក​បាន​ថ្លែង​ថា ការ​ខ្វះ​ខាត​ទឹក​ធ្វើ​ស្រែ​បាន​ចាប់​ផ្ដើម​តាំង​ដើម​ខែ​ធ្នូ ឆ្នាំ​២០១២។ មាន​ប្រជាជន និង​ប្រជាជន​ខ្លះ​បាន​ឈ្លោះ​រក​កាប់​ចាក់​ដោយ​សារ​ការ​ដណ្ដើម​ទឹក​គ្នា នៅ​ពេល​មាន​ទឹក​ហូរ​មក​បន្តិច​បន្តួច ប៉ុន្តែ​មេ​ឃុំ​មិន​ដែល​ចេញ​មុខ​ដឹង​ឮ​នោះ​ទេ។

លោក​បន្ត​ថា ប្រភព​ទឹក​មាន​មក​ពី​ស្រុក​បវេល អាច​បង្ហូរ​កាត់​មក​តាម​ប្រឡាយ​បណ្ដាញ​ឃុំ​រូងជ្រៃ។ ទឹក​នោះ​បើ​សិន​គេ​បើក​ឲ្យ អាច​ធ្វើ​បាន​គ្រប់គ្រាន់ ប៉ុន្តែ​គេ​អត់​បើក​បង្ហូរ​ឲ្យ។ នៅ​ពេល​ខ្លះ ខាង​សហគមន៍​ធ្វើ​ស្រែ​ប្រាំង​នៅ​ក្នុង​មូលដ្ឋាន បាន​យក​លុយ​ទៅ​សូក​បួន​ដប់​ម៉ឺន​រៀល ទើប​គេ​បើក​ឲ្យ ប៉ុន្តែ​នៅ​ពេល​ពួក​គាត់​ដើរ​មក​ដល់​ផ្ទះ ទឹក​នោះ​ត្រូវ​គេ​បិទ​វិញ។

លោក ស្រី ពុំ៖ «សហគមន៍​វា​មាន​តែ​សហគមន៍​ចង​ក្រង​ធ្វើ​ស្រែ ដល់​ប្រឡាយ​មក​ពី​លើ​មក អត់​មាន។ បើ​មាន មក​ស្ទាក់​ទឹក​ពី​ខាង​ក្រោម​នេះ​ទៅ​វិញ។ អ្នក​ធ្វើ​ស្រែ​នៅ​ក្រោម​នេះ មាន​បាន​ធ្វើ​អី​កើត ខែ​វស្សា​លិច ខែ​ប្រាំង​អត់ ហើយ​ម្នាក់ៗ​ជំពាក់​គេ​ដោយ​សារ​ធ្វើ​ស្រែ​មិន​ចេះ​តិច​ទេ ដើម​ឆ្នាំ​ក៏​មិន​បាន កន្ទុយ​ឆ្នាំ​ក៏​មិន​បាន​ទៀត។ ប្រជាជន​អង្គុយ​ចាំ​មើល​មេ​ឃុំ​ទាក់​ទង​ទៅ​លើ អត់​មាន​ឃើញ​មាន​ធ្វើ​ព្រងើយ អត់​មាន​រក​ការ​ងារ​ឲ្យ​ប្រជាជន​ធ្វើ​អី​ផង»

ក្រុម​អ្នក​ភូមិ​ថ្លែង​ថា ពួក​គេ​ចង់​បាន​ទឹក​ស្រោច​ស្រព​ស្រែ​ប្រាំង​ដែល​កំពុង​ក្រៀម​ស្វិត​រាប់​ពាន់​ហិកតារ។ ពួក​គាត់​ទទូច​សុំ​ឲ្យ​មេ​ឃុំ​ដឹក​នាំ​ចេញ​មុខ​អន្តរាគមន៍ ព្រោះ​មេ​ឃុំ​មាន​សមត្ថកិច្ច ជា​ការងារ​របស់​អាជ្ញាធរ​ឃុំ ដែល​អាច​ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​នៅ​តាម​បណ្ដា​ស្រុក​នៅ​ថ្នាក់​លើ។ ដូច្នេះ មិន​គួរ​ទុក​ស្រូវ​ឲ្យ​ខូច​រាប់​ពាន់​ហិកតារ។

