គម្រោងបង្កើតបណ្ណាល័យនៅទីនោះ ក្នុងបំណងផ្ដល់ឱកាសឲ្យអ្នកជាប់ឃុំក្នុងពន្ធនាគារបានអានសៀវភៅ និងសិក្សាស្វែងយល់ពីបញ្ហាផ្សេងៗក្នុងសង្គមមនុស្ស ព្រមទាំងជួយអប់រំខ្លួនគេឲ្យបានជាពលរដ្ឋល្អផងដែរ។
ការអានសៀវភៅ គឺជាវិធីសាស្ត្រមួយជួយបណ្ដុះគំនិតរបស់អ្នកអានឲ្យមានការរីកចម្រើនបញ្ញាស្មារតី ឬក៏អាចជួយជាប្រយោជន៍ក្នុងការអភិវឌ្ឍធនធានមនុស្ស។ ម្យ៉ាងទៀត ការអានសៀវភៅក៏អាចនឹងជួយកែប្រែអត្តចរិតរបស់មនុស្សពីអាក្រក់ឲ្យទៅជាមនុស្សល្អត្រឹមត្រូវបាន។
ដោយឃើញគុណប្រយោជន៍នៃការអានសៀវភៅយ៉ាងដូច្នោះហើយ ទើបអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិមួយចំនួន ដែលជួយអភិវឌ្ឍន៍វិស័យអប់រំ និងការអាននៅកម្ពុជា ដូចជាអង្គការស៊ីប៉ា ជាដើម បានបង្កើតនូវបណ្ណាល័យជាច្រើនពាន់កន្លែងនៅតាមសាលារៀន ហើយនិងនៅក្នុងពន្ធនាគារមួយចំនួនទៀតផង។
ចំពោះការបង្កើតបណ្ណាល័យនៅក្នុងពន្ធនាគារកន្លងមកនេះ ដោយមានការជួយឧបត្ថម្ភថវិកាពីអង្គការអន្តរជាតិនានា និងពីសហគមន៍អឺរ៉ុប អង្គការស៊ីប៉ា បានបង្កើតបណ្ណាល័យនៅក្នុងពន្ធនាគារបានចំនួន ១១កន្លែង ដូចជានៅពន្ធនាគារព្រៃស ភ្នំពេញ ពន្ធនាគារខេត្តបាត់ដំបង ពន្ធនាគារខេត្តសៀមរាប ពន្ធនាគារខេត្តកំពង់ធំ ពន្ធនាគារខេត្តកោះកុង ពន្ធនាគារខេត្តកណ្ដាល ពន្ធនាគារខេត្តព្រៃវែង ជាដើម។
នៅក្នុងឆ្នាំ២០១៣ នេះ អង្គការស៊ីប៉ា ក៏មានគម្រោងនឹងបង្កើតបណ្ណាល័យនៅតាមពន្ធនាគារក្នុងខេត្តផ្សេងៗបន្ថែមទៀតដែរ។ សារសំខាន់នៃការបង្កើតបណ្ណាល័យទាំងអម្បាលម៉ាននោះ ក៏ដើម្បីជួយឲ្យអ្នកទោសនៅក្នុងពន្ធនាគារទាំងឡាយអាចមានឱកាសអានសៀវភៅ ក្រេបយកចំណេះដឹងផ្សេងៗ និងដើម្បីជាប្រយោជន៍ដល់ការអប់រំខ្លួនគេផង និងសង្គមជាតិផង។
លោក ហុក សិទ្ធិ នាយកអង្គការស៊ីប៉ា បានមានប្រសាសន៍ថា ចំពោះបណ្ណាល័យដែលបានបង្កើតរួចនៅក្នុងពន្ធនាគារទាំងប៉ុន្មាននោះ គឺឃើញថាមានអ្នកទោសជាច្រើននាក់បានចាប់អារម្មណ៍ នាំគ្នាមកអានសៀវភៅជារៀងរាល់ថ្ងៃ ដូចជានៅបណ្ណាល័យក្នុងពន្ធនាគារព្រៃស ក្រុងភ្នំពេញ ជាដើម។
លោក ហុក សិទ្ធិ៖ «ការអានសៀវភៅហ្នឹង អាចជាការមួយដូចថាធ្វើឲ្យពួកគាត់បាត់អផ្សុកផង និងធ្វើឲ្យគាត់ទទួលបាននូវចំណេះដឹងផ្សេងៗពាក់ព័ន្ធទៅនឹងសង្គមយើងគ្រប់ផ្នែកហ្នឹង។ ដូច្នេះ ពេលយើងបង្កើតទៅ គេក៏ខ្ចីសៀវភៅហ្នឹងច្រើន។ ហើយជួនកាលទៅ មួយផ្នែកណាមួយនោះ ក៏ដោយសារតែគាត់ខ្វះចំណេះដឹងរបស់គាត់ដែរ ទើបធ្វើឲ្យគាត់ជាប់ឃុំឃាំងអីចឹងទៅណា»។
