បក្ស​សមរង្ស៊ី​ប្រកាន់​ជំហរ​ធ្វើ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ដាច់​ដោយ​ឡែក

មន្រ្តី​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ថា អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ថ្មី​របស់​ខ្លួន​នឹង​ថ្វាយ​លិខិត​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ដើម្បី​បញ្ជាក់​ជា​ថ្មី​ទៀត​ចំពោះ​ព្រះ​មហាក្សត្រ​អំពី​គោលបំណង​ក្នុង​ការធ្វើ​ពិធី​ប្រជុំ​សភា​លើក​ដំបូង និង​ស្បថ​ចូល​កាន់​តំណែង​ដោយឡែក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រោង​ធ្វើ​ឡើង​នា​ថ្ងៃ​២៤ ខែ​កញ្ញា​ខាង​មុខ​នេះ។

0:00 / 0:00

ការបញ្ជាក់​ជំហរ​នេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ព្រះ​មហាក្សត្រ​ខ្មែរ​បាន​ឆ្លើយតប​ចំពោះ​គណបក្ស​ប្រឆាំង​ដោយ​យោង​តាម​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ការប្រជុំ​សភា​ដំបូង​មិន​ដែល​ធ្វើ​ដោយ​ឡែក​ឡើយ។

នៅ​ក្នុង​ព្រះរាជ​សារ​ថត​ចម្លង​មួយ​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​នេះ ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ឆ្លើយតប​ជាមួយ​នឹង​សារ​លិខិត​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ដោយ​បាន​ភ្ជាប់​ផងដែរ​នូវ​លិខិត​បំភ្លឺ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​បញ្ជាក់​ថា យោងតាម​រដ្ឋធម្មនុញ្ញ និង​ទម្លាប់​ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះអង្គ​ឲ្យ​សមាជិក​រដ្ឋសភា​ធ្វើ​សច្ចាប្រណិធាន​ទាំងអស់​គ្នា​តែម្តង​ឥត​មាន​ការបែងចែង​ឡើយ។

ប៉ុន្តែ​លោក សុន ឆ័យ អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សេចក្តី​ស្នើ​នេះ​គឺ​ជា​ការតវ៉ា​អហិង្សា​មួយ​ដែល​ជា​ទឹកចិត្ត​របស់​អ្នក​ដែល​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សមរង្ស៊ី និង​អ្នក​ដែល​ត្រូ​គេលុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​យល់​ថា​វា​ជា​ការ​មិន​អាច​ទទួល​យក​បាន ហើយ​វា​ក៏​ជា​ការទាមទារ​របស់​ពលរដ្ឋ​ជា​ច្រើន​លាន​នាក់​ដែរ ទាំង​ពលរដ្ឋ​ដែល​មិន​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សមង្ស៊ី​ជាង​១​លាន​នាក់ និង​ពលរដ្ឋ​ដែល​ត្រូវ​គេ​បំបាត់​សិទ្ធិ​បោះឆ្នោត​ជាង​១​លាន​នាក់ និង​ពលរដ្ឋ​ដទៃ​ទៀត​ដែល​ទទួល​រង​ការបំបាត់​សន្លឹក​ឆ្នោត​អី​ជាដើម»

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា​ការចង់​ប្រជុំ​សភា​លើក​ដំបូង និង​ការស្បថ​ចូល​កាន់​តំណែង​ផ្សេង​គ្នា​របស់​គណបក្ស​ប្រឆាំង​នោះ គឺ​ជា​នយោបាយ​មួយ​មិន​ល្អ​ឡើយ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «អ៊ីចឹង​មិន​មែន​ថា សភា​លោក សម រង្ស៊ី ផ្សេង សភា​នេះ​ផ្សេង​ទេ។ បើ​សភា​សមរង្ស៊ី​ចង់​ស្បថ​ផ្សេង... និយាយ​ច្បាប់​គឺ​អ៊ីចេះ ដល់​ពេល​ប្រជុំ គាត់​ទៅ​ប្រជុំ​ផ្សេង​ទៅ គាត់​រក​កន្លែង​នៅ​វត្ត​ភ្នំ​អី​ប្រជុំ​ទៅ ប្រជុំ​គ្នា​គាត់​ទៅ»

គួរ​បញ្ជាក់​ថា​តាម​លទ្ធផល​បោះឆ្នោត​នា​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​មក​នេះ គេ​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ទទួល​ជ័យជម្នះ​ដ៏​ធំធេង​រហូត​ដល់​៩០​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មាន​១២៣។ គណបក្ស​សមរង្ស៊ី បាន​២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស បាន​ទទួល​៣​អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទទួល​២​អាសនៈ និង​គណបក្ស នរោត្តម រណឫទ្ធិ បាន​ទទួល​២​អាសនៈ។

នៅ​ពេល​នេះ​គណបក្ស​ដែល​មិន​បាន​ទទួល​អាសនៈ​ច្រើន ជា​ពិសេ​គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​បន្ត​ការប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​ដោយ​បាន​ចោទ​ប្រកាន់​ថា ការបោះ​ឆ្នោត​កន្លង​ទៅ​នោះ​មិន​មាន​ភាព​សេរី​យុត្តិធម៌​ឡើយ ហើយ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ក៏​កំពុងតែ​ធ្វើ​យុទ្ធនាការ​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​មាន​ការដឹង​ឮ​ពី​សហគមន៍​អន្តរជាតិ​ពី​បញ្ហា​អាក្រក់​នេះ៕