មេ​ឃុំ​ជ្រោយស្ដៅ លោក ង៉ែត នឹម បាន​ថ្លែង​ថា នៅ​ក្នុង​ឃុំ​របស់​លោក​មាន​ស្រូវ​ប្រាំង​ចំនួន ២.៥០០​ហិកតារ។ លោក​មេ​ឃុំ​បាន​បញ្ជាក់​ថា នៅ​ក្នុង​មូលដ្ឋាន​អាជ្ញាធរ​មិន​អាច​រក​ប្រភព​ទឹក​ដើម្បី​ជួយ​សង្គ្រោះ​ផល​ដំណាំ​ស្រូវ​ទាំង​នោះ។ មុន​ពេល​ការ​ចុះ​បង្កបង្កើន​ផល​ស្រូវ​ប្រាំង អាជ្ញាធរ​បាន​ណែនាំ​មិន​ឲ្យ​កសិករ​នាំ​គ្នា​ដាំ​ស្រូវ​ទេ ដោយ​សារ​ការ​ខ្វះ​ខាត​ទឹក​ស្រោច​ស្រព។ លោក​មេ​ឃុំ​ថ្លែង​បញ្ជាក់​ថា ប្រភព​ទឹក​នៅ​ក្នុង​ដង​ស្ទឹង​បវេល មាន​ចម្ងាយ​ឆ្ងាយ​មិន​អាច​ទាញ​យក​មក​ស្រោច​ស្រព​បាន​នោះ​ទេ។

លោក ង៉ែត នឹម៖ «ហើយ​ទៅ​យក​ទឹក​ពី​ស្រុក​បវេល ៤០​គីឡូ យក​មក​ម៉េច ខែ​នេះ​នោះ បើ​ប្រឡាយ​ប្រេះ​ក្រហែង​អស់​ហើយ​ហ្នឹង ទឹក​ឯណា​ទាល់​តែ​ទឹក​ភ្លៀង ទឹក​ស្ទឹង​គ្មាន​ផង យើង​នៅ​ស្រុក​ស្រែ​មាន​ទឹក​អី​ទៀត។ ទឹក​វា​ឆ្ងាយ វា​បាន​តែ​អ្នក​នៅ​ជិត អ្នក​នៅ​ឆ្ងាយ វា​មិន​អាច​ទេ ធ្វើ​ផ្សង​ព្រេង​ទឹក​ភ្លៀង គេ​ប្រាប់​ថា​កុំ​ធ្វើ​វា​ឆ្ងាយ​ពី​ប្រឡាយ កុំ​ធ្វើ​ផ្សង​ព្រេង​ទឹក​ភ្លៀង។ ឥឡូវ​ទឹក​ភ្លៀង​អត់ ហើយ​ស្រែក​រក​អាណា​រក​ឲ្យ​វា​បើ​មាន​ស្ថានីយ ដូច​បឹង​ទន្លេសាប​អី​ថា​ទឹក​នៅ​លើ​មេឃ​ខែ​ហ្នឹង មាន​ទឹក​ណា​ភ្លៀង ពួក​អា​ហ្នឹង ខ្ញុំ​ដឹង​ចារិក​វា ពួក​អា​បក្ស​ប្រឆាំង​ទាំង​អស់​ហ្នឹង»

ការ​ថ្លែង​របស់​លោក ង៉ែត នឹម ជា​មេ​ឃុំ​ជ្រោយស្ដៅ នេះ ត្រូវ​បាន​ក្រុម​អ្នក​ភូមិ​ប្រតិកម្ម​ថា​ជា​ការ​ដឹកនាំ​ដោយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ។