រីឯសៀវភៅដែលគេយកទៅដាក់នៅបណ្ណាល័យក្នុងពន្ធនាគារសម្រាប់ឲ្យអ្នកទោសអាន គឺជាសៀវភៅមានច្រើនប្រភេទដែលនិយាយទាក់ទងទៅនឹងបញ្ហាផ្សេងៗក្នុងសង្គម ដូចជានិយាយអំពីប្រវត្តិសាស្ត្រ ពីច្បាប់ អំពីសិទ្ធិ អំពីការប្រកបមុខរបរកសិកម្មដាំដុះ អំពីរឿងប្រលោមលោកផ្នែកអក្សរសិល្ប៍ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី សាសនា។ល។ ម្យ៉ាងទៀត សៀវភៅទាំងអស់នោះមានសរសេរជាភាសាខ្មែរ និងជាភាសាបរទេសផ្សេងៗ ដូចជាភាសាអង់គ្លេស ជាដើម។
ការបង្កើតឲ្យមានសៀវភៅច្រើនប្រភេទជាភាសាជាតិ និងភាសាបរទេស ដែលតម្កល់នៅបណ្ណាល័យក្នុងពន្ធនាគារ គឺដើម្បីបំពេញតម្រូវការអានរបស់អ្នកទោស ពីព្រោះថា អ្នកជាប់ឃុំនៅក្នុងពន្ធនាគារនិមួយៗនោះ គឺមកពីមជ្ឈដ្ឋានខុសៗគ្នា ហើយអ្នកខ្លះមានចំណេះដឹងទាប ហើយអ្នកខ្លះទៀតមានចំណេះដឹងខ្ពស់។ ម្យ៉ាងទៀត នៅក្នុងពន្ធនាគារនោះ ក៏មានអ្នកទោសជាជនបរទេសផងដែរ។
លោក ហុក សិទ្ធិ នាយកអង្គការស៊ីប៉ា បានមានប្រសាសន៍ថា សៀវភៅដែលយកទៅតម្កល់ទុកនៅបណ្ណាល័យក្នុងពន្ធនាគារ គឺបានមកពីអង្គការស៊ីប៉ា ខ្លះ ដែលបានបោះពុម្ពដោយខ្លួនឯង ហើយនិងទិញមកអំពីទីផ្សារខ្លះ និងមួយចំនួនទៀត គឺជាអំណោយទានរបស់សប្បុរសជន។
នាយកអង្គការស៊ីប៉ា បានបញ្ជាក់ទៀតថា សព្វថ្ងៃនេះដោយមានការចាប់អារម្មណ៍អានច្រើនរបស់អ្នកទោសនោះ នៅតាមពន្ធនាគារខ្លះមានការខ្វះខាតសៀវភៅសម្រាប់ដាក់ក្នុងបណ្ណាល័យ៖ «ដូចជាពន្ធនាគារមួយដែលមានអ្នកជាប់ឃុំប្រហែល ១.០០០នាក់ ហើយនៅក្នុងការបើកជាដំបូងនោះ យើងអាចដាក់សៀវភៅប្រហែលជា ១.៣០០ក្បាលប៉ុណ្ណឹង ហើយគម្រោងយើងមានតែ ៣ឆ្នាំទេ បណ្ណាល័យដែលយើងបង្កើតដំបូងគេនៅឆ្នាំទី១ យើងអាចទទួលសៀវភៅបន្ថែមពីឆ្នាំក្រោយមកបានច្រើន ហើយចុះបណ្ណាល័យដែលយើងបង្កើតចុងក្រោយគេ គឺគាត់ទទួលបានតិចណាស់ ហើយដល់ពេលអ្នកជាប់ឃុំក្នុងពន្ធនាគារហ្នឹង គាត់មានពេលច្រើនសម្រាប់អាន គាត់ចូលចិត្តអានច្រើន។ ដល់អ៊ីចឹងទៅ យើងនៅខ្វះខាតសៀវភៅច្រើន។ អ៊ីចឹង យើងក៏សូមអំពាវនាវដល់ជនកម្ពុជា ទាំងអស់ ដែលចាប់អារម្មណ៍លើការងារហ្នឹង គាត់ចង់ចូលរួមជាមួយស៊ីប៉ា ដើម្បីបន្ថែមសៀវភៅហ្នឹងឲ្យបានច្រើន យើងទទួលស្វាគមន៍បាទ ពីគ្រប់ផ្នែក»។
ទាក់ទងទៅនឹងការបង្កើតឲ្យមានបណ្ណាល័យនៅក្នុងពន្ធនាគារនោះ គេឃើញមានការអបអរសាទរពីមន្ត្រីដែលធ្វើការនៅពន្ធនាគារផងដែរ ពីព្រោះគេយល់ថានោះគឺជាវិធីសាស្ត្រមួយជួយដល់អ្នកទោសនៅក្នុងពន្ធនាគារបានសិក្សារៀនសូត្រតាមរយៈនៃការអានសៀវភៅនោះ។
