បក្ស​ប្រឆាំង​ប្រតិកម្ម​នឹង​លទ្ធផល​សវនាការ​របស់​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្ត​កំពត

គណបក្ស​សមរង្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​លទ្ធផល​នៃ​សវនាការ​ដែល​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ។

0:00 / 0:00

លទ្ធផល​នៃ​សវនាការ​ដែល​រៀបចំ​ដោយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែ​កក្កដា ឆ្នាំ​២០០៨​នេះ ស្ដីពី​ករណី​ពាក្យ​បណ្ដឹង​របស់​អគ្គ​លេខាធិការ​រង​គណបក្ស​ សមរង្ស៊ី លោកស្រី មូរ សុខហួរ ដែល​ប្ដឹង​ចំពោះ​អគ្គលេខាធិការ​រង​សាលា​ខេត្ត​កំពត និង​ជា​ប្រធាន​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​វៀតណាម តន់ហន់ លោក សាន ស្មាន់ ពី​បទ​រំលោភ​ច្បាប់​បោះឆ្នោត​ត្រូវ​បាន​ប្រកាស​ភ្លាម​ៗ​ដោយ​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្ត​កំពត និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក តែ ជិនណារិទ្ធ ។

លោក តែ ជិនណារិទ្ធ បាន​ប្រកាស​ថា ៖ «ចំណុច​៧.៤.១ ៧.៤.២ ស្ដីអំពី​ការប្រើប្រាស់​មធ្យោបាយ​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ដើម្បី​ធ្វើ​សកម្មភាព​ឃោសនា​បោះ​ឆ្នោត​បម្រើ​គណបក្ស​នយោបាយ​ណា​មួយ​ឬ​បេក្ខជន​ណា​ម្នាក់ ។ ក្រុមប្រឹក្សា​ជំនុំជំម្រះ​សម្រេច ព្រមាន​លោក សាន ស្មាន់ អគ្គ​លេខាធិការ​រង​សាលា​ខេត្ត​កំពត​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ ខម ២២៨៥៤ នៅ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ។ លោក សាន ស្មាន់ ត្រូវ​បញ្ចប់​សកម្មភាព​នេះ​ជា​បន្ទាន់​ក្នុង​ករណី​ចចេស​រឹងរូស និង​បន្ត​សកម្មភាព​នេះ​បន្ត​ទៅ​ទៀត ត្រូវ​រង​ពិន័យ​ជា​ប្រាក់​៥​លាន​ទៅ​១០​លាន​រៀល ព្រម​ទាំង​ដក​សិទ្ធិ​បោះ​ឆ្នោត​រយៈពេល​៥​ឆ្នាំ ។ ក្នុង​ករណី​ភាគី​ទាំង​សងខាង​មិន​ពេញចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ​អាច​បំពេញ​១២០២ ប្ដឹង​បន្ត​ទៅ​គ.ជ.ប.​ក្នុង​រយៈពេល​៣​ថ្ងៃ​យ៉ាង​យូរ»

ភ្លាម​ៗ​នោះ​ដែរ​គណបក្ស​សមរង្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​លោកស្រី មូរ សុខហួរ បាន​សម្ដែង​នូវ​ការមិន​ពេញចិត្ត​ចំពោះ​សេចក្ដី​សម្រេច​នៃ​អង្គ​សវនាការ ។

លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា ៖ «គណបក្ស​សមរង្ស៊ី​មាន​គម្រោង​នឹង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​មួយ​ស្ដីអំពី​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​ខេត្ត​កំពត ដោយសារ​យើង​យល់ឃើញ​ថា​ការសម្រេច​នេះ​មាន​ភាព​លម្អៀង»

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពត​និង​ជា​តំណាង​របស់​លោក សាន ស្មាន់ ក្នុង​អង្គ​សវនាការ លោក ភូ តីកុក បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​បន្ត​ចំណាត់ការ​ចំពោះ​លោកស្រី មូរ សុខហួរ តាម​ប្រព័ន្ធ​តុលាការ ។

លោក ភូ តីកុក បាន​ឲ្យ​ដឹង​ថា ៖ «យើង​ខ្ញុំ​នឹង​ប្ដឹង​ទៅ​តុលាការ​ទៀត​ជុំវិញ​បញ្ហា​បំពាន​លើ​ទ្រព្យ​សម្បត្តិ​ឯកជន ហើយ​បញ្ហា​មួយ​ទៀត​រំលោភ​លើ​សមត្ថកិច្ច»

អ្នក​សម្រប​សម្រួល​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល ប្រចាំ​ខេត្ត​កំពត និង​ក្រុង​កែប អ្នកស្រី ទ្រី ឈួន បាន​មាន​ប្រសាសន៍​ថា​អ្នកស្រី​គាំទ្រ​នូវ​ប្រតិកម្ម​របស់​គណបក្ស​ប្រឆាំង ។

អ្នកស្រី ទ្រី ឈួន បាន​បញ្ជាក់​ថា ៖ «ប្រសិន​ជា​ដឹង​ច្បាស់​ហើយ​ថា​គណបក្ស​ប្រជាជន​បាន​ល្មើស​ទៅ​នឹង​ចំណុច​ទាំង​ពីរ​ហ្នឹង​ហើយ ហេតុអី​ក៏​គេ​មិន​អនុវត្ត​ទៅ​តាម​មាត្រា​១៣១ ព្រោះ​ក្នុង​១៣១​ហ្នឹង​វា​មាន​ផាក​ពិន័យ​ពី​៥​លាន​ទៅ​១០​លាន ហើយ​និង​ដក​សិទ្ធិ​បោះ​ឆ្នោត​រយៈពេល​៥​ឆ្នាំ ?»

អញ្ជើញ​ចូលរួម​ក្នុង​អង្គ​សវនាការ​នេះ​មាន​មន្ត្រី​សង្កេតការណ៍​មក​គណៈកម្មាធិការ​ខុមហ្វ្រែល មន្ត្រី​សង្កេតការណ៍​មក​ពី​សហភាព​អឺរ៉ុប និង​មន្ត្រី​សង្កេតការណ៍​មក​ពី​អង្គការ​កែវ​ភ្នែក​យុត្តិធម៌ ៕