ប្រជា​កសិករ​ម្នាក់​ទៀត​ឈ្មោះ ហឿន សុផល អាយុ ៤៦​ឆ្នាំ ថ្លែង​ថា ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​ជ្រោយស្ដៅ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ការ​ខូច​ខាត​ស្រូវ​ប្រាំង។ ពី​ដើម​ឆ្នាំ មាន​ទឹក​លិច​ខ្លាំង លុះ​ដល់​ចុង​ឆ្នាំ ពួក​គាត់​បាន​នាំ​គ្នា​បង្កបង្កើន​ផល​ស្រូវ​ពង្រោះ ស្រូវ​ប្រាំង ដោយ​សង្ឃឹម​ថា​អាច​នឹង​ទទួល​បាន​ផល​សម្រាប់​ទំនុក​បម្រុង​ក្នុង​ជីវភាព​គ្រួសារ ប៉ុន្តែ​នៅ​ពេល​នេះ ស្រូវ​ប្រាំង​រាប់​ពាន់​ហិកតារ​កំពុង​ខ្វះ​ទឹក​ស្រោច​ស្រព។

លោក​បាន​បញ្ជាក់​ថា ប្រភព​ទឹក​មាន​នៅ​ផ្នែក​ខាង​លើ​ក្នុង​ស្រុក​បវេល។ បើ​សិន​គេ​បើក​បង្ហូរ​មក អាច​ប្រើ​ប្រាស់​ស្រោច​ស្រព​ដំណាំ​ស្រូវ​បាន ប៉ុន្តែ​ប្រភព​ទឹក​នោះ​គេ​មិន​បើក​ឲ្យ​ប្រើ​ទេ ទាល់​តែ​យក​លុយ​កាក់​ទៅ​បង់​ឲ្យ​គេ ទើប​គេ​បើក​បង្ហូរ​ឲ្យ​ប្រើ​ប្រាស់​បាន​ខ្លះ។

លោក ហឿន សុផល៖ «ប៉ុន្តែ យក​ទៅ​ឲ្យ គេ​ខាង​អ្នក​កាន់​ទ្វារ​ទឹក​ឲ្យ​គេ​អ៊ីចឹង​ទៅ គេ​បើក​ឲ្យ។ ប៉ុន្តែ​យើង​មក​ដល់​ផ្ទះ​អ៊ីចឹង​ទៅ គេ​បិទ​ដែរ។ ឥឡូវ​ចង់​ចូល​ខែ​មករា ដាច់​ខែ​ធ្នូ វា​អស់ ស្រូវ​កំពុង​ធ្វើ​ខ្លួន​រៀប​ចេញ ស្រូវ​ហ្នឹង ព្រោះ​ពី​ខែ​វិច្ឆិកា មក ប្រភេទ​ស្រូវ​ហ្នឹង​ជា​ស្រូវ​ប្រាំង​ទេ មាន​អា​ពីរ​ខែ​កន្លះ មាន​អា​បី​ខែ​អ៊ីចឹង​ទៅ។ ពី​ដើម ទឹក​វា​នៅ​ច្រើន ព្រោះ​វា​មិន​កើត ដល់​មក​ចុង​ខែ ទឹក​វា​ស្រក​ទៅ​បាន ព្រោះ​សង្ឃឹម​ថា​បាន​ទឹក​ពី​លើ​មក​ខ្លះ អ៊ីចឹង​ដល់​ពេល​នេះ​បែរ​ជា​អត់​ទៅ​វិញ ប្រជាជន​រង​គ្រោះ​មួយ​ជាន់​នេះ​ទៀត​កាន់​តែ​ទៅ​ហើយ»