លោក ស្រ៊ុន លាង នាយកពន្ធនាគារព្រៃស នៅទីក្រុងភ្នំពេញ លោកបានមានប្រសាសន៍ថា នៅក្នុងពន្ធនាគារនោះមានអ្នកទោសជាង ៣.០០០នាក់ ហើយក្នុងមួយថ្ងៃៗមានអ្នកទោសមកអានសៀវភៅក្នុងបណ្ណាល័យប្រមាណ ២០០នាក់។ លោកបានបន្ថែមថា ការអានសៀវភៅនៅទីនោះដើម្បីជួយសម្រួលដល់អ្នកទោសខ្លះដែលមិនចេះអក្សរ គឺមន្ត្រីពន្ធនាគារបានបែងចែកឲ្យគេអានជាក្រុម ពោលគឺអ្នកទោសដែលចេះអក្សរ ឲ្យជួយអានសៀវភៅឲ្យអ្នកដែលមិនចេះអក្សរបានស្ដាប់។
លោក ស្រ៊ុន លាង៖ «គិតទៅ មើលទៅតាំងពីបានបង្កើតបណ្ណាល័យមក គឺមានជនជាប់ឃុំមួយចំនួនបានលើកឡើងថា ពីមុនគាត់អត់ដែលរៀន គាត់គេចផ្ទះ ដល់គាត់ជាប់ឃុំទៅគាត់មានអ្នកអានឲ្យគាត់ស្ដាប់ អីចឹងគាត់ថាមានការយល់ដឹងច្រើន យល់ពីកំហុសឆ្គងដែលគាត់បានធ្វើកន្លងមក។ អ្នកខ្លះគាត់អានទៅមានសៀវភៅខ្លះមានសារប្រយោជន៍សម្រាប់គាត់ គាត់ជក់គាត់អានទៅ ហើយអ្នកខ្លះគាត់អត់ដែលបានរៀន ដល់គាត់មកទីនេះមានអ្នកបង្រៀនទៅ គាត់ចូលចិត្តរៀន។ អីចឹង ឃើញថាវាបានផលសម្រាប់មណ្ឌលកែប្រែដែរ»។
នាយកពន្ធនាគារព្រៃស លោក ស្រ៊ុន លាង បានបញ្ជាក់ប្រាប់ដែរថា ចាប់តាំងពីមានបង្កើតបណ្ណាល័យនៅក្នុងពន្ធនាគារនេះមក ក្រៅពីបានជួយឲ្យអ្នកទោសបានអានសៀវភៅសិក្សាស្វែងយល់ពីចំណេះដឹងផ្សេងៗ ក្នុងនោះគេឃើញបានជួយកាត់បន្ថយការប្រើអំពើហិង្សានៅក្នុងពន្ធនាគារបានមួយកម្រិតដែរ។ លោកបានបន្តថា មានអ្នកទោសខ្លះក្រោយពីគេបានអានសៀវភៅច្រើនរាល់ថ្ងៃមក បានធ្វើឲ្យពួកគេផ្លាស់ប្ដូរអត្តចរិតបានមួយចំនួន គឺដឹងខុសត្រូវ ឬក៏មិនសូវខឹងឆេវឆាវដូចកាលពីពេលមុនជាដើម។
លោ ហុក សិទ្ធិ នាយកអង្គការស៊ីប៉ា បានមានប្រសាសន៍ប្រាប់ដែរថា ទោះជាយ៉ាងណាក៏ដោយ តាមរយៈនៃការបង្កើតបណ្ណាល័យ ឬការអានសៀវភៅរបស់អ្នកទោសនៅក្នុងពន្ធនាគារនោះ គេរំពឹងថាយ៉ាងហោចណាស់បានជួយផ្ដល់ចំណេះដឹងដល់អ្នកជាប់ឃុំនៅទីនោះបានមួយកម្រិតដែរ។ ប្រការនោះហើយ ទើបនៅក្នុងឆ្នាំ២០១៣ នេះ អង្គការស៊ីប៉ា ដោយមានការគាំទ្រពីអង្គការជាដៃគូមួយចំនួនផង បានគ្រោងនឹងបង្កើតបណ្ណាល័យនៅក្នុងពន្ធនាគារនៅតាមខេត្តផ្សេងៗទៀតឲ្យបាននៅទូទាំងប្រទេស។ លោកបានបន្តថា នៅប្រទេសកម្ពុជា មានពន្ធនាគារ និងមណ្ឌលកែប្រែទាំងអស់ចំនួន ២៦កន្លែង ប៉ុន្តែគេបានបង្កើតបណ្ណាល័យនៅក្នុងពន្ធនាគាររហូតមកដល់ពេលនេះ មានតែចំនួន ១១កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។