លោក​បន្ត​ថា នៅ​ក្នុង​មូលដ្ឋាន មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ដែរ ប៉ុន្តែ​មាន​តែ​ប្រឡាយ​អត់​មាន​ទឹក។ បច្ចុប្បន្ន ក្រុម​អ្នក​ភូមិ​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ​ជួយ​អន្តរាគមន៍ ដើម្បី​បាន​ទឹក​យក​ទៅ​ស្រោច​ស្រព​ស្រែ​ប្រាំង៖ «ចង់​ឲ្យ​អាជ្ញាធរ​ដែន​ដី​ថ្នាក់​ភូមិ ថ្នាក់​ឃុំ ថ្នាក់​ស្រុក ទំនាក់​ទំនង​ឲ្យ​គេ​ឈឺ​ឆ្អាល​រឿង​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក អ៊ីចឹង​សំណូម​ពរ​ម៉េច​ឲ្យ​អ្នក​លើ​ហ្នឹង​ឲ្យ​ជួយ​បើក​ទឹក​មក បាន​ប្រជាជន​បាន​បូម​ដាក់​ស្រែ​អី​ខ្លះ»

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង ថ្លែង​ថា ក្នុង​នាម​អាជ្ញាធរ​ដែនដី ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ជ្រោយស្ដៅ បាន​ពឹង​ពាក់​អាស្រ័យ​ស្ទើរ​ទាំង​ស្រុង​ទៅ​លើ​ការ​បង្កបង្កើន​ផល ដូច្នេះ​ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន គួរ​រិះរក​មធ្យោបាយ​អោយ​អស់​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន មិន​គួរ​បដិសេធ ហើយ​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​អ្នក​ភូមិ​ដូច្នេះ​ឡើយ។

លោក ហេង សាយហុង៖ «ព្រោះ​ប្រជាពលរដ្ឋ គាត់​គ្មាន​ពឹង​ផ្នែក​ទៅ​លើ​អ្នក​ណា​ក្រៅ​ពី​អាជ្ញាធរ​ដែន​ដី​ហ្នឹង​ទេ ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​ដោះស្រាយ​ជា​មួយ​អាជ្ញាធរ​ដែន​ដី​នៅ​ក្បែរ ដើម្បី​ឲ្យ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ប្រភព​ទឹក​ហ្នឹង ដោះ​ដូរ​គ្នា​ចេញ ដើម្បី​ឲ្យ​គាត់​មាន​លទ្ធភាព​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​ហើយ យើង​ធ្វើ​បាន​ហើយ អោយ​ស្រូវ​ហ្នឹង​ខូច​ចោល​អ៊ីចឹង​ម៉េច​កើត ហើយ​យើង​ទៅ​និយាយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ម៉េច​កើត។ ក្នុង​នាម​អាជ្ញាធរ​ដែន​ដី យើង​ត្រូវ​តែ​ប្រឹង​ប្រែង​បម្រើ​ជូន​ប្រជាពលរដ្ឋ បើ​សិន​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​អ៊ីចឹង ប្រជាពលរដ្ឋ​គេ​មើល​ឃើញ​ហើយ​ថា អ្វី​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត ប្រជារាស្ត្រ​បោះ​ឆ្នោត​អោយ​មេ​ឃុំ បើ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ អ៊ីចឹង​គិត​យ៉ាង​ម៉េច ចង់​ធ្វើ​មេ​ឃុំ​ទៀត​អត់»

ក្រុម​អ្នក​ភូមិ​កំពុង​មាន​ការ​បារម្ភ ព្រោះ​ថា​នៅ​ពេល​ចុះ​បង្កបង្កើន​ផល​កាល​ពី​ដើម​រដូវ ពួក​គាត់​បាន​ខ្ចី​ប្រាក់​គេ​ទិញ​ពូជ​ស្រូវ ទិញ​ជី​ដាក់​ស្រែ។ ផល​ដំណាំ​ស្រូវ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​ដោយ​សារ​ការ​អត់​ទឹក​ស្រោច​ស្រព គឺ​មាន​នៅ​ភូមិ​និគម​ក្នុង និង​ភូមិ​និគម​ក្រៅ ដោយ​ឡែក​នៅ​តាម​បណ្ដា​ភូមិ​ផ្សេង​ទៀត​ក្នុង​ឃុំ​ជ្រោយស្ដៅ ក៏​មាន​ការ​ប៉ះពាល់​ដូច​គ្នា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។